ពលរដ្ឋដែលបានចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅឯខេត្តព្រះសីហនុ បានសម្ដែងការព្រួយបារម្ភថា ការឈរប្រជ្រៀតគ្នាដើម្បីរង់ចាំការចាក់វ៉ាក់សាំង អាចជាបញ្ហាប្រឈមសម្រាប់ពលរដ្ឋដែលទៅចូលរួមនោះទៅវិញ ប្រសិនបើពលរដ្ឋទាំងនោះមិនស្ដាប់ការណែនាំរបស់អ្នករៀបចំនោះទេ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា វត្តមានប្រជាពលរដ្ឋដែលទៅឈររង់ចាំចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នៅតាមទីតាំងភាគច្រើនក្នុងមូលដ្ឋានខេត្តព្រះសីហនុ គឺពួកគាត់មិនបានរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវទេ ពោលគឺបានឈរប្រជ្រៀតគ្នាញឹកស្អេកដូចម្រាមដៃ។
ប្រភពមួយចំនួនបានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ស្ទើរគ្រប់ទីតាំងទាំងអស់ដែលរៀបចំចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ជូនពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ រួមមានទីតាំងសាលា ហ៊ុន សែន កម្មករ សាលាឃ្លាំងលើ សាលាសម្ដេចឪ សាលាមិត្តភាព និងសាលាសាគូរ៉ា ជាដើម គឺឃើញពលរដ្ឋភាគច្រើនហាក់មិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការរក្សាគម្លាតសុវត្ថិភាពនោះទេ។
ពលរដ្ឋបារម្ភថា ប្រសិនបើមានពលរដ្ឋណាម្នាក់មានវិជ្ជមានជំងឺ Covid-19 ទំនងជានឹងអាចចម្លងរាលដាលកាន់តែធ្ងន់ធ្ងរដល់ពលរដ្ឋដទៃទៀតដែលឈរតម្រង់ជួរប្រជ្រៀតគ្នានៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ព្រោះដោយសារតែពួកគាត់មិនបានរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវទេ។
យ៉ាងនេះក្តី លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបង្ហោះសារនៅតាម Facebook របស់លោក ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ត្រូវទៅត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ឲ្យបានគ្រប់គ្នានៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំរួចរាល់។
ទោះជាបែបនេះក្តី លោកអភិបាលក្រុងព្រះសីហនុ មិនទាន់បានបញ្ជាក់ពីអត្រាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ដែលបានចាក់វ៉ាក់សាំងរួចមានចំនួនសរុបប៉ុន្មាននាក់នៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅតាមទីតាំងនីមួយៗ គឺដំណើរការល្អ ហើយពលរដ្ឋបានមកចូលរួមច្រើន។
ចំពោះការងារចាក់វ៉ាក់សាំងនេះដែរ កន្លងមកនេះនៅមូលដ្ឋានខេត្តព្រះសីហនុ ក៏មានលេចឮព័ត៌មានចចាមអារ៉ាមមកថា មានសកម្មភាពចាក់វ៉ាក់សាំងជំងឺ Covid-19 យកលុយពីប្រជាពលរដ្ឋខ្មែរផងដែរ ជាពិសេសជនជាតិចិន ដែលចូលមករស់នៅ ឬកំពុងធ្វើការងារនៅក្នុងខេត្តព្រះសីហនុ តែម្តង។ ប្រភពបញ្ជាក់ថា ក្រុមការងារដែលដើរស្រង់ឈ្មោះអ្នកចង់ចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ជាពិសេសជនជាតិចិន គឺជាក្រុមមនុស្ស ឬបុគ្គលដែលស្និទ្ធជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តែម្តង។
ប្រភពដដែលបញ្ជាក់ថា កាលពីក្នុងដំណាក់កាលនៃការចាក់វ៉ាក់សាំងដំបូង ឬវគ្គលើកទី១ ក្នុងប៉ុន្មានខែមុននេះ គឺមានព័ត៌មានមកថា ជនជាតិចិនម្នាក់បានចំណាយលុយចាប់ពី ៣០០ដុល្លារអាមេរិកឡើងទៅដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នេះ។ ដោយឡែកសម្រាប់ពលរដ្ឋខ្មែរទាំងឡាយណាដែលចង់មានឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នេះបានឆាប់រហ័ស ក៏ត្រូវចំណាយលុយអស់មួយចំនួនដែរ គឺមានអ្នកខ្លះត្រូវចំណាយលុយយ៉ាងហោចណាស់ ៥០ដុល្លារ។
ចំពោះពាក្យចចាមអារ៉ាមដែលចោទថា មានករណីយកលុយពីពលរដ្ឋខាងលើនេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចេញមកច្រានចោលជាបន្តបន្ទាប់ ដោយចាត់ទុកការផ្សាយពាក្យចចាមអារ៉ាមទាំងនេះថាជាការផ្សាយបំផ្លើសការពិតពីក្រុមជនអគតិមួយចំនួន ដែលមានបំណងមិនល្អចំពោះរដ្ឋាភិបាលកម្ពុជា ដែលកំពុងយកចិត្តទុកដាក់លើការងារស្វែងរកចាក់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋឲ្យបានតាមផែនការគ្រោងទុក ១០លាននាក់នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ តែប៉ុណ្ណោះ៕