អង្គការសង្គមស៊ីវិលលើកឡើងថា អនាគតប្រទេសជាតិ គឺត្រូវពឹងផ្អែកលើយុវជនដែលមានជំហររឹងមាំ ស្អាតស្អំ ច្បាស់លាស់ និងមានសមត្ថភាពទាំងស្រុង ព្រោះថាសង្គមជាតិមួយសម្បូរទៅដោយយុវជនដែលមានឧត្តមភាពបែបនេះ ប្រជាជននៃប្រទេសនោះ គឺមានភាពសុខសាន្ត និងភាពរុងរឿងទៅមុខជានិច្ច។
អង្គការខុនរ៉ាត អាឌិនណៅអ៊ែ បានចេញរបាយការណ៍សម្រាប់ឆ្នាំ២០២១ របស់ខ្លួន ដែលមានកម្រាស់ជិត ៦០ទំព័រ ស្ដីពីយុវជនអ្នកដឹកនាំ និងបុគ្គលមានឥទ្ធិពលវ័យក្មេងនៅកម្ពុជា ថាក្នុងប្រទេសដែលរដ្ឋាភិបាលរឹតត្បិតសេរីភាពយុវជនពីការចូលរួមកសាងសង្គមជាតិ ដូចជាការចូលរួមក្នុងវិស័យនយោបាយ និងបញ្ហាសង្គមផ្សេងៗទៀត គឺជាការបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់យុវជននានា ដូចជាយុវជនការពារបរិស្ថាន យុវជនការពារព្រៃឈើ យុវជនការពារសិទ្ធិមនុស្ស និងយុវជនដែលចូលរួមក្នុងកិច្ចការសង្គមលើការតស៊ូមតិជាដើម។
ប្រភពដដែលអះអាងថា ដើម្បីដឹកនាំសង្គមជាតិមួយឲ្យស្របទៅនឹងគោលការណ៍គោរពសិទ្ធិមនុស្ស គោលការណ៍លទ្ធិប្រជាធិបតេយ្យ គឺពិតជាមិនអាចខ្វះការចូលរួមពីយុវជនដែលស្អាតស្អំ និងមានសមត្ថភាពនៃប្រទេសជាតិនោះបានទេ ព្រោះថាមានតែមនុស្សស្អាតស្អំប៉ុណ្ណោះទើបអាចដឹកនាំប្រទេសជាតិទៅរកសង្គមស្អាតស្អំ និងសង្គមជាតិមួយដែលមានការរីកចម្រើនពិតប្រាកដ។
អង្គការខុនរ៉ាត បញ្ជាក់ថា ក្នុងបរិបទនយោបាយនៅកម្ពុជា យុវជនដែលមានឧត្តមគតិលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីការពារសង្គមជាតិរបស់ពួកគេ ដូចជាការចូលរួមការពារបរិស្ថាន ឬព្រៃឈើរបស់ខ្មែរដែលមានតម្លៃមហាសាលជាដើម ហាក់មិនត្រូវបានការលើកទឹកចិត្ត ឬផ្តល់កិត្តិយសណាមួយជូនពួកគេនោះទេ តែផ្ទុយទៅវិញមានតែការគំរាមកំហែង និងការចាប់ខ្លួនតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីភាពជាក់ស្តែងរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្នដែលអាជ្ញាធរតែងចាប់ខ្លួន និងគំរាមកំហែងដល់យុវជនដែលបានចូលរួមកិច្ចការពារសង្គមតាមរយៈនៃការចូលរួមការពារបរិស្ថាន ការពារព្រៃឈើ និងធនធានធម្មជាតិដទៃទៀតដែលកំពុងរងការកាប់បំផ្លិចបំផ្លាញក្នុងពេលបច្ចុប្បន្ននេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ធ្លាប់បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា ប្រទេសជាតិមួយដែលមានយុវជនពោរពេញដោយឧត្តមគតិ មនសិការ គឺពិបាករកណាស់ទៅហើយ តែអ្វីដែលកាន់តែពិបាកថែមទៀតនោះ គឺសកម្មភាពគាំពារសង្គមរបស់ពួកគេត្រូវបានរដ្ឋាភិបាលបដិសេធទៅវិញ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ យុវជនដែលឈឺឆ្អាលនឹងសង្គមទាក់ទងនឹងការចូលរួមការពារបរិស្ថាន ការពារព្រៃឈើ ការពារព្រំដែន និងការពារសិទ្ធិមនុស្ស ជាដើម ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ឃុំខ្លួនជាង ១០នាក់ហើយ នេះមិនទាន់គិតដល់យុវជនដែលជាសកម្មជននយោបាយ និងយុវជនដែលបម្រើការងារសង្គមក្នុងវិស័យផ្សេងទៀតនៅឡើយទេ។

ទាក់ទិននឹងបញ្ហានេះ កាលពីចុងឆ្នាំ២០២០ លោក ហ៊ុន សែន ធ្លាប់គំរាមថា អ្នកដែលរិះគន់រដ្ឋាភិបាលរបស់លោក គឺមិនរួចខ្លួនជាដាច់ខាត និងមិនមានករណីលើកលែងនោះទេ។ បញ្ហានេះ លោកសារភាពថា យុវជន និងសកម្មជនដទៃទៀតដែលអាជ្ញាធរចាប់ខ្លួននាពេលកន្លងមក គឺធ្វើឡើងក្រោមបញ្ជារបស់លោកផ្ទាល់តែម្តង។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ ខែមិថុនា នេះថា ដើម្បីក្លាយជាយុវជនដែលរឹងមាំ ស្អាតស្អំ ច្បាស់លាស់ និងមានសមត្ថភាពសមជាធនធានមនុស្សពិតប្រាកដរបស់ប្រទេសជាតិ គឺត្រូវតែជាមនុស្សដែលដឹងច្បាស់ពីអ្វីដែលខ្លួនឯងកំពុងធ្វើ មិនងាករេពីគោលដៅដើម្បីសង្គមជាតិ មិនប្រព្រឹត្តនូវទង្វើដែលមិនល្អ និងកសាងសមត្ថភាពផ្ទាល់ខ្លួនឲ្យបានខ្ពង់ខ្ពស់ផងដែរ។
ប្រធានក្រុមអ្នកវិភាគរូបនេះបញ្ជាក់ថា យុវជនដែលជាធនធានមនុស្សពិតប្រាកដនៅកម្ពុជាសព្វថ្ងៃនេះ ហាក់មានការរឹតត្បិតយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល នៅពេលដែលពួកគេចូលរួមកិច្ចការសង្គមក្នុងវិស័យនយោបាយ និងការតស៊ូមតិដើម្បីយុត្តិធម៌សង្គមជាដើម។ បញ្ហានេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែបន្តរឹតត្បិតសេរីភាពពួកគេបន្តទៀត នោះឧបសគ្គទាំងឡាយដែលកំពុងបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ នឹងមិនត្រូវបានលើកយកមកដោះស្រាយនោះទេ ហើយការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា ក៏មានភាពយឺតយ៉ាវផងដែរ។
ក្រុមសកម្មជនសិទ្ធិមនុស្សបានលើកឡើងថា បច្ចុប្បន្ននេះ អាជ្ញាធរក្រុងភ្នំពេញកំពុងឃុំខ្លួនយុវជនដែលជាសកម្មជនការពារព្រៃឈើ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងសកម្មជននយោបាយប្រមាណជាង ៥០នាក់ហើយ៕