គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើឲ្យរដ្ឋសភាជាតិកម្ពុជា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពីសមាសភាពស្ថាប័នជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បីធានានូវឯករាជភាព និងអព្យាក្រឹត្យ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែមិថុនា នេះថា រដ្ឋសភាជាតិគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា១៥១ថ្មី (ពីរ) ស្ដីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមាសភាព ៩រូប ដែលទទួលអាណត្តិ ៥ឆ្នាំ នាពេលកន្លងមក។
ប្រភពដដែលអះអាងថា ក្នុងករណីដែលកម្ពុជាមានគណបក្សនយោបាយតែមួយក្នុងរដ្ឋសភាដូចសព្វថ្ងៃនេះ គួរតែធ្វើវិសោធនកម្មច្បាប់ដោយកំណត់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៤រូបត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល និង ៥រូបផ្សេងទៀតត្រូវជ្រើសរើសដោយចំហ និងមានតម្លាភាព។
GDP បញ្ជាក់ថា ការធ្វើកំណែទម្រង់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បែបនេះ ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ទទួលបាននូវការទុកចិត្តពីគណបក្សនយោបាយនានា ពីប្រជាពលរដ្ឋ និងបញ្ចៀសការជាប់គាំងនយោបាយផងដែរ។
ជុំវិញការស្នើនេះ ធ្វើឡើងដើម្បីជំរុញឲ្យស្ថាប័នអាជ្ញាកណ្ដាលរបស់កម្ពុជា អាចទទួលបាននូវការទុកចិត្តពីបណ្តាគណបក្សនយោបាយដែលនឹងចូលរួមប្រកួតប្រជែងរកការគាំទ្រ និងការទុកចិត្តពីម្ចាស់ឆ្នោតផងដែរ។
រដ្ឋធម្មនុញ្ញមាត្រា១៥១ថ្មី (ពីរ) បានចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាសភាព ៩រូប ក្នុងនោះ ៤រូបត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល និង ៤រូបទៀតត្រូវជ្រើសរើសដោយគណបក្សដែលមានអាសនៈក្នុងសភាជាតិតែមិនចូលរដ្ឋាភិបាល ចំណែក ១រូបទៀត ត្រូវជ្រើសរើសដោយការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។
ក្នុងនោះរួមមាន លោក ស៊ិក ប៊ុនហុក ដែលទើបនឹងលាលែងពីតំណែងថ្មីៗនេះ លោក មាន សទី លោក ឌុច សុន និងលោក ឯម សូផាត ដែលមកពីគណបក្សប្រជាជនកម្ពុជា។
ដោយឡែកបួនរូបផ្សេងទៀតមាន លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន លោក ហ៊ីង ធីរិទ្ធិ និងអ្នកស្រី តែ ម៉ានីរ៉ុង ដែលមកពីគណបក្សសង្គ្រោះជាតិ រីឯលោក ហង្ស ពុទ្ធា ជាសមាជិកដែលគណបក្សក្នុងរដ្ឋសភាឯកភាពជ្រើសរើសចុងក្រោយ។
ជុំវិញបញ្ហានេះ ត្រូវគេមើលឃើញថាគណៈកម្មាធិការនេះលែងមានឯករាជភាពហើយ ក្រោយបក្សប្រឆាំងត្រូវបានរំលាយ និងសមាជិកដែលមកពីបក្សប្រឆាំងនៃគណៈកម្មាធិការនេះ ត្រូវចាប់ដកតំណែង និងចាប់ខ្លួន ដូចជាលោក រ៉ុង ឈុន ជាដើម។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់លិខិតមួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យលុបចោលការបោះឆ្នោតសាកល្បងដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដោយលោកអះអាងថា កម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។
ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា នីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំការបោះឆ្នោតសាកល្បងត្រូវបានផ្សព្វផ្សាយអស់ជាច្រើនខែមកហើយ លើសពីនេះរាល់កិច្ចការពីមួយជំហានទៅមួយជំហាន សុទ្ធតែធ្វើឡើងតាមនីតិវិធីទាំងអស់ ដូច្នេះមិនគួរផ្អាកកណ្តាលទីតាមតែការនឹកឃើញរបស់នាយករដ្ឋមន្ត្រីនោះទេ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ មិថុនា ថា សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតអាចជ្រើសរើសដោយប្រើនីតិវិធី ៤រូបជ្រើសរើសមកពីគណបក្សដឹកនាំរដ្ឋាភិបាល និង ៤រូបផ្សេងទៀតត្រូវជ្រើសរើសមកពីបណ្តាគណបក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល និងមួយរូបចុងក្រោយ ត្រូវចាត់តាំងមកពីក្សត្រ។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា នីតិវិធីនេះក៏អាចប្រើពីថ្នាក់ជាតិដល់គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ឬCEC ផងដែរ ដែលជាប្រព័ន្ធធានានូវអព្យាក្រឹតភាព និងឯករាជភាពសម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងពេលដែលរដ្ឋាភិបាលកំពុងដឹកនាំដោយបក្សតែមួយដូចសព្វថ្ងៃនេះ៕