មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ រិះគន់ថា ការតម្រង់ជួរគ្នារបស់មន្ត្រីបក្សប្រឆាំងចុះចូលជាមួយគណបក្សកាន់អំណាច គឺជាគំរូអាក្រក់ និងជាការបំបាក់ស្មារតីតស៊ូរបស់អ្នកស្នេហាជាតិដើម្បីទឹកដី និងប្រជាជន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី ដែលទើបនឹងធ្វើមាតុភូមិនិវត្តន៍កាលពីពេលថ្មីៗនេះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ខែមិថុនា ថា អំណាចគណបក្សប្រជាជនកម្ពុជា កាន់តែរីកធំទៅៗ និងបន្តភាពយូរអង្វែងទៅមុខទៀត គឺដោយសារមានមន្ត្រីបក្សប្រឆាំងដែលលែងខ្វល់ពីប្រយោជន៍ប្រទេសជាតិ លែងគិតពីសុខទុក្ខប្រជាជន សុខចិត្តបោះបង់អ្នកគាំទ្រចោលកណ្តាលផ្លូវ ដើម្បីលាភសក្ការៈ តំណែងតួនាទីដែលបានមកពីបក្សកាន់អំណាច។
លោកអះអាងថា ស្មារតីគណបក្សសង្គ្រោះជាតិ នឹងត្រូវបន្តទៅមុខទៀត នៅពេលដែលមន្ត្រីបក្សប្រឆាំងនាំគ្នាចេញទៅបង្កើតបក្សនយោបាយថ្មី តស៊ូដើម្បីសេរីភាព ដើម្បីលទ្ធិប្រជាធិបតេយ្យតាមចរន្តថ្មី បើទោះបីពេលខ្លះរងនូវការលាបពណ៌ខ្លះក៏ដោយ ប៉ុន្តែស្មារតីនៃការតស៊ូនេះ នឹងស្លាប់បាត់ទៅនៅពេលដែលមន្ត្រីបក្សសង្គ្រោះជាតិទាំងនោះចុះចូលជាមួយបក្សកាន់អំណាចដូចពេលនេះ។
លោក សៀវ វិសុទ្ធ បញ្ជាក់ថា នយោបាយបំបែកកម្លាំងប្រឆាំងរបស់បក្សកាន់អំណាចនឹងមិនបញ្ឈប់ទេ បើអ្នកនយោបាយក្រុមប្រឆាំងនៅតែប្រកាន់អត្តចរិតចុះចូល ឬលក់ខ្លួនបែបនេះ។ ជាងនេះទៅទៀត ក្តីសង្ឃឹមរបស់ពលរដ្ឋនឹងធ្លាក់ចុះបន្តិចម្តងៗនៅពេលមេដឹកនាំដែលពួកគាត់ធ្លាប់ជឿជាក់ បានក្បត់ទំនុកចិត្តរបស់ពួកគេជាបន្តបន្ទាប់បែបនេះ។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជ្យក្រឹត្យតែងតាំងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ជារដ្ឋលេខាធិការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ការតែងតាំងនេះ ធ្វើឡើបន្ទាប់ពីមន្ត្រីបក្សប្រឆាំងរូបនេះសម្រេចវិលចូលកម្ពុជាវិញកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្រោយពីបាននិរទេសខ្លួនមករស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ។
ការនិរទេសខ្លួននេះ ធ្វើឡើងក្រោយតុលាការក្រុងភ្នំពេញបានកាត់ទោសឲ្យមន្ត្រីបក្សប្រឆាំងរូបនេះជាប់ពន្ធនាគារ ដោយសារពាក់ព័ន្ធនឹងករណីចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការសម្លាប់បណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦ កន្លងទៅ។
បញ្ហានេះ អ្នកស្រី ថាក់ ឡានី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ និង ៦ខែ និងពិន័យជាទឹកប្រាក់ ៨លានរៀល ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា មន្ត្រីបក្សប្រឆាំងទាំងនេះតែងតែក្លែងបន្លំធ្វើជាអ្នកក្លាហានក្នុងស្ថានភាពនយោបាយធូរស្រាល ប៉ុន្តែពេលសភាពការណ៍តានតឹង ពួកគេនាំគ្នារត់ចោលសកម្មជនថ្នាក់ក្រោមទាំងអស់។ លុះដល់ចុងក្រោយ ទើបនាំគ្នាឈ្មុលក្រោមអំណាចលោក ហ៊ុន សែន ដើម្បីរកឱកាសការពារទ្រព្យសម្បត្តិរបស់ពួកគេតែប៉ុណ្ណោះ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ មន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី ដែលនិរទេសខ្លួនមករស់នៅក្រៅប្រទេសកន្លងមកនោះ គឺអ្នកស្រី ថាក់ ឡានី ជាមនុស្សដំបូងគេដែលបានសម្រេចចិត្តវិលទៅកម្ពុជាវិញ និងទទួលបានការតែងតាំងជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ មន្ត្រី និងសកម្មជនបក្សប្រឆាំង បាននាំគ្នាសុំសិទ្ធិធ្វើនយោបាយឡើងវិញព្រោងព្រាតប្រមាណជាង ២០នាក់ហើយ ខណៈគណបក្សនយោបាយមួយចំនួនដែលបង្កើតដោយមន្ត្រីបក្សប្រឆាំងទាំងនោះ ក៏បានបង្កើតរួចហើយដែរ ក្នុងនោះរួមមានគណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរអភិរក្ស និងគណបក្សកែទម្រង់កម្ពុជា៕