ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin

ព័ត៌មានអន្តរជាតិ

ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក​និង​រុស្ស៊ី នាំឲ្យ​បិទ​បញ្ចប់​ភាព​តានតឹង​ការទូត​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ

By ឌឹ ខេមបូឌា ដេលី

June 18, 2021

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​សមភាគី​រុស្ស៊ី លោក Vladimir Putin បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ ២​រូប​នេះ​កាលពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​ឈាន​ទៅដល់​ការ​បញ្ចប់​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​មហា​អំណាច​ប្រទេស​ទាំង​ពីរ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន AP មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​យល់ព្រម​បញ្ជូន​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ទាំង​ពីរ​រៀងៗ​ខ្លួន​ទៅ​ប្រចាំការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​រដ្ឋធានី​មូស្គូ វិញ។

តាម​ប្រភព​ដដែល​នេះ មេដឹកនាំ​ទាំង​ពីរ​ក៏​ឈាន​ទៅដល់​ការ​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ជំនួស​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​រឹតត្បិត​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​អាវុធ​ប្រល័យ​លោក។

តែ​យ៉ាងណា មេដឹកនាំ​ទាំង​ពីរ​មាន​ទស្សនៈ​ខុស​គ្នា​នៅឡើយ​ចំពោះ​បញ្ហា​តានតឹង​មួយ​ចំនួន ដោយ​រួម​មាន​ទាំង​បញ្ហា​វាយប្រហារ​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ក្នុង​ជំនួប​នោះ មេដឹកនាំ​រុស្ស៊ី លោក Putin បាន​ទទូច​ជា​ថ្មី​ទៀត​ថា ប្រទេស​របស់​លោក​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​ការវាយប្រហារ​អ៊ីនធឺណិត​នោះ​ទេ គឺ​មិន​ដូច​ការ​ចោទ​របស់​ក្រុម​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ដោយឡែក​លោក Biden ព្រមាន​លោក Putin ថា ប្រសិនបើ​រុស្ស៊ី ហ៊ាន​វាយប្រហារ​ហួស​កម្រិត​នៃ​ភាព​អត់ឱន ដូចជា​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក គឺ​សហរដ្ឋ​អាមេរិក​នឹង​ឆ្លើយតប​វិញ​ដោយ​ផលវិបាក​ទៅ​លើ​រុស្ស៊ី។

មេដឹកនាំ​ទាំង​ពីរ​ដែល​បាន​ជំរុញ​ឱ្យ​មាន​ភាព​តានតឹង​កើន​ឡើង​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ចាប់តាំង​ពី​លោក Biden ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី​កាលពី​ខែ​មករា មក ក៏​បាន​ស្វះស្វែង​រក​ការ​បន្ថយ​ភាព​តានតឹង។

កាលនោះ មេដឹកនាំ​ទាំង​ពីរ​បង្ក​ជម្លោះ​ដាក់​គ្នា​នៅ​លើ​ខ្សែ​ទូរស័ព្ទ ដោយ​លោក Biden ហៅ​លោក ពូទីន ជា​មេ​ឧក្រិដ្ឋជន ហើយ​ពេល​នោះ លោក Putin ប្រតិកម្ម​ជា​ខ្លាំង​ដាក់​លោក Biden។

នៅ​ក្រោយ​ជំនួប​នោះ គឺជា​ពេលវេលា​ត្រូវ​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន។ មេដឹកនាំ​ទាំង​ពីរ​មិន​បាន​ធ្វើ​សន្និសីទ​រួម​គ្នា​ទេ។

លោក Putin ជា​អ្នក​ថ្លែង​ទៅ​កាន់​អ្នកកាសែត​មុន​លោក Biden។ លោក Putin បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល ៣​ម៉ោង មិន​មាន​អ្វី​ជា​ការ​បង្ក​នូវ​អរិភាព​នឹង​គ្នា​នោះ​ទេ គឺ​មាន​ចំណុច​វិជ្ជមាន​ជាច្រើន ហើយ​មាន​ការយោគយល់​គ្នា​ឡើងវិញ។

ចំណែក​លោក Biden ដែល​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ម្នាក់​ឯង​ដែរ​ក្នុង​រយៈពេល​មិន​យូរ​ប៉ុន្មាន​ក្រោយ​លោក Putin។ លោក Biden បាន​ថ្លែង​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ចំណាយ​ពេល​ច្រើន​ដោយ​បាន​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​តាម​អ៊ីនធឺណិត ដែល​លោក​រំពឹង​ថា​លោក Putin បាន​យល់​ច្បាស់​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិក​អំពី​បញ្ហា​នេះ។

ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​លោក Putin ពិបាក​ទទួល​យក​បាន គឺ​ករណី​មេ​បក្ស​ប្រឆាំង​រុស្ស៊ី លោក Alexei Navalny ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។ លោក Biden បាន​ស្នើ​ឱ្យ​លោក Putin ការពារ​អាយុ​ជីវិត​មេ​បក្ស​ប្រឆាំង​រូប​នេះ។

តែ​បែប​ណា លោក បៃឌិន ក៏​បាន​ជំរុញ​ឱ្យ​រុស្ស៊ី គោរព​សិទ្ធិមនុស្ស ខណៈ​លោក​ព្រមាន​ពី​ផលវិបាក​លើ​រុស្ស៊ី ប្រសិនបើ​លោក Navalny បាត់បង់​ជីវិត។ នៅ​ក្នុង​សន្និសីទ​ដាច់ដោយឡែក លោក ពូទីន បាន​លើកឡើង​ថា លោក Navalny មិន​គោរព​ច្បាប់​រុស្ស៊ី​ទៅវិញ​ទេ ហើយ​នេះ​គឺជា​អ្វី​ដែល​អ្នក​ប្រឆាំង​រូប​នោះ​គួរតែ​ទទួល។

លោក Alexei Navalny អ្នក​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​រុស្ស៊ី ដ៏​លេចធ្លោ​ជាងគេ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ​កន្លះ ចំពោះ​ការ​បំពាន​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ។

ដោយ​បង្វែរ​សំណួរ​របស់​អ្នក​សារព័ត៌មាន លោក Putin បាន​លើកឡើង​ពី​ភាព​វឹកវរ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​រួម​មាន​បាតុកម្ម​ការពារ​ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ការវាយប្រហារ​លើ​វិមាន​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា។

តែ​បែប​នេះ​ក្ដី នៅ​មុន​ការ​បិទ​បញ្ចប់​សន្និសីទ​កាសែត លោក Putin បាន​សម្ដែង​ការគោរព​ចំពោះ​លោក Biden ថា​ជា​មេ​ដឹកនាំ​នយោបាយ​ដ៏​មាន​បទពិសោធន៍។

កិច្ចប្រជុំ​កំពូល​រវាង​លោក Biden និង​លោក Putin គឺជា​ការ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​ជា​លើកដំបូង​របស់​លោក Biden ចាប់តាំង​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​មក។ ក្នុង​សប្តាហ៍​នេះ​ដែរ លោក Biden បាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន G-7 និង​ចូលរួម​កិច្ចពិភាក្សា​អំពី​អនាគត​អង្គការ​យោធា​ណាតូ ជាមួយ​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប៕