32 C
Phnom Penh

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​បង្ហាញ​ថា​ពិភពលោក​ទាត់ចោល​របប​រដ្ឋប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​មួយ​ដោយ​ថ្កោលទោស​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា ហើយ​ទទួល​ស្គាល់​រដ្ឋាភិបាល​ជាប់ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ បាន​ស្ដែង​ឱ្យ​ឃើញ​អំពី​កម្លាំង​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​មាន​សំឡេង​រឹងមាំ និង​ច្រើន​លើសលប់​ប្រឆាំង​របប​មួយ​ដែល​ប្លន់​អំណាច​ពី​ម្ចាស់​ឆ្នោត។

កាលពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​មិថុនា មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ដោយ​ហៅថា​មហា​សន្និបាត។ ក្នុង​កិច្ចប្រជុំ​នៅ​ចំពោះ​មុខ​វត្តមាន ១៩៣​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ដោយ​បាន​សម្រេច​រួម​មួយ​ដោយ​ការបោះឆ្នោត​ទៅលើ​ប្រទេស​ភូមា ដែល​កំពុង​គ្រប់គ្រង​ដោយ​ពួក​យោធា។

សេចក្តី​សម្រេច​ដែល​ថ្កោលទោស​រដ្ឋប្រហារ​យោធា​ភូមា ហើយ​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រទេស​ចំនួន ១១៩ ប្រឆាំង​របប​សឹក ហើយ​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត។

មាន​ប្រទេស​តែ​មួយ​ដែល​បាន​បោះឆ្នោត​របស់​ខ្លួន​ជំទាស់​ការ​ថ្កោលទោស​ពួក​យោធា​ភូមា គឺ​ប្រទេស​បេឡារូស។ ចំណែក​ប្រទេស​ចំនួន​៣៧ មិន​បោះឆ្នោត។ ដោយឡែក​ប្រទេស ៣៦​ទៀត​បាន​បោះឆ្នោត​អនុប្បវាទ​ក្នុង​នោះ​មាន​ប្រទេស​ធំ​៣ គឺ​ចិន រុស្ស៊ី និង​ឥណ្ឌា។

ការបោះឆ្នោត​នៅ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ គឺ​ដោយសារ​មាន​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​ភូមា​ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​របប​សឹក​ភូមា​តាម​ចាប់ខ្លួន​ពី​បទ​ក្បត់​ជាតិ។

នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ លោក Kyaw Moe Tun បាន​លើក​ដៃ​តំណាង​ឱ្យ​ប្រទេស​ភូមា​នៃ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ពួក​យោធា​ចាប់​ឃុំ​ខ្លួន។

លោក Kyaw Moe Tun បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​ដែល​ថ្កោលទោស​របប​រដ្ឋប្រហារ​របស់​ពួក​យោធា​ភូមា។

យោង​តាម​លទ្ធផល​នេះ គឺ​តំណាង​ភូមា​បាន​ចូលរួម​ជាមួយ​ប្រទេស​អាស៊ាន ៥​ទៀត ដែល​បាន​បោះឆ្នោត​ប្រឆាំង​របប​រដ្ឋប្រហារ គឺ​សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន ខណៈ​ប្រទេស​អាស៊ាន ៤​ទៀត ដូចជា កម្ពុជា ឡាវ ថៃ និង​ព្រុយណេ បាន​បោះឆ្នោត​អនុប្បវាទ។

ចាប់​តាំងពី​រដ្ឋប្រហារ​យោធា​នៅ​ភូមា ថ្ងៃ​ទី​១ កុម្ភៈ មក គឺ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​កោះ​ប្រជុំ​ជាច្រើន ប៉ុន្តែ​ខកខាន​រហូត​មក មិន​អាច​ចេញ​សេចក្តី​សម្រេច​រួម​ណាមួយ​ដើម្បី​ថ្កោលទោស​រដ្ឋប្រហារ​យោធា​នៅ​ភូមា។ មូលហេតុ​ខ្លះ គឺ​ដោយសារតែ​ជំហរ​ផ្ទុយគ្នា​របស់​ប្រទេស​សមាជិក ព្រោះ​ប្រទេស​ខ្លះ​អាច​រួម​មាន​ប្រទេស​មហា​អំណាច​ចិន និង​រុស្ស៊ី មិន​ចង់​សម្ដែង​ឱ្យ​ឃើញ​ជាក់ស្ដែង​ថា​ពិភពលោក​នាំគ្នា​ប្រឆាំង​របប​សឹក​ភូមា​នោះ​ទេ។ ជាក់ស្ដែង​ប្រទេស​ពីរ​នេះ​ដែល​ប្រើ​សិទ្ធិ​វេតូ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ដែល​នាំ​ឱ្យ​រាំងស្ទះ​ការ​ចាត់វិធានការ​ទៅលើ​ពួក​យោធា​ភូមា។

ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន​ដែល​ចាត់ទុក​រដ្ឋប្រហារ​យោធា​ភូមា ជា​វិបត្តិ​ផ្ទៃក្នុង​របស់​ប្រទេស​ភូមា គឺ​អង្គការ​សហប្រជាជាតិ​បាន​ត្រឹមតែ​ចេញ​សេចក្តី​សម្រេច​បរិហារ​អំពើ​ហិង្សា​នៅ​ភូមា ចំណែក​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​សម្រេច​ត្រឹមតែ​ប្រើ​ពាក្យ​ថ្កោលទោស​អំពើ​ហិង្សា​នៅ​ភូមា ដោយ​មិន​បាន​ថ្កោលទោស​រដ្ឋប្រហារ​របស់​មេដឹកនាំ​យោធា​ភូមា​នោះ​ទេ។ ដោយ​មើល​ឃើញ​ដូចនេះ​ហើយ ដែល​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​ឱ្យ​មាន​ការ​បើក​មហា​សន្និបាត ដោយ​សម្រេច​រក​សំឡេង​ឱ្យ​ឃើញ​ប្រឆាំង​របប​សឹក​ភូមា។

សេចក្តី​សម្រេច​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ មិន​ត្រឹមតែ​ថ្កោលទោស​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ភូមា គឺ​ទាមទារ​ឲ្យ​របប​សឹក​ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី​ភូមា Win Myint និង​អ្នកទោស​នយោបាយ​ផ្សេងទៀត។

លទ្ធផល​បោះឆ្នោត​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​អ្នកស្រី ស៊ូជី បង្ហាញ​ថា​ពិភពលោក​ទាត់ចោល​របប​រដ្ឋប្រហារ​របស់​ពួក​យោធា ទោះ​ជា​មហា​អំណាច​ចិន និង​រុស្ស៊ី បន្ត​បង្ហាញ​ជំហរ​បោះឆ្នោត​អនុប្បវាទ​ក៏ដោយ។

នៅ​ក្នុង​ការបោះឆ្នោត​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ទោះ​ចិន និង​រុស្ស៊ី បោះឆ្នោត​ប្រឆាំង ក៏​មហា​សន្និបាត​នៅតែ​អាច​ចេញ​សេចក្តី​សម្រេច​បាន។ ប្រទេស​មហា​អំណាច​ពុំ​អាច​ប្រើ​សិទ្ធិ​ដូច​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​នោះ​ទេ ដែល​មាន​សិទ្ធិ​វេតូ​ប្រឆាំង​មិន​ឲ្យ​គេ​អាច​ចេញ​សេចក្តី​សម្រេច​ណាមួយ​នោះ។

ចិន និង​រុស្ស៊ី ដែល​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​ទៅ​ឲ្យ​កងទ័ព​ភូមា​រហូត​មក ធ្លាប់​បាន​ចេញ​មុខ​ជំទាស់​មិន​ឲ្យ​អង្គការ​សហប្រជាជាតិ អាច​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​ហាមប្រាម​លក់ និង​នាំចូល​អាវុធ​ទៅ​ភូមា​នោះ​ទេ។

ចិន និង​រុស្ស៊ី បាន​ផ្លាស់ប្ដូរ​ជំហរ​ដោយ​បោះឆ្នោត​អនុប្បវាទ​លែង​ប្រឆាំង ព្រោះ​ដឹង​ថា​វា​អាក្រក់​ណាស់​ដែល​នាំ​ឱ្យ​ពិភពលោក​ថ្កោលទោស ហើយ​ណាមួយ​ព្រោះតែ​ពួកគេ​ពុំ​មាន​ឥទ្ធិពល​ឡើយ។

សេចក្តី​សម្រេច​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ទោះ​ជា​មិនមែន​ជា​វិធានការ​រឹងមាំ​ទៅលើ​ពួក​យោធា និង​មិន​ដូច​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ក៏ដោយ តែ​យ៉ាងហោចណាស់​ក៏​ជា​ការ​បង្ហាញ​កម្លាំង​ធំ​មួយ​ដ៏​រឹងមាំ​ប្រឆាំង​របប​រដ្ឋប្រហារ​របស់​ពួក​យោធា​ដែល​ប្លន់​អំណាច​ពី​ប្រជាជន។

សេចក្តី​សម្រេច​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ មាន​ទម្ងន់​នយោបាយ​ច្រើន​ឥត​គណនា គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ដ៏​កម្រ​ដែល​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​រដ្ឋប្រហារ​យោធា ហើយ​គាំទ្រ​រដ្ឋាភិបាល​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន។

ក្រុម​អ្នក​សង្កេតការណ៍​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​ហៅ​ការ​ថ្កោលទោស​របប​សឹក​ភូមា គឺជា​សារ​បញ្ជូន​ប្រាប់​ទៅ​ពួក​យោធា​ភូមា​ថា របប​សឹក​របស់​ពួកគេ​មិន​មាន​ភាព​ស្រប​ច្បាប់​ឡើយ ទោះ​នៅ​វេទិកា​ណា​ក៏ដោយ រួម​ទាំង​តំបន់​អាស៊ាន។

ចាប់ពី​ពេល​នេះ​តទៅ ពួក​យោធា​ភូមា នឹង​មិន​អាច​ដើរ​និយាយ​នៅ​វេទិកា​ណាមួយ​ថា​ខ្លួន​នៅតែ​មាន​ទំនាក់ទំនង​ធម្មតា និង​បាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ ឬ​ពី​ប្រទេស​ដទៃ​ឡើយ។ របប​សឹក​នេះ​ក៏​អស់​ឱកាស​ដើរ​និយាយ​ថា យើង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដឹកនាំ​ដោយ​អ្នកស្រី ស៊ូជី ព្រោះតែ​មាន​ការ​បន្លំ​សន្លឹកឆ្នោត​នោះ គឺ​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ។ ពួក​យោធា​ភូមា អាច​និយាយ​បាន​តែ​ជាមួយ​មេដឹកនាំ​ប្រទេស​ណា​ដែល​ផ្ដួល​គូប្រជែង​របស់​ខ្លួន​មិន​ឱ្យ​ឡើង​វេទិកា​ប្រជាធិបតេយ្យ ហើយ​ប្លន់​អំណាច​ពី​ម្ចាស់​ឆ្នោត​តែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស