33.3 C
Phnom Penh

ពលរដ្ឋ​ចោទ​មន្ត្រី​គយ​និង​មន្ត្រី​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន​ថា​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ផលិតផល​សត្វ​បក្សី​ចូល​កម្ពុជា​ខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មូលដ្ឋាន និង​អាជីវករ​រកស៊ី​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​តាកែវ បាន​ចោទ​លោក កែវ ផាន ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ភ្នំដិន និង​លោក​វរសេនីយ៍ឯក ញឹម សុខលី នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន មាន​មូលដ្ឋាន​នៅ​ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ថា​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​ពងទា ពងមាន់ កូនទា កូនមាន់ និង​សត្វ​បក្សី​គ្រប់​ប្រភេទ​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ។

ប្រភព​ដដែល​អះអាង​ទៀត​ថា បទល្មើស​ទាំងនេះ​អាច​ដំណើរការ​ដោយ​រលូន ក៏​ព្រោះ​តែ​ឈ្មួញ​បាន​បង់​លុយ​ជូន​ថ្នាក់​ដឹកនាំ​ប្រចាំ​ច្រក​ព្រំដែន​ភ្នំដិន​នេះ​ក្នុង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ចន្លោះ​ពី ២៥​ម៉ឺន​រៀល​ទៅ ៣០​ម៉ឺន​រៀល។

ប្រភព​ដែល​ទំនង​ជា​ច្រណែន ឬ​មិន​ទទួល​បាន​លាភសក្ការៈ​ពី​បទល្មើស​ខាងលើ​នេះ បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ចំពោះ​ករណី​នាំចូល​សត្វ​បក្សី​គ្រប់​ប្រភេទ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ឲ្យ​បាន​ទាន់​ពេលវេលា ត្បិត​សកម្មភាព​ល្មើស​ខាងលើ​នេះ គឺ​បាន​អនុវត្ត​ផ្ទុយ​ពី​សារាចរ​ណែនាំ​របស់​​​ក្រសួង​កសិកម្ម ស្ដីពី​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី A/H5N1 ដែល​បាន​ផ្ទុះ​រាលដាល​ខ្លាំង​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម។

ក្រសួង​កសិកម្ម បញ្ជាក់​ថា រាល់​ការ​នាំចូល​កូនមាន់ កូនទា ពងមាន់ ពងទា និង​ផលិតផល​បក្សី​គ្រប់​ប្រភេទ​ពី​ប្រទេស​ជិតខាង​ចូល​មក​កម្ពុជា អាច​ដំណើរការ​ទៅ​បាន លុះត្រាតែ​ទំនិញ​ទាំងនោះ​មាន​លិខិត​បញ្ជាក់​សុខភាព​សត្វ​ចេញ​ដោយ​អាជ្ញាធរ​វៀតណាម និង​មន្ត្រី​ជំនាញ​ពេទ្យ​សត្វ​ខ្មែរ​តាំងពី​ដើមទី​រហូត​ដល់​ចុងទី ទើប​អនុញ្ញាត​ឲ្យ​នាំចូល​បាន។

ទោះ​ជា​បែប​នេះ​ក្តី ប្រភព​បាន​អះអាង​ថា ជា​រៀងរាល់​ថ្ងៃ​គេ​ឃើញ​មាន​រថយន្ត​ដឹក​កូនមាន់ កូន​ទា ពងមាន់ ពងទា និង​ផលិតផល​បក្សី​គ្រប់​ប្រភេទ​ចេញពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា​បន្ត​កន្ទុយ​គ្នា​ដោយ​មិន​ឃើញ​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ទាំងនោះ ពិនិត្យ​លើ​ឯកសារ ឬ​លិខិត​ស្នាម​អ្វី​ទេ ដោយ​ឃើញ​តែ​អ្នក​បើក​រថយន្ត​ដឹកទំនិញ​នីមួយៗ​ចុះ​ហុច​លុយ​ទៅ​ឲ្យ​មន្ត្រី​គយ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍ រួច​ក៏​បើក​រថយន្ត​ឆ្លងកាត់​ព្រំដែន​យ៉ាង​រលូន។

ប្រភព​ពី​ក្រុម​អាជីវករ​រកស៊ី​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ចោទ​លោក កែវ ផាន ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ភ្នំដិន ថា​បាន​ប្រមូល​លុយ​ពី​រថយន្ត​សាំយ៉ុង​ដែល​ដឹក​ពងទា ពងមាន់ កូនទា កូនមាន់ និង​សត្វ​បក្សី​អត់​ច្បាប់​ចេញពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា ដោយ​រថយន្ត​មួយ​គ្រឿង​ត្រូវ​បង់​លុយ ៣០​ម៉ឺន​រៀល​ជាកំហិត ហើយ​ក៏​មាន​ឈ្មួញ​ខ្លះ​ទៀត​បង់​លុយ​ជូន​លោក កែវ ផាន ជា​ប្រចាំ​ខែ​ក៏​មាន​ដែរ។

បន្ថែម​លើ​នេះ ប្រភព​ក៏​បាន​ចោទ​លោក ញឹម សុខលី នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ថា​ជា​អ្នក​កាង​ការពារ​បទល្មើស​ឲ្យ​ឈ្មួញ​នាំចូល​ផលិតផល​សត្វ​បក្សី​គ្រប់​ប្រភេទ​ខុសច្បាប់​ពី​វៀតណាម ចូល​កម្ពុជា​យ៉ាង​អនាធិបតេយ្យ ដោយ​ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​តូច​ធំ​រាប់​សិប​គ្រឿង ជា​ថ្នូរ​ទទួល​លុយ​ពុករលួយ​ក្នុង​រថយន្ត​មួយ​គ្រឿង​ចន្លោះ​ពី ២៥​ម៉ឺន​រៀល​ទៅ ៣០​ម៉ឺន​រៀល។

ប្រភព​ដដែល​ក៏​បាន​បង្ហាញ​ឈ្មោះ​ឈ្មួញ​ល្មើស​ដែល​លោក ញឹម សុខលី កាង​ការពារ​ទំនិញ​ខុសច្បាប់​ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ​ប្រចាំ​ថ្ងៃ ឬ​ប្រចាំ​ខែ​ជាបន្តបន្ទាប់​មក​នេះ​មាន​ដូចជា ឈ្មោះ ចែ សារឿន មាន​ផ្ទះ​នៅ​ខាងក្រោយ​ប៉ុស្តិ៍​ព្រំដែន​ភ្នំដិន យាយ វង់ យាយ​ខ្លី និង​លោក ពេក ជាដើម។

មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ខេត្ត​តាកែវ បាន​សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើប​អង្កេត​លើ​សកម្មភាព​ការងារ​របស់​លោក កែវ ផាន ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ភ្នំដិន និង​លោក ញឹម សុខលី នាយរង​ស្តីទី​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ ដើម្បី​រួមចំណែក​ជួយ​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ និង​បំបាត់​អំពើពុករលួយ។

ចំណែក​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដឹង​ថា លោក​នឹង​ស្រាវជ្រាវ​លើ​ករណី​នេះ​ដោយ​យកចិត្ត​ទុកដាក់ និង​ឈាន​ទៅ​មាន​វិធានការ​ផ្លូវច្បាប់។

យ៉ាង​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក ញឹម សុខលី នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន និង​លោក កែវ ផាន ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ភ្នំដិន ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស