ងារជាឧកញ៉ាដែលព្រះមហាក្សត្របានប្រទានដល់ពាណិជ្ជករ ឈ្មួញ នាយទុន ហើយក្លាយជាអ្នករកស៊ីខុសច្បាប់ ធ្វើឲ្យខូចតម្លៃ កិត្តិយស ងារដ៏បវរនេះក្នុងវប្បធម៌ប្រពៃណីខ្មែរ។
តើមានឧកញ៉ាណាខ្លះជិតស្និទ្ធនឹងគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយរួចផុតពីជម្លោះដីធ្លី?
ស្ថានទូត ស.រ.អា បានសរសេរសេចក្តីរាយការណ៍បញ្ជូនតាមសារទូរលេខទៅក្រសួងការបរទេសនៅរដ្ឋធានីវ៉ាស៊ីនតុន និយាយអំពីសេដ្ឋីស្រុកខ្មែរ ១០រូប ហើយដាក់រហស្សនាមផ្សេងៗឲ្យទៀតផង។
សេចក្តីរាយការណ៍នោះ ត្រូវអង្គការឈ្មោះ Wikileaks ទម្លាយចេញនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០០៧។ យើងបានផ្សាយជូនជ្រាបអំពីសេដ្ឋី សេដ្ឋិនី មានងារឧកញ៉ា ដែលជាគោរមងារដ៏ឧត្តមប្រសើរក្នុងភាសាខ្មែរភ្ជាប់នឹងឈ្មោះមនុស្សមានកេរ្តិ៍ល្អប្រពៃល្បីល្បាញខាងកិច្ចការជាតិនិយម និងស្មារតីស្នេហាជាតិ ប្រទានដោយព្រះមហាក្សត្រ ព្រះអង្គសព្វព្រះទ័យដោយសារតែគុណបំណាច់ចំពោះជាតិមាតុភូមិ។ យើងពិនិត្យមើលពាក្យឧកញ៉ាជាថ្មីម្តងទៀត មុននឹងជូនភាគទី១០ ជាភាគបញ្ចប់។
ក្នុងសង្គមខ្មែរសម័យបុរាណ ព្រះរាជាប្រទានងារឧកញ៉ាដល់ពលរដ្ឋក្រៅរាជវង្សពីរបីនាក់ប៉ុណ្ណោះ ហើយក្នុងរយៈកាលដាច់ឆ្ងាយពីគ្នា មិនមែនប្រទានឲ្យមនុស្សរាល់ឆ្នាំនោះឡើយ។ ឧកញ៉ាជាងារសំដៅដល់ “អ្នកចេះត្រួតត្រាមុខការក្នុងក្រសួង ឬនាទីរបស់ខ្លួន” (មកពីពាក្យខ្មែរ ឧក ឬ អុក ប្រែថា “ត្រួតត្រាលើពេញអំណាច ឥតកោតញញើត” + នឹងពាក្យបាលី ញា ប្រែថា “ដឹង; ចេះ; ស្គាល់”)។ បើនិយាយឲ្យស្រួលស្តាប់ គឺមានន័យថា អ្នកមានអំណាច ចេះដឹង ត្រួតត្រាពេញលើមុខការមុខនាទីក្រសួងរបស់ខ្លួនដោយឥតកោតញញើត។ ព្រះរាជាខ្មែរជឿទុកព្រះទ័យកក់ក្តៅនឹងឧកញ៉ា ព្រោះជាមន្ត្រីជំនិតថ្នាក់ខ្ពស់ ជាទីប្រឹក្សាមានភក្ដីភាព ការពាររាជបល្ល័ង្ក បម្រើប្រយោជន៍ជាតិ និងធ្វើឲ្យប្រជារាស្ត្រស្រឡាញ់ក្សត្រ មិនក្បត់ស្តេចផែនដី។ ឧកញ៉ាសម័យដើម ជួយព្រះមហាក្សត្រខ្មែររកវិធីកលឧបាយទប់ទល់នឹងបច្ចាមិត្តបរទេសដែលប៉ុនប៉ងលុកលុយទន្រ្ទានឈ្លានពានត្រួតត្រាកាន់កាប់លេបទឹកដី ព្រមទាំងទាមទារទឹកដីបាត់បង់ពីគ្រាមុនមកវិញ។ ទីឧកញ៉ាជាឋានន្តរស័ក្តិខ្ពស់ជាងទីព្រះ ដែលមានស័ក្តិ ៦ហ៊ូពាន់ ពោលគឺឋានៈមេត្រួតពលចំនួន ៦ពាន់នាក់។
ងារឧកញ៉ាសម័យបច្ចុប្បន្ន គេកាត់ថ្លៃពី ១០ – ១៣ ដល់ ១៥ម៉ឺនដុល្លារក្នុងទសវត្ស១៩៩០ ហើយក្នុងទសវត្ស២០០០ ជាងនេះ តម្លៃឧកញ៉ាកើនឡើងតាមអតិផរណា ឬទំនិញសព្វសារពើឡើងថ្លៃដល់ទៅ ៥០ម៉ឺនដុល្លារ តាមការប្រកាសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខែមេសា ឆ្នាំ២០១៧។ គេមិនទាន់ដឹងថា តើការដំឡើងថ្លៃងារឧកញ៉ា ជាវិធីបន្ទច់បង្អាក់អ្នកប៉ុនប៉ងស្វែងរកងារឧកញ៉ាកាន់តែច្រើនអនេកនោះ ឬយ៉ាងណាទេ។ បើការដំឡើងថ្លៃនេះជាវិធីកាត់បន្ថយចំនួនឧកញ៉ា ដែលមានប្រមាណ ១ពាន់នាក់ទៅហើយនោះ វាគ្រាន់តែជាការដោះស្រាយបណ្ដោះអាសន្នតែប៉ុណ្ណោះ។ បើងារឧកញ៉ា ជាវិធីរកលុយរកចំណូលឲ្យស្ថាប័នណាមួយនោះវិញ ងារនេះទៅថ្ងៃមុខ នឹងចុះថ្លៃវិញបើគ្មានអ្នកណាចង់បាន។
ទោះជាយ៉ាងណាក៏ដោយ ឧកញ៉ាទាំងបីថ្នាក់ពីធំមកតូច គឺលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលព្រះមហាក្សត្រទ្រង់ប្រទានដល់នាយទុន ពាណិជ្ជករ អាជីវករ ឈ្មួញរកស៊ីគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិ តាមសំណើនាយករដ្ឋមន្ត្រីបានដោយសារប្រើលុយទិញជារបៀបវិភាគទានសប្បុរសឲ្យវិស័យអ្វីមួយ មានសាលារៀន មន្ទីរពេទ្យជាដើម។ គេចាត់ទុកវិភាគទានសប្បុរសនោះជាគុណសម្បត្តិរបស់បុគ្គលក្នុងការកសាងជាតិ រួចហើយឧកញ៉ាទាំងអស់នោះប្រើឥទ្ធិពលឧកញ៉ា និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានអំណាចទៅរកស៊ីបំពានច្បាប់ ដូចជាឧកញ៉ា ទ្រី ភាព ជាដើម។ ឧកញ៉ា ទ្រី ភាព បានងារឧកញ៉ាលំដាប់ទី១៨៤ តាមរយៈព្រះរាជក្រឹត្យលេខ០៨០៤/២១៤ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤។
ឧកញ៉ាទី១០ ក្នុងសេចក្តីរាយការណ៍ពីស្ថានទូត ស.រ.អា មានរហស្សនាមថា អ្នករុករក គាស់រានបើកឃ្លាំងប្រាក់ (banking pioneer) គឺឧកញ៉ា ពុង ឃាវសែ ឬ ពុង ឃាងសែ។ តាមប្រភពផ្សាយក្នុងអ៊ីនធឺណិតខ្លះថា លោក ពុង ឃាវសែ រត់ចេញពីប្រទេសកម្ពុជានៅក្នុងទសវត្ស១៩៧០ ទៅរស់នៅក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា មានឈ្មោះថា ពុង សុវណ្ណ។
ប្រភពខ្លះទៀតថា លោកជាបងប្អូននឹងវេជ្ជបណ្ឌិត ពុង ឈីវកិក ឬ ឈីវហ្គិច ជាកូនចៅរបស់លោក ពុង ប៉េងចេង អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងក្រសួងឃោសនាការ នាសម័យសង្គមរាស្ត្រនិយម ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៥៨ ហើយភរិយារបស់លោក គឺអ្នកស្រី តុង ស៊ីវអេង ក្លាយជាគ្រូបង្រៀនរាជបុត្រាបុត្រី និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះនរោត្តម សីហនុ។ ទោះជាមានភាពស្និទ្ធស្នាលជាមួយគ្នាដ៏យូរលង់យ៉ាងណាក្តី ដើមទសវត្ស១៩៩០ សម្តេចព្រះនរោត្តម សីហនុ មានបន្ទូលរិះគន់លោក ពុង ប៉េងចេង យ៉ាងធ្ងន់ៗដោយចោទថា រដ្ឋការក្រុងហាណូយ បញ្ជូនលោកឲ្យទៅតាមដានព្រះអង្គ ថាតើព្រះអង្គសព្វព្រះទ័យអ្វីខ្លះ។ ក្នុងទសវត្ស១៩៨០ ព្រះអង្គកំពុងចូលរួមតស៊ូរំដោះជាតិពីកងទ័ពរដ្ឋការក្រុងហាណូយ ជាមួយភាគីខ្មែរក្រហម និងភាគីលោក សឺន សាន ហើយលោក ពុង ប៉េងចេង ចង់ឲ្យលោក ហ៊ុន សែន ជួបជាមួយសម្តេចព្រះនរោត្តម សីហនុ ក្នុងទិសដៅចាកចេញពីរដ្ឋាភិបាលត្រីភាគី។
តាមប្រភព Wikipedia អំពីត្រកូលចៅចិន ឬខ្មែរកាត់ចិននៅស្រុកខ្មែរ ឧកញ៉ា ពុង ឃាវសែ កើតឆ្នាំ១៩៤៦ នៅក្រុងភ្នំពេញ ឧកញ៉ា ឡាវ ម៉េងឃិន និងឧកញ៉ា យ៉ាង ជីឆៀវ កើតក្នុងត្រកូលចិន ទៀវ ជៀវ (Teochew) ដែលពូកែខាងរកស៊ីបើកហាងចាប់ហួយ បើកហាងលក់ថ្នាំ បណ្ដាក់ទុនឲ្យលុយខ្ចី ជំនួញខាងអាហរ័ណ នីហរ័ណ ឃ្លាំងស្តុកទំនិញ ដើរលក់ប្រដាប់ប្រដាកំប៉ិចកំប៉ុកតាមផ្លូវ និងនេសាទត្រី។
គួរកត់សម្គាល់ថា នៅស្រុកខ្មែរ ក្រៅពីចិន ទៀវ ជៀវ មាន៖
- ចិន កន់តាំង (Cantonese) ដែលមានទម្លាប់ពូកែរកស៊ីខាងដឹកជញ្ជូន ពាណិជ្ជកម្មខាងសំណង់ ជាងម៉ាស៊ីន និងជាងឈើ ជាងដែក មាស ប្រាក់ រ៉ែ ផលិតឥដ្ឋ។
- ចិនហៃណាន់ (Hainanese) មានឧកញ៉ា ហាន់ ឃៀង លី យ៉ុងផាត់ ភូ កុកអាន និង ស៊ី គុងទ្រីវ មានទម្លាប់ពូកែរកស៊ីខាងបើកសណ្ឋាគារ ភោជនីយដ្ឋាន ជាងកាត់ដេរខោអាវ ផលិតថ្នាំបុរាណចិនសែ។
- ចិនហុកគាន (Hokkien) ភាគច្រើនជាអ្នកជំនួញ ដឹកទំនិញនាំចូលនាំចេញ ធនាគារដាក់លុយ ក្រុមហ៊ុនធានារ៉ាប់រង រោងចក្រផលិតកម្មវាយនភណ្ឌ និងសំណង់។
- ចិនហាក់កា (Hakka) ភាគច្រើននិយមធ្វើកសិកម្មដាំម្រេច ធ្វើល័ក្តជ្រលក់ វ៉ែនតា ហាងបញ្ចាំ ថ្នាំបុរាណ។
លោក ពុង ឃាវសែ វិលទៅរកស៊ីស្រុកខ្មែរវិញនៅឆ្នាំ១៩៩១ ផ្តើមបើកមុខរបរជាមួយដៃគូមានទំនាក់ទំនងជាមួយធនាគារជាតិកម្ពុជា ដែលជាកន្លែងបញ្ចេញលុយដើមទុន។ លោកបើកធនាគារឈ្មោះថា កាណាឌីយ៉ា ជាមួយនឹងដើមទុនកន្លះលានដុល្លារ ដោយមានបុគ្គលិកចំនួនប្រមាណ ១៥នាក់។ បច្ចុប្បន្ននេះ ឧកញ៉ា ពុង ឃាវសែ មានទ្រព្យសម្បត្តិក្នុងមុខរបរគិតជាទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ មានបុគ្គលិកជាង ១ម៉ឺន ៥ពាន់នាក់ មានសាខាធនាគាររាប់សិបនៅទូទាំងប្រទេស។
ក្រៅពីរបរធនាគារ ប្រវត្តិជិតស្និទ្ធរវាងត្រកូល ពុង និងត្រកូល ហ៊ុន នៃគ្រួសារលោក ហ៊ុន សែន ផ្តល់ឱកាសឲ្យឧកញ៉ា ពុង ឃាវសែ ពង្រីកពាណិជ្ជកម្មទៅខាងសំណង់ អចលនទ្រព្យ ដីធ្លី និងអគារ សង់ស្ពាន និងបុរីកោះពេជ្រ វាតទីកាន់កាប់ផ្ទៃដីក្បែរៗក្រុងភ្នំពេញក្នុងនាមអភិវឌ្ឍ ដូចជាដីធ្វើបុរីរណបនៅជ្រោយចង្វារ ដីសង់អាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តកណ្តាល ជាមួយក្រុមហ៊ុនចិន មានសណ្ឋាគារឈ្មោះ Independence Beach Resort នៅក្រុងព្រះសីហនុ។ ក្រៅពីទទួលមេដាយថ្នាក់មហាសេរីវឌ្ឍនៈពីអតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅឆ្នាំ២០០២ លោកជាទីប្រឹក្សានាយករដ្ឋមន្ត្រី ជាសមាជិកសភាពាណិជ្ជកម្ម ជាប្រធានសមាគមខ្មែរ-ចិន ជំនួសឧកញ៉ា ដួង ឈីវ ជាប្រធានក្រុមហ៊ុន ក្រុមអភិបាលធនាគារ កាណាឌីយ៉ា ហូលឌិង ធនាគារប្រៃសនីយ៍ ជាមួយដៃគូហ៊ុនឈ្មោះ យ៉េវ ហុងពីង ឱក បូរ៉ា នេវ ប៉ូគាត គាន សុវណ្ណ តេវ ម៉េងប៉ូហ្វីលីប រស់ ភិរុណ បណ្ឌិត ពុង ខេរ៉ូឡាយន៍ (Carolyne Pung) ក្រុមហ៊ុន Oriental Ship Supplies, Oriental Commercial Inc, អតីតប្រធានសមាគមធនាគារកម្ពុជា (Association of Banks in Cambodia) ជាប្រធានសមាគម ម្ចាស់សំណង់កម្ពុជា (Cambodia Constructors Association) និងដៃគូហ៊ុនក្នុងសាជីវកម្មវិនិយោគទុនកម្ពុជាឯនាយសមុទ្រ Overseas Cambodian Investment Corporation (OCIC)។
ក្រុមហ៊ុននេះមានរឿងជាមួយប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រោះតែទទួលផែនការសង់អាកាសយានដ្ឋានអន្តរជាតិ និងបុរីអាកាសយានដ្ឋានលើផ្ទៃដីទំហំ ២៦០០ហិកតារ លាតសន្ធឹងចូលក្នុងស្រុកបាទី ខេត្តតាកែវ ពោលគឺធំជាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬពោធិ៍ចិនតុងជាង ៦ដង។ ក្នុងចំនួនទឹកប្រាក់សរុបចំនួន ១៥០០លានដុល្លារ ដើម្បីសង់អាកាសយានដ្ឋានអន្តរជាតិទំនើបមួយទៀតនេះ សាជីវកម្មវិនិយោគទុនកម្ពុជាឯនាយសមុទ្រ Overseas Cambodian Investment Corporation (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ឬ ពុង សុវណ្ណ និងដៃគូដាក់ទុនចំនួន ២៨០លានដុល្លារ។
គម្រោងសំណង់នេះ ក្រុមហ៊ុនចិនបីដេញថ្លៃបាន។ មានឈ្មួញដើរទិញដីពីប្រជាកសិករតម្លៃមួយហិកតារប្រមាណ ២៥០ដុល្លារ។ ក្រោយដឹងថាមានផែនការសង់វាលយន្តហោះថ្មី ដីឡើងថ្លៃមួយហិកតារពី ១០ម៉ឺនទៅ ២០ម៉ឺនដុល្លារ។ ប្រជាពលរដ្ឋគិតថាចាញ់បោកឈ្មួញរកស៊ីទុច្ចរិត។ ឧកញ៉ា សៀង ចាន់ហេង ប្រកាសថាដីទាំងនោះជាដីរបស់ខ្លួន។ ឥឡូវនេះ ក្រុមហ៊ុនរបស់ឧកញ៉ា គេប្រើកម្លាំងសន្តិសុខប្រដាប់អាវុធមានកងរាជអាវុធហត្ថ ជាដើម ដើរគំរាមប្រជារាស្ត្រប្រមាណ ៣០០គ្រួសារ។ វិវាទដីធ្លីមួយកន្លែងទៀតជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ពុង ឃាវសែ កើតឡើងនៅខណ្ឌជ្រោយចង្វារ ទំហំជិត ៤០០ហិកតារ ជាមួយប្រជាពលរដ្ឋចំនួនជិត ៤០០គ្រួសារ។ សាជីវកម្មវិនិយោគទុនកម្ពុជាឯនាយសមុទ្រ Overseas Cambodian Investment Corporation (OCIC) មានគម្រោងស្ថាបនាបុរី ឬទីក្រុងរណប ដោយចំណាយទុន ១៦០០លានដុល្លារ។ ក្រុមហ៊ុននេះចង់ចំណាយបង់ខាតឲ្យប្រជាពលរដ្ឋ ១ម៉ែត្រការ៉េ ១៥ដុល្លារ ប៉ុន្តែប្រជាពលរដ្ឋតវ៉ាទាមទារ ៤០០ដុល្លារក្នុង ១ម៉ែត្រការ៉េ។ ក្រុមហ៊ុនប្រើកម្លាំងសន្តិសុខប្រមាណ ៥០នាក់ការពារទីតាំងរបស់ខ្លួន ដើម្បីបន្តការឈូសឆាយសង់ក្រុងថ្មី។ រាជរដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយរឿងហ្នឹងមិនចេញតាំងពីឆ្នាំ២០១៦ មក។ ពលរដ្ឋបានតវ៉ានៅសាលាក្រុង ប៉ុន្តែមិនបានស្វែងរកស្ថានទូតបរទេសជួយធ្វើអន្តរាគមន៍ឡើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុនឈ្មោះ Overseas Cambodian Investment Corporation (OCIC) នេះ មានអ្នកគ្រប់គ្រងមួយចំនួនជាជនបរទេស មានសញ្ជាតិកាណាដា អឺរ៉ុប អូស្ត្រាលី សិង្ហបុរី និងវៀតណាម។ សមាសភាព និងមុខនាទីក្នុងក្រុមហ៊ុននេះមានដូចតទៅ៖
- ពុង សុវណ្ណ ជាប្រធានក្រុមអភិបាល និងជានាយកគ្រប់គ្រង
- លឹម សុផានី ជានាយិកា
- លឹម ណារី ជានាយិកា
- លឹម លីណា ជានាយិកា
- ពុង វ៉ី ជានាយក
លឹម សុផានី គ្រប់គ្រងក្រុមហ៊ុនជាច្រើនទៀតមានឋានៈជាប្រធាន និងជានាយិកា ដូចជា៖
- HOLDINGS CO., LTD (Cambodia, 4 Nov 2013- )
- CHINA SUI TAI ROCK FACTORY CO., LTD.
- SHOPPING CENTER SORYA CO., LTD (Cambodia, 21 Apr 2003- )
- SANDARA INDUSTRY & DEVELOPMENT COMPANY LTD
- CANADIA BANK PLC. (Cambodia, 16 Dec 2003- )
- OLYMPIA CITY HOTEL CO., LTD. (Cambodia, 27 Feb 2019- )
- OVERSEAS CAMBODIAN INVESTMENT CORPORATION LTD (Cambodia, 29 May 2013- )
- DARA AIRPORT HOTEL CO., LTD (Cambodia, 13 Aug 2012- )
- GOLDEN HOMELAND INVESTMENT HOLDINGS CO., LTD
- CANAMALL CO., LTD (Cambodia, 2 Jun 2015- )
- DIAMOND ISLAND DEVELOPMENT COMPANY LTD (Cambodia, 27)
- CANADIA INVESTMENT HOLDING PLC. (Cambodia, 31 Jan 2007- )
- DARA INSURANCE PLC. (Cambodia, 10 Jul 2018- )
សមាគមក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ (International Consortium of Investigative Journalists=ICIJ) រកឃើញសំណុំឯកសាររកស៊ីលាក់លុយនៅក្រៅស្រុក ហៅថាឯកសារប៉ាណាម៉ា ដែលមានអាសយដ្ឋាននៅស្រុកខ្មែរ តែចុះឈ្មោះបង្កើតក្រុមហ៊ុនសម្បកក្រៅនៅកោះ British Virgin Islands, Cayman Islands, Bahamas អ្នកស្រី លឹម សុផានី មានឈ្មោះដាក់ទុនក្នុងក្រុមហ៊ុនក្រៅស្រុកឈ្មោះ King Fortress Investment Limited។
សប្តាហ៍ក្រោយ យើងនឹងផ្សាយជូនជ្រាបអំពីឈ្មោះអ្នកមានលុយលាក់ទុកនៅក្រៅប្រទេសចំនួនជិត ៤០នាក់ ទាំងខ្មែរ ទាំងបរទេស ដែលបន្លំឈ្មោះ តែដាក់អាសយដ្ឋាននៅស្រុកខ្មែរ៕