27 C
Phnom Penh

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ធ្លាក់​ពី​តំណែង​សច្ចា​ផ្តួល​រដ្ឋាភិបាល​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ ខណៈ​ព្រមាន​អំពី​អសន្តិសុខ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​ធ្លាក់​ពី​តំណែង លោក Benjamin Netanyahu បាន​សច្ចា​ថា លោក​នឹង​ផ្តួល​រដ្ឋាភិបាល​ថ្មី​វិញ​បន្ទាប់ពី​អតីត​មេដឹកនាំ​អ៊ីស្រាអែល ដែល​កាន់​អំណាច​បាន ១២​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច​ដោយ​រដ្ឋាភិបាល​ចម្រុះ​មាន ៨​គណបក្ស​ក្នុង​ការបោះឆ្នោត​ទម្លាក់​រូប​លោក​ក្នុង​រដ្ឋសភា កាលពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មិថុនា។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​ដោយ​ធ្វើ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ថា លោក Netanyahu បាន​ធ្វើ​ការ​កត់សម្គាល់​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​មន្ត្រី​របស់​លោក ដែល​លោក​បាន​កោះ​ប្រជុំ​ជា​លើកដំបូង​ក្នុង​នាម​ជា​មេដឹកនាំ​ថ្មី​នៃ​ក្រុម​គណបក្ស​ប្រឆាំង​អង្គុយ​ជួរ​ក្រោយ​នៅ​ក្នុង​រដ្ឋសភា។

សមាជិក​សភា​បាន​ផ្តល់​ទំនុក​ចិត្ត​កាលពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មិថុនា ដល់​ក្រុម​ចម្រុះ​របស់​លោក Naftali Bennett ដែល​ទីបំផុត​បាន​ផ្តួល​រំលំ​សម័យកាល​ដឹកនាំ​ប្រទេស ១២​ឆ្នាំ​របស់​លោក Benjamin Netanyahu បាន​សម្រេច។

លទ្ធផល​នៃ​ការបោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត មាន​ការ​ប្រកៀកប្រកិត​គ្នា​បំផុត ដោយ​ខុសគ្នា​ត្រឹមតែ​មួយ​សំឡេង​ប៉ុណ្ណោះ​នៃ​សមាជិក​សភា គឺ ៦០​រូប​បាន​បោះឆ្នោត​គាំទ្រ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក Naftali Bennett និង​សមាជិក ៥៩​រូប​ទៀត​ប្រឆាំង គឺ​មានន័យ​ថា សំឡេង​នេះ​នៅ​បន្ត​គាំទ្រ​លោក Netanyahu បន្ត​ជា​នាយករដ្ឋមន្ត្រី​តែ​មិន​បាន​សម្រេច​ឡើយ។

ដោយ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​នៃ​គូប្រជែង​របស់​លោក គឺ​លោក Naftali Bennett និង​លោក Yair Lapid ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ហើយ​នោះ គឺ​លោក Netanyahu បាន​វាយប្រហារ​ថា​ជា​រដ្ឋាភិបាល​ថ្មី​បោកប្រាស់ ដែល​លោក​ព្រមាន​ថា​លោក​នឹង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នេះ​ឱ្យ​បាន​ឆាប់ៗ​នេះ។

ជាមួយ​គ្នា​នេះ លោក Netanyahu បន្ត​ព្រមាន​ទៀត​ថា ប្រទេស​អ៊ីស្រាអែល នឹង​ធ្លាក់​ក្នុង​អំពើ​អសន្តិសុខ ដែល​ថា​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​នឹង​មិន​អាច​ទប់ទល់​នឹង​កម្លាំង​បច្ចាមិត្ត​បាន​ទេ ជាពិសេស​ពួក​ជ្រុល​និយម​នៃ​ក្រុម​និយម​អ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ នឹង​ធ្វើ​ឱ្យ​អ៊ីស្រាអែល អសន្តិសុខ ហើយ​ដែនដី​អ៊ីស្រាអែល នឹង​រង​ការ​វាយ​កាន់កាប់​ដោយ​កម្លាំង​សម្អប់​ជាតិសាសន៍។

នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង លោក Naftali Bennett មេដឹកនាំ​ក្រុម​ចម្រុះ​ស្តាំ​និយម​រួបរួម​យ៉ាមីណា (Yamina) បាន​សច្ចា​ការពារ​ទឹកដី​អ៊ីស្រាអែល និង​ប្រឆាំង​អ្នក​ឈ្លានពាន​ដែល​លោក​រាប់​ទាំង​ប្រទេស​អ៊ីរ៉ង់ ទៀត​ផង។

ការ​ស្បថ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​អ៊ីស្រាអែល គឺជា​ព្រឹត្តិការណ៍​នៃ​ការ​បិទ​បញ្ចប់​សម័យកាល​ដឹកនាំ​របស់​លោក Netanyahu ដែល​មាន​រយៈពេល​យូរ​ជាង​មេដឹកនាំ​មុនៗ​ទៀត។ មុន​នឹង​ឈាន​ដល់​ការ​ផ្ដួល​លោក Netanyahu បាន​នេះ គឺ​សភា​អ៊ីស្រាអែល ប៉ុនប៉ង​ទម្លាក់​លោក Netanyahu ៤​ដង​មក​ហើយ តែ​មិន​បាន​សម្រេច។

តែ​យ៉ាងណា មេដឹកនាំ​ប្រទេស​ជាច្រើន​បាន​សាទរ​នាយករដ្ឋមន្ត្រី​ថ្មី លោក Naftali Bennett ប៉ុន្តែ​សម្រាប់​មេដឹកនាំ​អាមេរិក បាន​ថ្លែង​អបអរ​សាទរ​មុន​គេ​បង្អស់។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅកាន់​លោក Naftali Bennett ដើម្បី​សម្ដែង​ក្តី​អបអរ​សាទរ​តែ​រយៈពេល ២​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​បុរស​វ័យ ៤៩​ឆ្នាំ​រូប​នេះ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អ៊ីស្រាអែល។

លោក ចូ បៃដិន បាន​ថ្លែង​ថា ដោយ​ជំនួស​មុខ​ឲ្យ​ប្រជាជន​អាមេរិក លោក​សូម​អបអរ​សាទរ​លោក​នាយករដ្ឋមន្ត្រី Naftali Bennett និង​អបអរ​ផង​ដែរ​ចំពោះ​សមាជិក​ទាំងអស់​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​អ៊ីស្រាអែល។ លោក ចូ បៃដិន ក៏​បាន​ថ្លែង​ប្រាប់​ទៅ​លោក Naftali Bennett ថា អ៊ីស្រាអែល​គ្មាន​មិត្ត​ណា​ដែល​ប្រសើរ​ជាង​សហរដ្ឋ​អាមេរិក​ទៀត​ឡើយ។

នៅ​ខណៈ​នេះ សេចក្ដី​រាយការណ៍​មួយ​ទៀត​ពី​ប្រទេស​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Naftali Bennett ប្រឈមមុខ​នឹង​ការ​ធ្វើ​តេស្ដ​ដំបូង​មួយ​ដោយ​ក្រុម​អ្នក​ជាតិ​និយម​ជ្វីហ្វ បាន​ដើរ​ជា​ក្បួន​ដង្ហែ​ទៅកាន់​ទីក្រុង​ហ្សេរុយសាឡឹម​ខាងកើត គឺជា​ការ​បង្ក​ភាព​តានតឹង​ដែល​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា​អាច​នឹង​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ក្នុង​តំបន់​ហ្គាហ្សា រង​គ្រោះថ្នាក់។

ការ​ដើរ​ជា​ក្បួន​ដង្ហែ​របស់​ក្រុម​ជនជាតិ​ជីហ្វ​ស្ដាំនិយម​នៃ​ក្រុម March of the Flags ធ្វើឡើង​តាំងពី​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា គឺ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​គ្រប់គ្រង​របស់​អ៊ីស្រាអែល លើ​ទីក្រុង​ហ្សេរុយសាឡឹម​ខាងកើត។

តែ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​អ៊ីស្រាអែល លោក Omer Bar-Lev បាន​និយាយ​ថា សិទ្ធិ​ធ្វើ​បាតុកម្ម​គឺ​ជា​សិទ្ធិ​មួយ​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ ហើយ​ប៉ូលិស​ត្រូវតែ​ត្រៀម​ខ្លួន​ជា​ស្រេច​បើ​មាន​ស្ថាន​ណាមួយ​ផ្ទុះ​ឡើង។

តែ​ក្រុម​អ្នក​រៀបចំ​ក្បួន​ដង្ហែ​បាន​អះអាង​ថា ពួកគេ​បាន​ពិភាក្សា​ជាមួយ​ប៉ូលិស​ក្នុង​ការ​ដើរ​ក្បួន​ដង្ហែ​ដោយ​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន។

ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីន លោក Mohammad Shtayyeh បាន​ថ្កោលទោស​ដោយ​ចាត់​ទុក​ក្បួន​ដង្ហែ​នេះ​ជា​សកម្មភាព​បង្ក​រឿង ដោយ​ចង់​ទាញ​ព្រឹត្តិការណ៍​សង្គ្រាម ១១​ថ្ងៃ​ទើប​បិទ​បញ្ចប់ ឱ្យ​វិល​មកវិញ។

បែប​ណា​ក៏ដោយ សម្រាប់​ប៉ាឡេស្ទីន មិន​បាន​ស្វាគមន៍​រដ្ឋាភិបាល​ថ្មី ឬ​ក៏​ត្រេកអរ​នឹង​ការ​ធ្លាក់​ពី​អំណាច​របស់​លោក Netanyahu នោះ​ទេ។

នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីន​រូប​នេះ​បាន​ចាត់​ទុក​ការ​ចាកចេញ​របស់​លោក Benjamin Netanyahu ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ជា​ការ​បិទ​បញ្ចប់​ទំព័រ​នៃ​សម័យកាល​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

សម្រាប់​លោក Mohammad Shtayyeh ក៏​គ្មាន​សង្ឃឹម​ថា​រដ្ឋាភិបាល​ថ្មី​របស់​លោក Naftali Bennett នេះ​អាច​នាំ​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​យូរអង្វែង​ជាមួយ​ប៉ាឡេស្ទីន នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស