នយោបាយ

មន្ត្រី​បក្ស​ប្រឆាំង​ថា​ហាងឆេង​បង្កើត​បក្ស​នយោបាយ​ថ្មី​នៅ​កម្ពុជា​ប្រហាក់ប្រហែល​នឹង​ហាងឆេង​លក់​ដី

By ឌឹ ខេមបូឌា ដេលី

June 23, 2021

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ហាងឆេង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នៅ​កម្ពុជា​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ហាងឆេង​លក់​ដី ដែល​កំពុងតែ​រីក​ស្គុសស្គាយ​សព្វថ្ងៃ​នេះ ប៉ុន្តែ​មិន​ដឹង​ថា​ការ​បើក​បក្ស​នយោបាយ​របស់​អ្នក​ទាំងនោះ​ជា​ឆន្ទៈ​ជាតិ ដើម្បី​ជាតិ​ពិតប្រាកដ ឬ​គ្រាន់តែ​ជា​ការ​បំពេញ​បំណង​ប្រាថ្នា​របស់​បក្ស​កាន់​អំណាច​នោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​បែប​នេះ​ក្នុង​ន័យ​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​បាន​នាំគ្នា​ចេញ​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដោយ​ខ្លួនឯង ក្រោយពេល​ដែល​ពួកគេ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ​នោះ។

លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ថា ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ ពិតជា​ខក​បំណង​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​នាំគ្នា​ចាកចេញ​ពី​គោលជំហរ​ដើម​របស់​បក្ស​សង្គ្រោះ​ជាតិ ទៅ​បើក​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន ក្រោម​ហេតុផល​ដែល​មិន​សម​ទំនង​ថា​ដើម្បី​បន្ត​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ។

លោក​អះអាង​ថា ពិតជា​គួរ​ឲ្យ​ស្តាយ និង​អៀនខ្មាស​ណាស់ ក្នុង​ពេល​ដែល​គណបក្ស​របស់​ខ្លួន​ត្រូវ​បាន​គេ​រំលាយ មេ​បក្ស​ត្រូវ​គេ​ចាប់​ដាក់​គុក បែរជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នាំគ្នា​ទម្លាក់​គោលជំហរ​នៃ​ការផ្លាស់ប្ដូរ​របស់​ខ្លួន​ចោល ហើយ​នាំគ្នា​ទៅ​បើក​បក្ស​ថ្មី ដែល​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ទាំងនោះ​កំពុង​ដើរ​ចូល​ក្នុង​ផ្លូវ​របស់​បក្ស​កាន់​អំណាច ដែល​លោក ហ៊ុន សែន អះអាង​ថា​នឹង​កម្ទេច​កម្លាំង​ប្រឆាំង​ឲ្យ​ខ្ទេច​ដល់​ឫសគល់​នោះ។

លោក​លើកឡើង​ថា បក្ស​ប្រឆាំង​នៅ​អាហ្វ្រិក នៅ​ភូមា និង​នៅ​ឥណ្ឌូនេស៊ី ជាដើម ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​ទាំងនោះ​ត្រូវ​អ្នក​កាន់​អំណាច​ឃុំ​ខ្លួន​អស់​រយៈពេល​រាប់​ឆ្នាំ ប៉ុន្តែ​ចុងក្រោយ កម្លាំង​ប្រឆាំង​នៅតែ​ឈ្នះ ព្រោះ​ពួកគេ​មិន​បែកបាក់​សាមគ្គី​ផ្ទៃក្នុង។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​នេះ កម្លាំង​ប្រឆាំង​ទាំងអស់​ត្រូវតែ​រក្សា​ការ​ឯកភាព​ផ្ទៃក្នុង​បក្ស និង​ប្រើ​យន្តការ​រួបរួម ដើម្បី​តវ៉ា​ប្រឆាំង​ដោយ​អហិង្សា ដោយ​សន្តិវិធី​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​បក្ស​ប្រឆាំង​ឡើងវិញ និង​ឲ្យ​មាន​ការ​ដោះលែង​មេ​បក្ស​ផង​ដែរ នោះ​ទើប​ជា​វិធីសាស្ត្រ​ឈាន​ទៅ​រក​ដំណោះស្រាយ និង​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ពិតប្រាកដ។

ការរិះគន់​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​សម្រេច​ឈប់​គាំទ្រ​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត ហើយ​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មី​ដោយ​ខ្លួនឯង​ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ។

គិត​ត្រឹម​ខែ​ចុង​ខែ​មិថុនា ឆ្នាំ​២០២១ នេះ មាន​មន្ត្រី​បក្ស​ប្រឆាំង​ជាង ២០​នាក់​ហើយ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ក្នុង​នោះ​មាន​មន្ត្រី​មួយ​ចំនួន​ក៏​បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង និង​ខ្លះ​ទៀត​ត្រូវ​ព្រះមហាក្សត្រ​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

កាលពី​ចុង​ឆ្នាំ​២០២០ កន្លងទៅ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​មាន​គណបក្ស​នយោបាយ​ជាង ៤០​គណបក្ស​នយោបាយ​ហើយ ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មួយ​ចំនួន កំពុងតែ​ស្វះស្វែង​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​បក្ស​នយោបាយ​បន្ថែម​ទៀត​នោះ។

យ៉ាងណាក៏ដោយ អតីត​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ តែង​អះអាង​ថា ការ​បើក​បក្ស​ថ្មី គឺ​ក្នុង​គោលបំណង​ដោះស្រាយ​វិបត្តិ​នយោបាយ និង​បង្កើត​វប្បធម៌​ប្រកួតប្រជែង​ដោយ​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា មន្ត្រី​បក្ស​ប្រឆាំង​តែង​បន្ទោស​គ្នា​ទៅវិញ​ទៅមក​​​ថា ខ្វះ​ភាព​អត់ធ្មត់ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ពិនិត្យ​កំហុស​មុនដំបូង​បង្អស់​ផង​ដែរ នោះ​គឺ​មេដឹកនាំ​កំពូល​របស់​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​ដែល​សម្បទាន​រវាង​គ្នា​និង​គ្នា ដើម្បី​បង្រួបបង្រួម​ផ្ទៃក្នុង​គណបក្ស​នោះ​ទេ​រហូត​មក​ទល់នឹង​ពេល​នេះ។

ពួកគេ​លើកឡើង​ថា វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ណាស់​ដែល​មេ​បក្ស​ប្រឆាំង​តែង​និយាយ​អំពី​សម្បទាន​នយោបាយ​ទៅកាន់​លោក ហ៊ុន សែន ដែល​ជា​គូប្រជែង​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​មិនព្រម​សម្បទាន​ឲ្យ​គ្នា​ឯង​ដើម្បី​រក​គន្លឹះ​រួប​រួម​គ្នា​ការពារ​ប្រទេស​ជាតិ​នោះ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ បាន​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ពួកគេ​នឹង​ទៅ​បង្កើត​បក្ស​ដោយ​ខ្លួនឯង ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ខាងមុខ។ ដូច្នេះ អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​កំពុងតែ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​បាន​យ៉ាង​ល្អ បើ​ទោះបីជា​គ្មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ៕