31 C
Phnom Penh

សវនាការ​សំណុំរឿង​អ្នកស្រី អ៊ុងសាន ស៊ូជី ចាប់ផ្ដើម​ជាមួយ​នឹង​ការរារាំង​អ្នកកាសែត​មិន​ឲ្យ​ចូល​សវនាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ជំនុំជម្រះ​ក្ដី​ប្រឆាំង​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់ឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ចាប់ផ្ដើម​រយៈពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ មិថុនា លើ​សំណុំរឿង​ចំនួន ៦​បទ​ចោទ ដែល​នាំ​ឲ្យ​អ្នកស្រី​ប្រឈម​មុខ​អាច​មាន​ទោស ១៥​ឆ្នាំ។ សវនាការ​នេះ​ចាប់ផ្ដើម​ជា​លើកដំបូង​រយៈពេល​ជាង ៤​ខែ​បន្ទាប់ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១

ក្នុង​សំណុំរឿង​ដែល​តុលាការ​ក្រោម​អំណាច​របស់​ពួក​យោធា​ផ្ដើម​បើក​សវនាការ គឺ​ករណី​នាំចូល​វិទ្យុ​ទាក់ទង។

ក្នុង​សំណុំរឿង​នេះ មន្ត្រី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ជាពិសេស​អ្នកស្រី អ៊ុងសាន ស៊ូជី ខ្លួន​អ្នកស្រី​ផ្ទាល់​ត្រូវ​បាន​ចោទ​ពី​បទ​បំពាន​ច្បាប់​ពាណិជ្ជកម្ម​របស់​រដ្ឋ។

នៅ​ថ្ងៃ​ទី​១៥ មិថុនា បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​ថា សវនាការ​ជំនុំជម្រះ​ក្ដី​នេះ តុលាការ​ភូមា​លើកឡើង​សំណុំរឿង​ការ​ទទួល​ប្រាក់​សំណូក​ប្រឆាំង​លោកស្រី អ៊ុងសាន ស៊ូជី ដែល​មាន​ទឹកប្រាក់ ៦០​ម៉ឺន​ដុល្លារ និង​ការ​ចោទ​ថា​អ្នកស្រី​ទទួល​ប្រាក់​សំណូក​មួយ​ទៀត គឺ​មាស​ទម្ងន់ ១១​គីឡូក្រាម។ សំណុំរឿង​នេះ​មាន​ស្ថាន​ទម្ងន់​ទោស​ធ្ងន់ធ្ងរ​ជាងគេ។

នៅ​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ច័ន្ទ ប៉ូលិស​ម្នាក់​ត្រូវ​បាន​កោះហៅ​ឲ្យ​មក​ធ្វើ​សាក្សី​ប្រឆាំង​នឹង​អ្នកស្រី អ៊ុងសាន ស៊ូជី ករណី​ថា​បាន​រំលោភ​លើ​បម្រាម​ដាក់​ប្រទេស​នៅ​ក្នុង​អំឡុង​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ព្រោះ​អ្នកស្រី​បាន​រៀបចំ​ការបោះឆ្នោត​នៅ​ពេល​នោះ​ចំ​ស្ថានភាព​កូវីដ-១៩ ផ្ទុះ​ធ្ងន់ធ្ងរ។

ក្នុង​ថ្ងៃ​នោះ​ដែរ សវនាការ​ប្រព្រឹត្ត​ទៅ​ដោយ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​វិទ្យុ​ទាក់ទង ហើយ​សាក្សី​ម្នាក់​ជា​ប៉ូលិស​ស្រី ត្រូវ​បាន​ហៅ​ឲ្យ​ឡើង​តុលាការ​ដើម្បី​បង្ហាញ​ភស្តុតាង​ប្រឆាំង​អ្នកស្រី អ៊ុងសាន ស៊ូជី។

មេធាវី​របស់​អ្នកស្រី​ម្នាក់ គឺ​លោក Min Min Soe បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា សាក្សី​ទាំងនោះ​ពុំ​មាន​ភស្តុតាង​ជាក់ស្ដែង​លាតត្រដាង​នៅ​ចំពោះ​មុខ​រដ្ឋអាជ្ញា​នោះ​ទេ ហើយ​ថា​ភស្តុតាង​ទាំងអស់​ដែល​រក​ឃើញ​ដោយ​សមត្ថកិច្ច គឺជា​ភស្តុតាង​មិន​ច្បាស់លាស់។

ក្នុង​ពេល​ជាមួយគ្នា​នេះ AFP បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា អ្នកកាសែត​មិន​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​សង្កេតការណ៍ ឬ​ក៏​ស្រង់​ព្រឹត្តិការណ៍​នៅ​ក្នុង​ការ​ជំនុំជម្រះ​ក្ដី​នេះ​ទេ ទោះ​ជា​អ្នកកាសែត​ទាំងនោះ​ព្យាយាម​យ៉ាងណាក៏ដោយ។

មេធាវី​របស់​អ្នកស្រី​ម្នាក់​ទៀត​ឈ្មោះ Khin Maung Zaw និយាយ​ថា អ្នកស្រី ស៊ូជី មាន​ទឹកមុខ​ស្រស់ស្រាយ ហើយ​អ្នកស្រី​ពុះពារ​ឡើង​សវនាការ​ដើម្បី​តតាំង​ក្ដី​របស់​អ្នកស្រី។

ជើងឯក​ប្រជាធិបតេយ្យ​តែមួយ​គត់​នៅ​អាស៊ី អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​រាយការណ៍​មក​ថា អ្នកស្រី​ធ្លាក់​ខ្លួន​ខ្វះ​ស្បៀង​ខ្វះ​បាយ​ម្ហូប​ទទួល​ទាន​ប្រចាំថ្ងៃ​ហើយ​នៅ​ពេលនេះ។ អ្នកស្រី ស៊ូជី ត្រូវ​បាន​ពួក​យោធា​ចាប់​ខ្លួន​ជាង ៤​ខែ​មក​ហើយ​ចាប់តាំង​ពី​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ក្នុង​ស្ថានភាព​នេះ អន្តរជាតិ​កំពុង​ខិតខំ​ជា​ខ្លាំង​ដើម្បី​ជួយ​រំដោះ​អ្នកស្រី និង​ប្រជាធិបតេយ្យ​ពី​ពួក​យោធា​មក​វិញ។

អតីត​ទីប្រឹក្សា​រដ្ឋ​ភូមា និង​ជា​មេដឹកនាំ​គណបក្ស​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០ អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ប្រាប់​មេធាវី​របស់​អ្នកស្រី​ថា រយៈពេល ២​សប្ដាហ៍​មក​នេះ អ្នកស្រី​ពុំ​មាន​ថវិកា​ដើម្បី​ទិញ​របស់របរ​ផ្សេងៗ និង​ស្បៀងអាហារ​នោះ​ទេ។

អ្នកស្រី​បាន​ស្នើសុំ​ឱ្យ​មេធាវី​របស់​អ្នកស្រី គឺ​មេធាវី Min Min Soe ផ្ដល់​ឱ្យ​អ្នកស្រី​នូវ​ថវិកា និង​ស្បៀង​មួយ​ចំនួន។ មេធាវី Min Min Soe បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នកស្រី ស៊ូជី ពិតជា​បាន​ស្នើសុំ​ដូចនេះ​មែន។ តាម​មេធាវី​រូប​នេះ ការ​ជំនុំជម្រះ​ក្ដី​នេះ​នឹង​អាច​ធ្វើ​រហូត​ដល់​ចុងខែ​កក្កដា។

នៅ​ខណៈ​សវនាការ​កំពុង​ប្រព្រឹត្ត​ទៅ​នេះ ប្រជាជន​ភូមា​បាន​ចាប់ផ្ដើម​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​នៅ​ទីក្រុង​ធំ ដោយ​ពួកគេ​ទាមទារ​ឲ្យ​ពួក​យោធា​ទម្លាក់​អំណាច ហើយ​ប្រគល់​មក​ឱ្យ​អ្នកស្រី អ៊ុងសាន ស៊ូជី វិញ។

ផ្ទាំង​បដា​ជាច្រើន​បាន​លើកឡើង​ថា អ្នកស្រី អ៊ុងសាន ស៊ូជី ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​នឹង​ច្បាប់​ប្រទេស​នោះ​ទេ ហើយ​ថា​ការ​ចោទ​ប្រកាន់​មក​លើ​អ្នកស្រី ស៊ូជី គឺជា​រឿង​ប្រឌិត​របស់​ពួក​យោធា។ បាតុករ​បាន​ប្រកាស​ថា ពួកគេ​នៅតែ​ធ្វើ​បាតុកម្ម​ទោះបីជា​ត្រូវ​បាន​ពួក​យោធា​បាញ់​បង្ក្រាប​រៀងរាល់​ថ្ងៃ​ក៏ដោយ។

ជាមួយ​គ្នា​នេះ នាយករង​អង្គការ Human Right Watch ប្រចាំ​អាស៊ី លោក Phil Robertson បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ដោយ​ហៅ​សវនាការ​នោះ​ថា​ជា​រឿង​នយោបាយ ហើយ​ត្រូវតែ​ទម្លាក់​ចោល​បទ​ប្រឆាំង​ទាំងឡាយ​ប្រឆាំង​នឹង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​មន្ត្រី​របស់​អ្នកស្រី​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ។

ចាប់តាំង​ពី​ពួក​យោធា​ឡើង​កាន់​អំណាច​ដោយ​រដ្ឋប្រហារ គឺ​យ៉ាងហោចណាស់​បាតុករ​ស្លាប់ ៨៦២​នាក់ និង​ការ​ចាប់​ខ្លួន​កើន​ឡើង​ជិត ៥​ពាន់​នាក់។

ស្នងការ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ អ្នកស្រី Michelle Bachelet បាន​និយាយ​ថា ប្រទេស​ភូមា​ត្រូវតែ​បញ្ចប់​អំពើ​ហិង្សា​ទាំងឡាយ ព្រោះ​ពេលនេះ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ភ្លក់​ភ្លើង​សង្គ្រាម​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស