36 C
Phnom Penh

បទវិភាគ៖ តើ​ការបោះបង់​ការ​ប្រយុទ្ធ​របស់​អតីត​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ខ្លះ គឺ​ដើម្បី​បក្ស​សង្គ្រោះ​ជាតិ ឬ​ដើម្បី​ខ្លួនឯង?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា​ជា​បក្ស​ដ៏​មាន​សក្ដានុពល​មួយ​ក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ទទួល​ការ​កម្ទេច​ចោល​ពី​សំណាក់​លោក ហ៊ុន សែន ផង និង​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ខ្លះ​ផង។

លោក ហ៊ុន សែន បាន​ចាប់​ប្រធាន និង​រំលាយ​គណបក្ស​នេះ​នៅ​មុន​ការបោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨។ ថ្នាក់​ដឹកនាំ​ខ្លះ​របស់​គណបក្ស​នេះ​បាន​សម្ងំ​យក​រួច​ខ្លួន បំបែក​ក្រុម​អ្នក​គាំទ្រ បាន​ដើរ​ចេញ​ពី​បក្ស និង​អូសទាញ​សមាជិក​សមាជិកា​ឲ្យ​បោះបង់​គណបក្ស​នេះ​ដូច​ខ្លួន​ដែរ។

តើ​ការ​បោះបង់​ការ​ប្រយុទ្ធ​របស់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ គឺ​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ដើម្បី​ខ្លួនឯង?

នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ លោក ហ៊ុន សែន ដែល​ពិភពលោក​ចាត់ទុក​ជា​មេដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​នោះ បាន​ធ្វើ​ទុក្ខបុកម្នេញ គំរាមកំហែង និង​គាបសង្កត់​គ្រប់​បែប​យ៉ាង​ទៅលើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

ប៉ុន្តែ​ប្រហែលជា​មិន​ទុកចិត្ត​ចំពោះ​ប្រសិទ្ធភាព​នៃ​វិធី​គំរាមកំហែង​របស់​ខ្លួន លោក ហ៊ុន សែន បាន​សម្រេច​ចាប់ខ្លួន​ប្រធាន និង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ចោល​នៅ​ចុង​ឆ្នាំ​២០១៧ ដោយ​គ្មាន​មូលហេតុ និង​មូលដ្ឋាន​ច្បាប់​អ្វី​នោះ​ឡើយ។ ការ​ចាប់​ប្រធាន​គណបក្ស លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​វិធានការ​ទាល់ច្រក​របស់​លោក ហ៊ុន សែន ដែល​មិន​អាច​ប្រកួត​ជាមួយ​គណបក្ស​ប្រឆាំង​មួយ​នេះ​តាមរយៈ​ការបោះឆ្នោត​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨ បាន។

គេ​ហាក់ដូចជា​មិនសូវ​មាន​ការ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ​ចំពោះ​ហេតុការណ៍​នៃ​ការ​ចាប់ខ្លួន​ប្រធាន និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ព្រោះ​គេ​សង្កេត​ឃើញ​លោក ហ៊ុន សែន បាន​បង្កើត​ព្រឹត្តិការណ៍​ជាបន្តបន្ទាប់​ដែល​គេ​អាច​វិភាគ​ដឹង​ជាមុន។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ការ​បោះបង់​ការ​ប្រយុទ្ធ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​តែម្តង។

លោក អេង ឆៃអ៊ាង ដែល​ជា​អនុប្រធាន​នៃ​គណបក្ស​នេះ ក៏​ធ្លាប់​សារភាព​អំពី​កំហុស​ឆ្គង​បែប​នោះ ដោយ​បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ ថា “នោះ​គឺជា​កំហុស​យុទ្ធសាស្ត្រ”។

គណបក្ស​សង្គ្រោះ​ជាតិ គឺជា​គណបក្ស​ប្រឆាំង​ដ៏​ធំ និង​តែមួយ​គត់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​តាមរយៈ​ការបោះឆ្នោត​ដោយ​ពលរដ្ឋ​ជិត​កន្លះ​នគរ កាលពី​ឆ្នាំ​២០១៣។ តែ​នៅពេល​ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន ចាប់ខ្លួន​នៅ​គេហដ្ឋាន​ទាំង​កណ្តាល​អាធ្រាត្រ​កាលពី​យប់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក យឹម សុវណ្ណ ដែល​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​របស់​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ប្រាប់​សាធារណជន និង​អ្នកគាំទ្រ​តាមរយៈ​វិទ្យុ​ក្នុង​ស្រុក​មួយ​នៅ​ព្រឹក​បន្ទាប់​នោះ​ថា “គណបក្ស​នឹង​មិន​ធ្វើ​អ្វី​ទាំងអស់” ដោយ​ទុក​បញ្ហា​នេះ​ឱ្យ​អន្តរជាតិ​ជា​អ្នក​ដោះស្រាយ។

ក្នុង​ខណៈ​នោះ មេដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូចជា លោក អេង ឆៃអ៊ាង លោក ញ៉ែម បុញ្ញឫទ្ធិ និង​លោក សុន ឆ័យ ជាដើម កំពុង​តែ​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស។

រីឯ​លោក ប៉ុល ហំម ដែល​បាន​ក្លាយ​ជា​ប្រធាន​ស្តីទី​នៅ​ពេល​នោះ ក៏​ពុំ​បាន​ថ្លែង​សារ​នយោបាយ និង​មាន​ចំណាត់ការ​អ្វី​ទាំងអស់ ហើយ​មាន​តែ​លោក​ម្នាក់​ឯង​គត់​បែរជា​ទៅ​ចូលរួម​ប្រជុំ​ចុងក្រោយ​បង្អស់​ក្នុង​រដ្ឋសភា​ជាមួយ​សភា​គណបក្ស​កាន់​អំណាច​ទៅវិញ។ ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​នៃ​គណបក្ស​នេះ បាន​ប្រកាស​ឲ្យ​មេដឹកនាំ​ថ្នាក់​ជាតិ និង​មូលដ្ឋាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

បើ​គេ​ពិនិត្យ​មើល​ព្រឹត្តិការណ៍​ទាំងនេះ តើ​ការ​សម្រេច​ចិត្ត​មិន​ប្រឆាំង​តបត​នឹង​ការ​ចាប់​ប្រធាន​បក្ស​របស់​ខ្លួន​នៅ​ពេល​នោះ ជា​ទង្វើ​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ដើម្បី​ខ្លួនឯង? គេ​អាច​លើក​យក​ហេតុផល​មួយ​ចំនួន​មក​ធ្វើ​ការ​វិភាគ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នោះ។

ហេតុផល​ទី​១ អាច​ជា​ការ​គិត​របស់​ពួកគេ​អំពី​សុវត្ថិភាព​របស់​អ្នក​គាំទ្រ។ ប៉ុន្តែ​ហេតុផល​នេះ​ហាក់ដូចជា​មិន​ត្រឹមត្រូវ​សោះ ព្រោះ​ពួកគេ​ពុំ​ទាន់​បាន​សួរ​យោបល់​ថ្នាក់​ដឹកនាំ​មូលដ្ឋាន ឬ​អ្នក​គាំទ្រ​ផង តែ​គេ​ប្រកាស​ថា​គណបក្ស​អត់​មាន​ធ្វើ​អ្វី​ទេ ឬ​ក៏​នៅ​ស្ងៀម​តែម្តង។

ម្យ៉ាងទៀត បើ​ពួកគេ​ចាត់ទុក​ថា​ចំណុច​នេះ​ជា​ហេតុផល​សំខាន់ អ៊ីចឹង​ពួកគេ​បាន​ផ្ញើ​សារ​ប្រាប់​លោក ហ៊ុន សែន យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ គឺ​ពួកគេ​មិន​ប្រឆាំង ឬ​តតាំង​អ្វី​នោះ​ទេ។

ប្រសិនបើ​ចំណុច​នេះ​ជា​ហេតុផល​ក្នុង​ការ​សម្រេច​ចិត្ត​មិន​ប្រឆាំង​ការ​ចាប់ខ្លួន​ប្រធាន​បក្ស​របស់​ខ្លួន នោះ​មានន័យ​ថា ពួកគេ​បាន​ជួយ​បំពេញ​បំណង​លោក ហ៊ុន សែន ទៅវិញ​ទេ ជាជាង​បំពេញ​បំណង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ហេតុផល​ទី​២ អាច​ជា​ការ​គិត​របស់​ពួកគេ​អំពី​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ។ ជាក់ស្តែង​ពួកគេ​អាច​គិត​ថា បើ​ពួកគេ​តតាំង លោក ហ៊ុន សែន អាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ អ៊ីចឹង​ការ​នៅ​ស្ងៀម​របស់​ពួកគេ​អាច​ជា​ការ​លះបង់​ប្រធាន​របស់​ខ្លួន ដើម្បី​ដូរ​យក​ការ​រក្សា​ទុក​ភាព​គង់វង្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ តែ​បើ​គេ​គិត​បែប​នេះ​មែន នោះ​វា​មិន​គ្រាន់តែ​ជា​គំនិត​អមនុស្សធម៌​ចំពោះ​ប្រធាន​ខ្លួនឯង​តែប៉ុណ្ណោះ​ទេ តែ​អាច​ជា​គំនិត​រាក់ៗ​ដែល​មិន​ធ្លាប់​ស្គាល់​ពី​ចរិត​ទុច្ចរិត​របស់​លោក ហ៊ុន សែន។

ជាង​នេះ​ទៅទៀត ក្រោយ​ពី​ចាប់​ប្រធាន​គណបក្ស​បាន​ស្រួលៗ​ហើយ លោក ហ៊ុន សែន ក៏​ចាប់ផ្តើម​ដំណើរការ​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ចោល​តែម្តង។ ដូច្នេះ​បើ​ពួកគេ​យក​ចំណុច​នេះ​ធ្វើ​ជា​មូលហេតុ​នៃ​ភាព​ស្ងាត់ស្ងៀម នោះ​វា​ក៏​មានន័យ​ថា ពួកគេ​ធ្វើ​នយោបាយ​ដោយ​ផ្ញើ​វាសនា​លើ​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន។

ហេតុផល​ទី​៣ អាច​ជា​ការ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ ប៉ុន្តែ​បើ​ចំណុច​នេះ​ពិត​ជា​ហេតុផល​មែន ដូច្នេះ​ការដែល​ពួកគេ​រិះគន់​លោក កឹម សុខា ដែល​កំពុង​ជាប់​បម្រាម​តុលាការ​ថា​មិន​ធ្វើ​អ្វី​សោះ​នោះ ហាក់ដូចជា​មិន​ត្រឹមត្រូវ​ទាល់តែសោះ។

ឧបមា​ថា ក្រុម​មេដឹកនាំ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​បច្ចុប្បន្ន​នេះ​ក៏​មាន​ការ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែរ​នា​ពេល​នោះ ដូច្នេះ​មានន័យ​ថា ការប្រកាស​របស់​ពួកគេ​អំពី​យុទ្ធនាការ​មាតុភូមិ​និវត្តន៍​ដើម្បី​ចាប់​លោក ហ៊ុន សែន នោះ​គឺជា​រឿង​ភូត​កុហក។ ប៉ុន្តែ​បើ​មេដឹកនាំ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​បារម្ភ​ដូច្នេះ​មែន​នៅ​ពេល​នោះ អ៊ីចឹង​វា​មានន័យ​ថា ការ​បន្ត​នយោបាយ​របស់​ពួកគេ​គឺជា​នយោបាយ​សុំ​តែ​ម៉ា​រស់ ឬ​នយោបាយ​ដើរ​តាម​គំនូស​ផ្លូវ​ដែល​លោក ហ៊ុន សែន អនុញ្ញាត ឬ​គូសវាស​ឱ្យ​ដើរ។

ដូច​គ្នា​នឹង​ព្រឹត្តិការណ៍​ចាប់​ប្រធាន​បក្ស​ដែរ ក្រុម​មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​ទាំងនោះ​នៅតែ​បន្ត​មិន​តតាំង​ដដែល​នៅពេល​ដែល​មាន​ការ​រំលាយ​គណបក្ស​របស់​ខ្លួន និង​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨។

ក្នុង​ឆ្នាំ​២០១៩ លោក អ៊ូ ច័ន្ទរ័ត្ន បាន​ដឹកនាំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​បាន​អះអាង​ថា ការ​ធ្វើ​ដូច្នោះ​គឺ​ដើម្បី​ជួយ​លោក កឹម សុខា និង​ដើម្បី​បង្រួបបង្រួម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ក្រោយមក ក្រុម​ដែល​លោក អ៊ូ ច័ន្ទរ័ត្ន ដឹកនាំ​ទៅ​សុំ​សិទ្ធិ​នយោបាយ​នោះ បាន​បង្កើត​គណបក្ស​មួយ។

លោក ច័ន្ទរ័ត្ន មិន​បាន​ចូលរួម​ជាមួយ​ក្រុម​របស់​គាត់​ក្នុង​គណបក្ស​ថ្មី​នោះ​ទេ តែ​គាត់​បាន​កៀរគរ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ​ទៀត ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​គណបក្ស​ថ្មី​ផ្សេង​មួយ​ទៀត។

ក្នុង​ចំណោម​មន្ត្រី​ទាំងនោះ លោក ប៉ុល ហំម ដែល​ធ្លាប់​ជា​អនុប្រធាន និង​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចូលរួម​ក្នុង​បេសកកម្ម​ថ្មី​របស់​លោក ច័ន្ទរ័ត្ន ដែរ។ ក្នុង​ពេល​ដំណាល​គ្នា​នេះ មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ​ខ្លះ​ទៀត​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ក៏​បាន​និង​កំពុង​ដើរ​តាម​ផ្លូវ​ដែល​លោក អ៊ូ ច័ន្ទរ័ត្ន កំពុង​ធ្វើ​នេះ​ដែរ។

បើ​ពិនិត្យ​មើល​ចំណុច​ខាងលើ​នេះ គេ​ហាក់​ពិបាក​ជឿ​លើ​ហេតុផល​ដែល​អះអាង​ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​គណបក្ស​ថ្មីៗ​នោះ គឺ​ដើម្បី​ជួយ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ណាស់។

ពួកគេ​អាច​អះអាង​ថា បើ​ពួកគេ​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ ពួកគេ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ។ តែ​បើ​ពួកគេ​អះអាង​ដូច្នេះ​មែន អ៊ីចឹង​គេ​អាច​សួរ​ត្រឡប់​ទៅវិញ​ថា ចុះ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពី​បាន​សិទ្ធិ​នយោបាយ​ត្រឡប់​មកវិញ ក្នុង​ខណៈ​ដែល​សកម្មជន និង​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ពី​ការ​បង្ក្រាប​របស់​របប​លោក ហ៊ុន សែន? ម្យ៉ាងទៀត តើ​នៅ​ខណៈ​ដែល​ពួកគេ​កំពុង​មាន​សិទ្ធិ​ធ្វើ​នយោបាយ និង​មាន​តួនាទី​នៅមុន​ពេល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហេតុ​អ្វី​ក៏​ពួកគេ​មិន​ដឹកនាំ​ការ​ប្រឆាំង​នឹង​ទង្វើ​របស់​លោក ហ៊ុន សែន ដែល​ចាប់​ប្រធាន​របស់​ខ្លួន គឺ​លោក កឹម សុខា?

ហេតុផល​មួយទៀត​ដែល​ពួកគេ​អះអាង​ថា ការ​បង្កើត​គណបក្ស​ថ្មី គឺ​ដើម្បី​បង្រួបបង្រួម​សមាជិក​សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ហេតុផល​នេះ​ហាក់​គ្មាន​ភាព​សមហេតុផល​អ្វី​បន្តិច​សោះ ពីព្រោះ​ពួកគេ​កំពុង​តែ​បង្កើត​បក្ស និង​ក្រុម​រៀងៗ​ខ្លួន។ បើ​ពួកគេ​មិន​អាច​បង្រួបបង្រួម​គ្នា​គេ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​បាន​ផង ហើយ​ខំ​បង្កើត​បក្ស ឬ​ក្រុម​ផ្សេងៗ​នោះ តើ​ពួកគេ​មាន​លទ្ធភាព​ទៅ​បង្រួបបង្រួម​អ្នកគាំទ្រ​យ៉ាង​ម៉េច​នឹង​កើត​ទៅ? តើ​អ្វី​ទៅ​ជា​បេសកកម្ម ឬ​យុទ្ធសាស្ត្រ​ពិតប្រាកដ​របស់​ពួកគេ?

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ចុង​ឆ្នាំ​២០១៧ លោក ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នានា​បង្កើត​គណបក្ស​ផ្សេង​ដើម្បី​ចូលរួម​ការបោះឆ្នោត​ជាមួយ​គណបក្ស​របស់​គាត់។ ដូច្នេះ តើ​អ្វី​ដែល​ក្រុម​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ធ្វើ ដូចជា​ការ​បង្កើត​បក្ស​ថ្មីៗ​នេះ គឺ​ការ​បំពេញ​បំណង​លោក ហ៊ុន សែន ទេ?

ម្យ៉ាងទៀត ក្នុង​ខណៈ​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ផ្ដោត​លើ​ការ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ដោះស្រាយ​បញ្ហា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ការ​ដោះលែង​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ជាដើម មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​នោះ​បែរជា​កំពុង​បោះបង់​គណបក្ស និង​ប្រធាន​របស់​ខ្លួន​ចោល ហើយ​ថែមទាំង​ធ្វើ​សកម្មភាព​អូសទាញ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​បោះបង់​ចោល​គណបក្ស​នេះ ដើម្បី​មក​ចូលរួម​គណបក្ស​ថ្មីៗ​ដែល​ពួកគេ​កំពុងតែ​បង្កើត​នោះ។

លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់​ប្រាប់​វិទ្យុ​បារាំង RFI ថា គោលដៅ​របស់​គណបក្ស​លោក គឺ​អូសទាញ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្លាប់​ថ្លែង​នៅ​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily ថា បើ​លោក អ៊ូ ច័ន្ទរ័ត្ន មាន​គោលដៅ​ដូច្នោះ​មែន អ៊ីចឹង​គោលដៅ​របស់​គាត់​គឺ​ប្រកួត​នឹង​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​នោះ​ឡើយ។

តើ​នេះ​ជា​ទង្វើ​ដើម្បី​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ដើម្បី​ជួយ​លោក ហ៊ុន សែន?

ផ្ទុយ​ទៅ​វិញ នៅពេល​ដែល​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​នោះ​កំពុង​បោះបង់​ប្រធាន និង​គណបក្ស​របស់​ខ្លួន សហគមន៍​អន្តរជាតិ​កំពុង​ផ្តល់​តម្លៃ​លើ​គណបក្ស​នេះ​ទៅវិញ។ ឧទាហរណ៍ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ដែល​មាន​ពេល​តែ​កន្លះ​ថ្ងៃ​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នោះ ក៏​បាន​ឆ្លៀត​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក កឹម សុខា និង​បាន​ហៅ​លោក កឹម សុខា ថា​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​បាន​ប្រើ​ពាក្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

បើ​ផ្អែក​លើ​ហេតុផល​ដូច​បាន​វិភាគ​ខាងលើ គេ​អាច​ធ្វើ​ការ​សំយោគ​នូវ​សេចក្តី​សន្និដ្ឋាន​មួយ​ចំនួន។ ទី​១ ក្រុម​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចាត់​វិធានការ ឬ​ប្រមូល​ផ្តុំ​អ្នកគាំទ្រ ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ប្រធាន និង​ការ​រំលាយ​បក្ស​របស់​ខ្លួន នោះ​អាច​គិតថា​ការ​នៅ​ស្ងៀម​នោះ គឺ​ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង​សុវត្ថិភាព​អ្នកគាំទ្រ តែ​ពួកគេ​មិន​បាន​គិត​ថា​លទ្ធផល​នៃ​ការ​នៅ​ស្ងៀម​នោះ គឺជា​ការ​បំពេញ​បំណង​របស់​លោក ហ៊ុន សែន ឡើយ។

ទី​២ ពួកគេ​អាច​គិត​ថា ពួកគេ​បោះបង់​ចោល​ប្រធាន និង​គណបក្ស​របស់​ខ្លួន​ដោយ​ទៅ​បង្កើត​បក្ស​ថ្មី​នោះ គឺជា​ផ្លូវ​ថ្មី​សម្រាប់​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ពួកគេ​ភ្លេច​គិត​ថា នោះ​គឺជា​ផ្លូវ​ដែល​លោក ហ៊ុន សែន ចង់​បាន​បំផុត។ បើ​ទោះបី​ផ្លូវ​នេះ​ដើម្បី​បំណង ឬ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ក្តី តែ​លទ្ធផល​ចុងក្រោយ គឺ​បំពេញ​បំណង​លោក ហ៊ុន សែន។

ដូច្នេះ​គេ​អាច​វាយ​តម្លៃ​បាន​ថា ក្រុម​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ដែល​មិន​បាន​តតាំង​នឹង​ការ​ចាប់​ខ្លួន​ប្រធាន និង​ការ​រំលាយ​បក្ស​របស់​ខ្លួន ការប្រកាស​អ្នក​គាំទ្រ​ចាកចេញ​ពី​ប្រទេស និង​ការ​ចាកចេញ​ទៅ​បង្កើត​គណបក្ស​ថ្មីៗ​នោះ គឺជា​ការបោះបង់​ការ​ប្រយុទ្ធ។

បើ​ទោះបី​ពួកគេ​អាច​គិត​ថា ការបោះបង់​ការ​ប្រយុទ្ធ​បែប​នេះ គឺ​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ដើម្បី​ខ្លួន​គេ​ក្តី តែ​លទ្ធផល​ជាក់ស្តែង ទង្វើ​របស់​ពួកគេ​គឺ​ដើម្បី​បំពេញ​បំណង​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស