នយោបាយ

GDP៖ ស្រុក​ខ្មែរ​គួរតែ​លុបបំបាត់​ទោស​ក្បត់​ជាតិ ខណៈ​រដ្ឋាភិបាល​កំពុងតែ​ចោទ​ប្រកាន់​អ្នក​ប្រឆាំង​នឹង​ខ្លួន​ពី​ទោស​នេះ​ជាបន្តបន្ទាប់

By ឌឹ ខេមបូឌា ដេលី

June 22, 2021

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ស្រុក​ខ្មែរ​គួរតែ​លុបបំបាត់​ទោស​ក្បត់​ជាតិ ដើម្បី​កុំ​ឲ្យ​អ្នក​ដឹកនាំ​នយោបាយ​យក​បញ្ញត្តិ​នៃ​ទោស​នេះ​ទៅ​ប្រើ​ដោយ​ខុស​ទំនង ដូចជា​ការចោទប្រកាន់​លើ​យុវជន​ការពារ​បរិស្ថាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ជា​ជន​ក្បត់​ជាតិ​ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​យុវជន​ការពារ​បរិស្ថាន ៣​រូប​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា អ្នក​ដឹកនាំ​មួយ​ចំនួន​តែងតែ​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ជន​ក្បត់​ជាតិ ដោយសារតែ​ពួកគេ​បញ្ចេញ​មតិ​រិះគន់ ឬ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ្នក​កាន់​អំណាច ឬ​ប្រឆាំង​នឹង​គោល​នយោបាយ​ណាមួយ​របស់​រដ្ឋាភិបាល​ដែល​កំពុងតែ​ក្តោប​ក្តាប់​អំណាច។

លោក​អះអាង​ថា ការ​ចោទ​មេដឹកនាំ​ប្រឆាំង​ដែល​តែង​ជំទាស់​ទៅ​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថា​ជា​ជន​ក្បត់​ជាតិ គឺ​មាន​តាំងតែពី​មុន​មក​ម៉្លេះ ដូចជា​លោក ព្រាប អិន សម្ដេច​ព្រះ​នរោត្តម សីហនុ លោក​សេនា​ប្រមុខ លន់ នល់ លោក ហ៊ូ យន់ លោក ប៉ែន សុវណ្ណ និង​មេដឹកនាំ​បក្ស​ប្រឆាំង​សព្វថ្ងៃ​នេះ គឺ​លោក កឹម សុខា ជាដើម ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ជន​ក្បត់​ជាតិ។ លើស​ពី​នេះ យុវជន​ខ្មែរ​ដែល​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន ក៏​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា​ជា​ជន​ក្បត់​ជាតិ​ផង​ដែរ។

បណ្ឌិត សាម អ៊ីន បញ្ជាក់​ថា នៅ​ពេល​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ការ​ចោទ​ជាតិ​សាសន៍​ខ្លួនឯង​ថា​ជា​ជន​ក្បត់​ជាតិ គឺ​ជា​ហេតុផល​ដ៏​ចម្បង​មួយ​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​យ៉ាង​ខ្លាំង។ ដូច្នេះ​ដើម្បី​បញ្ចប់​វប្បធម៌​នេះ កម្ពុជា​ត្រូវតែ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន បង្កើត​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ឲ្យ​បាន​ត្រឹមត្រូវ និង​កសាង​ប្រជាធិបតេយ្យ​ចាស់​ទុំ​សម្រាប់​ជា​មរតក​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ។

កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន និង​យុវជន​បរិស្ថាន ៣​រូប​ទៀត ក្នុង​នោះ​រួមមាន លោក លី ចន្ទ្រាតារ៉ាវុធ កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់​តាម​មាត្រ​៤៣៧ (ស្ទួន) និង​មាត្រា​៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ។

ការចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះរាជអាជ្ញារង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ ឲ្យ​យុវជន​បរិស្ថាន​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ទាំងនោះ​ចូល​ខ្លួន​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​អំពើ​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម ដែល​តុលាការ​សង្ស័យ​ថា ពួកគេ​មាន​អង្គការ​ចាត់តាំង​ខុស​ច្បាប់ និង​ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម​នា​ពេល​កន្លងមក។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា ក្នុង​នាម​ជា​សកម្មជន​បរិស្ថាន​ដែល​គិតគូរ​ពី​បញ្ហា​សង្គម គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ ព្រោះ​ថា​ពួកគេ​តែងតែ​ប្រឈម​នឹង​បញ្ហា​លំបាកៗ​ជាច្រើន ក្នុង​នោះ​មាន​បញ្ហា​ហិរញ្ញវត្ថុ សម្ពាធ​គ្រួសារ និង​ការរើសអើង ជាពិសេស​គឺ​សុវត្ថិភាព​ផ្ទាល់ខ្លួន​តែម្តង។

កញ្ញា លី ស្រីស្រស់ បាន​លើកឡើង​ថា មនសិការ ការ​តាំងចិត្ត ការ​គិតគូរ​ពី​ប្រយោជន៍​សង្គម និង​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា គឺជា​កិច្ចការ​ដែល​សកម្មជន​បរិស្ថាន និង​សកម្មជន​ផ្សេង​ទៀត​បាន​ប្រកាន់​ខ្ជាប់ ប៉ុន្តែ​ការ​លះបង់ និង​ការ​ប្រឹងប្រែង​ទាំងនេះ តើ​ពួកគេ​នឹង​ទទួល​បាន​នូវ​ការ​រើសអើង ការ​ចាប់​ឃុំ និង​ការ​ចោទ​ថា​ក្បត់​ជាតិ ឬ​គួរតែ​ទទួល​បាន​នូវ​ការ​ស្ងើច​សរសើរ និង​ការ​លើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល?

ទាក់ទង​នឹង​បញ្ហា​បរិស្ថាន និង​ព្រៃឈើ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ សហរដ្ឋ​អាមេរិក​បាន​សម្រេច​បញ្ចប់​ការ​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​ព្រៃឡង់​បៃតង ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ១០០​លាន​ដុល្លារ​អាមេរិក ក្រោម​ហេតុផល​ថា អាជ្ញាធរ​កម្ពុជា​មិន​បាន​ធ្វើ​ការ​កាត់​ទោស ឬ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ឈ្មួញ​ទុច្ចរិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស និង​ការបំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​នេះ​ទេ។ ប៉ុន្តែ​ពួកគេ​បែរជា​ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ​របស់​ខ្លួន ស្រប​ពេល​ដែល​អ្នក​ទាំងនោះ​បាន​បង្ហាញ​ពី​កង្វល់​ដ៏​សមហេតុផល​លើ​ការ​បាត់បង់​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ទៅវិញ។

កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឲ្យ​យុវជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ រួម​មាន លោក ថុន រដ្ឋា លោក អាឡិច កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​កញ្ញា ជា គន្ធី ម្នាក់ៗ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ចាប់ពី ១៨​ខែ​ទៅ​ដល់ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល​ផង​ដែរ៕