ការជំនុំជម្រះក្ដីប្រឆាំងអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ផ្ដើមរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ មិថុនា លើសំណុំរឿងចំនួន ៦បទចោទ ដែលនាំឲ្យអ្នកស្រីប្រឈមមុខអាចមានទោស ១៥ឆ្នាំ។ សវនាការនេះចាប់ផ្ដើមជាលើកដំបូងរយៈពេលជាង ៤ខែបន្ទាប់ពីពួកយោធាធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១
ក្នុងសំណុំរឿងដែលតុលាការក្រោមអំណាចរបស់ពួកយោធាផ្ដើមបើកសវនាការ គឺករណីនាំចូលវិទ្យុទាក់ទង។
ក្នុងសំណុំរឿងនេះ មន្ត្រីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ជាពិសេសអ្នកស្រី អ៊ុងសាន ស៊ូជី ខ្លួនអ្នកស្រីផ្ទាល់ត្រូវបានចោទពីបទបំពានច្បាប់ពាណិជ្ជកម្មរបស់រដ្ឋ។
នៅថ្ងៃទី១៥ មិថុនា បើតាមបណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា សវនាការជំនុំជម្រះក្ដីនេះ តុលាការភូមាលើកឡើងសំណុំរឿងការទទួលប្រាក់សំណូកប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី ដែលមានទឹកប្រាក់ ៦០ម៉ឺនដុល្លារ និងការចោទថាអ្នកស្រីទទួលប្រាក់សំណូកមួយទៀត គឺមាសទម្ងន់ ១១គីឡូក្រាម។ សំណុំរឿងនេះមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរជាងគេ។
នៅក្នុងសវនាការកាលពីថ្ងៃច័ន្ទ ប៉ូលិសម្នាក់ត្រូវបានកោះហៅឲ្យមកធ្វើសាក្សីប្រឆាំងនឹងអ្នកស្រី អ៊ុងសាន ស៊ូជី ករណីថាបានរំលោភលើបម្រាមដាក់ប្រទេសនៅក្នុងអំឡុងការផ្ទុះជំងឺកូវីដ-១៩ ព្រោះអ្នកស្រីបានរៀបចំការបោះឆ្នោតនៅពេលនោះចំស្ថានភាពកូវីដ-១៩ ផ្ទុះធ្ងន់ធ្ងរ។
ក្នុងថ្ងៃនោះដែរ សវនាការប្រព្រឹត្តទៅដោយសំណុំរឿងពាក់ព័ន្ធនឹងការនាំចូលវិទ្យុទាក់ទង ហើយសាក្សីម្នាក់ជាប៉ូលិសស្រី ត្រូវបានហៅឲ្យឡើងតុលាការដើម្បីបង្ហាញភស្តុតាងប្រឆាំងអ្នកស្រី អ៊ុងសាន ស៊ូជី។
មេធាវីរបស់អ្នកស្រីម្នាក់ គឺលោក Min Min Soe បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា សាក្សីទាំងនោះពុំមានភស្តុតាងជាក់ស្ដែងលាតត្រដាងនៅចំពោះមុខរដ្ឋអាជ្ញានោះទេ ហើយថាភស្តុតាងទាំងអស់ដែលរកឃើញដោយសមត្ថកិច្ច គឺជាភស្តុតាងមិនច្បាស់លាស់។
ក្នុងពេលជាមួយគ្នានេះ AFP បានធ្វើសេចក្ដីរាយការណ៍ថា អ្នកកាសែតមិនត្រូវបានតុលាការអនុញ្ញាតឱ្យចូលទៅសង្កេតការណ៍ ឬក៏ស្រង់ព្រឹត្តិការណ៍នៅក្នុងការជំនុំជម្រះក្ដីនេះទេ ទោះជាអ្នកកាសែតទាំងនោះព្យាយាមយ៉ាងណាក៏ដោយ។
មេធាវីរបស់អ្នកស្រីម្នាក់ទៀតឈ្មោះ Khin Maung Zaw និយាយថា អ្នកស្រី ស៊ូជី មានទឹកមុខស្រស់ស្រាយ ហើយអ្នកស្រីពុះពារឡើងសវនាការដើម្បីតតាំងក្ដីរបស់អ្នកស្រី។
ជើងឯកប្រជាធិបតេយ្យតែមួយគត់នៅអាស៊ី អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរាយការណ៍មកថា អ្នកស្រីធ្លាក់ខ្លួនខ្វះស្បៀងខ្វះបាយម្ហូបទទួលទានប្រចាំថ្ងៃហើយនៅពេលនេះ។ អ្នកស្រី ស៊ូជី ត្រូវបានពួកយោធាចាប់ខ្លួនជាង ៤ខែមកហើយចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងស្ថានភាពនេះ អន្តរជាតិកំពុងខិតខំជាខ្លាំងដើម្បីជួយរំដោះអ្នកស្រី និងប្រជាធិបតេយ្យពីពួកយោធាមកវិញ។
អតីតទីប្រឹក្សារដ្ឋភូមា និងជាមេដឹកនាំគណបក្សឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ អ្នកស្រី អ៊ុងសាន ស៊ូជី បានប្រាប់មេធាវីរបស់អ្នកស្រីថា រយៈពេល ២សប្ដាហ៍មកនេះ អ្នកស្រីពុំមានថវិកាដើម្បីទិញរបស់របរផ្សេងៗ និងស្បៀងអាហារនោះទេ។
អ្នកស្រីបានស្នើសុំឱ្យមេធាវីរបស់អ្នកស្រី គឺមេធាវី Min Min Soe ផ្ដល់ឱ្យអ្នកស្រីនូវថវិកា និងស្បៀងមួយចំនួន។ មេធាវី Min Min Soe បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រី ស៊ូជី ពិតជាបានស្នើសុំដូចនេះមែន។ តាមមេធាវីរូបនេះ ការជំនុំជម្រះក្ដីនេះនឹងអាចធ្វើរហូតដល់ចុងខែកក្កដា។
នៅខណៈសវនាការកំពុងប្រព្រឹត្តទៅនេះ ប្រជាជនភូមាបានចាប់ផ្ដើមធ្វើបាតុកម្មនៅតាមដងផ្លូវនានានៅទីក្រុងធំ ដោយពួកគេទាមទារឲ្យពួកយោធាទម្លាក់អំណាច ហើយប្រគល់មកឱ្យអ្នកស្រី អ៊ុងសាន ស៊ូជី វិញ។
ផ្ទាំងបដាជាច្រើនបានលើកឡើងថា អ្នកស្រី អ៊ុងសាន ស៊ូជី ពុំបានប្រព្រឹត្តអ្វីខុសនឹងច្បាប់ប្រទេសនោះទេ ហើយថាការចោទប្រកាន់មកលើអ្នកស្រី ស៊ូជី គឺជារឿងប្រឌិតរបស់ពួកយោធា។ បាតុករបានប្រកាសថា ពួកគេនៅតែធ្វើបាតុកម្មទោះបីជាត្រូវបានពួកយោធាបាញ់បង្ក្រាបរៀងរាល់ថ្ងៃក៏ដោយ។
ជាមួយគ្នានេះ នាយករងអង្គការ Human Right Watch ប្រចាំអាស៊ី លោក Phil Robertson បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកដោយហៅសវនាការនោះថាជារឿងនយោបាយ ហើយត្រូវតែទម្លាក់ចោលបទប្រឆាំងទាំងឡាយប្រឆាំងនឹងអ្នកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីរបស់អ្នកស្រីទាំងអស់ដោយគ្មានលក្ខខណ្ឌ។
ចាប់តាំងពីពួកយោធាឡើងកាន់អំណាចដោយរដ្ឋប្រហារ គឺយ៉ាងហោចណាស់បាតុករស្លាប់ ៨៦២នាក់ និងការចាប់ខ្លួនកើនឡើងជិត ៥ពាន់នាក់។
ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ អ្នកស្រី Michelle Bachelet បាននិយាយថា ប្រទេសភូមាត្រូវតែបញ្ចប់អំពើហិង្សាទាំងឡាយ ព្រោះពេលនេះប្រទេសនេះធ្លាក់ក្នុងភ្លក់ភ្លើងសង្គ្រាមហិង្សាធ្ងន់ធ្ងរទៅហើយ៕