បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា លោក ប្រាជ្ញ ចន្ទ ដែលគណបក្សប្រជាជនកម្ពុជា ទើបនឹងចាត់តាំងជាប្រធានថ្មី គ.ជ.ប នៅពេលនេះ គឺជាបុគ្គលមានប្រវត្តិអាស្រូវ ដូចជាកាលនៅជាអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាដើម ហើយនៅពេលនេះគេប្រើគាត់ដើម្បីជាឈ្នាន់ប្លន់អំណាចតាមរយៈគណៈកម្មាធិការនេះតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី ត្រូវបានជ្រើសតាំងដោយគណបក្សកាន់អំណាចឲ្យចូលទៅកាន់តំណែងជំនួសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ចាស់ ដែលទើបនឹងលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយ សង្គម និងអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៨ ខែមិថុនា ថា គណបក្សប្រជាជនកម្ពុជា រៀបបម្រុងលោក ប្រាជ្ញ ចន្ទ ទុកឲ្យជំនួសលោក ស៊ិក ប៊ុនហុក ក្នុងផែនការគ្រប់គ្រង គ.ជ.ប តាមរៀបក្បួនថ្មីតាំងពីយូរមកហើយ។
លោកអះអាងថា ការចាត់តាំងលោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប នេះ ដើម្បីគ្រប់គ្រងស្ថាប័ននេះតាំងពីក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ មកម្ល៉េះ នៅពេលគណបក្សប្រជាជនកម្ពុជា ធ្លាក់សំឡេងយ៉ាងគំហុក។ បញ្ហានេះបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនយ៉ាងប្រុងប្រយ័ត្នក្នុងការបន្តចាត់ចែង គ.ជ.ប ដើម្បីប្លន់អំណាចបន្តទៀត។

លោក គឹម សុខ បញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ដើម្បីបញ្ចៀសវិបត្តិនយោបាយ និងបច្ចេកទេសក្នុងការគ្រប់គ្រងដំណើរការបោះឆ្នោត ការរៀបចំសមាសភាព គ.ជ.ប ដើម្បីធានាអព្យាក្រឹតភាពសម្រាប់គណៈកម្មាធិការនេះ គឺជារឿងសំខាន់ណាស់។
លោកអះអាងថា នីតិវិធីដែលអាចធានាបាននូវអព្យាក្រឹត្យនោះ គឺប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប ត្រូវតែតែងតាំងដោយព្រះមហាក្សត្រជាដាច់ខាត។
លើសពីនេះ អនុប្រធាន គ.ជ.ប ត្រូវជ្រើសតាំងដោយព្រឹទ្ធសភា ហើយរដ្ឋសភាមានសិទ្ធិជ្រើសតាំងសមាជិក គ.ជ.ប ១រូប និងសមាជិក ១រូបផ្សេងទៀតត្រូវជ្រើសតាំងដោយរដ្ឋាភិបាល។ ដោយឡែកគណបក្សនយោបាយនីមួយៗដែលមានសំឡេងក្នុងរដ្ឋសភា ត្រូវជ្រើសតាំងសមាជិក គ.ជ.ប ១រូបផងដែរចេញពីគណបក្សនយោបាយរបស់ខ្លួន ដើម្បីបញ្ចូលទៅជាសមាជិកគណៈកម្មាធិការនេះ។ បើលក្ខខណ្ឌទាំងនេះមិនអាចជ្រើសរើសសមាជិក គ.ជ.ប ឲ្យគ្រប់ចំនួន ៩រូបនោះទេ នោះសមាសភាពដែលនៅទំនេរ ត្រូវតែងតាំងបង្គ្រប់ដោយព្រះមហាក្សត្រ។ លោក គឹម សុខ បញ្ជាក់ថា ករណីនេះ រដ្ឋសភា និងរដ្ឋាភិបាល មិនអាចត្រូវជ្រៀតជ្រែក និងពុំមានសិទ្ធិជំទាស់ការសម្រេចព្រះទ័យរបស់ព្រះអង្គឡើយ។
លោកបញ្ជាក់ថា ករណីមានគណបក្សតិចជាង ៥ នៅក្នុងសភាជាតិ វិធីជ្រើសតាំងអាចប្រព្រឹត្តទៅដូចការលើកឡើងខាងលើ ប៉ុន្តែក្នុងករណីមានគណបក្សលើសពី៥ ដែលមានសំឡេងក្នុងរដ្ឋសភា នោះសមាសភាព គ.ជ.ប អាចធ្វើការពិចារណាបន្ថែមសមាជិករបស់ខ្លួនយោងតាមចំនួនគណបក្សនយោបាយដែលមានសំឡេងនៅក្នុងរដ្ឋសភាជាក់ស្តែង។
ប៉ុន្តែ បើ គ.ជ.ប កំណត់យកសមាជិក ៩រូបដដែល គឺត្រូវផ្តល់អាទិភាពដល់គណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាតែ ៥ប៉ុណ្ណោះ សម្រាប់ជ្រើសតាំងសមាជិកគណៈកម្មាធិការនេះ។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជា បានសម្រេចជ្រើសរើសអតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ដែលជាប្រធាន គ.ជ.ប ចាស់ ដើម្បីដាក់ជូនរដ្ឋសភាជាតិបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាសភាព ៩រូបរួមមាន ប្រធាន ១រូប អនុប្រធាន ១រូប និងសមាជិក ៧រូបផ្សេងទៀត។
អគ្គហេរញ្ញិកនៃគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃសុក្រ ថា ដើម្បីឲ្យមានការចូលរួមប្រកួតប្រជែងប្រកបដោយតម្លាភាព ស្ថាប័ន គ.ជ.ប ត្រូវតែធានាឲ្យបាននូវដំណើរការបោះឆ្នោតមួយដែលគ្មានការគំរាមកំហែងពីគណបក្សដែលមានឥទ្ធិពលនយោបាយនៅកម្ពុជា លើសកម្មជន និងអ្នកគាំទ្រគណបក្សក្រៅរដ្ឋាភិបាល។
លោកលើកឡើងថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតគួរតែបញ្ចប់នូវវប្បធម៌ដែលមហាជនតែងមើលឃើញថា ជាតួអង្គដែលបម្រើ ឬជាឧបករណ៍របស់បក្សកាន់អំណាចតទៅទៀត ព្រោះថានៅពេលដែលស្ថាប័នអាជ្ញាកណ្ដាលមួយនេះមិនបានរក្សាអព្យាក្រឹតភាពរបស់ខ្លួន នោះដំណើរការនៃការបោះឆ្នោតមិនបានស្តែងចេញនូវឆន្ទៈរបស់ម្ចាស់ឆ្នោតពិតប្រាកដនោះទេ ផ្ទុយទៅវិញគ្រាន់តែជួយបម្រើផលប្រយោជន៍ឲ្យគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
ក្រុមអ្នកសង្កេតការណ៍ អំពាវនាវឲ្យសហគមន៍អន្តរជាតិ ជំរុញទៅរដ្ឋាភិបាលកម្ពុជា និង គ.ជ.ប កែលំអស្ថាប័នអាជ្ញាកណ្ដាលមួយនេះដើម្បីធានាឲ្យមាននូវការបោះឆ្នោតក្នុងបរិយាកាសមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ ខាងមុខនេះ៕