ព័ត៌មានអន្តរជាតិ

លំហអាកាស​អាមេរិក​ត្រូវ​បាន​រំលោភ​ដោយ​យានអវកាស​ភព​ក្រៅ UFO ធ្វើ​ឱ្យ​សភា​អាមេរិក​បង្ខំ​ឲ្យ​រដ្ឋការ ចូ បៃដិន រក​អត្តសញ្ញាណ​ឲ្យ​ឃើញ

By ឌឹ ខេមបូឌា ដេលី

June 29, 2021

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាលពី​សប្ដាហ៍​មុន បាន​ចាប់ផ្ដើម​សួរ​ដេញដោល​ទៅកាន់​មន្ត្រី​សន្តិសុខ​ជាតិ​នៃ​រដ្ឋការ​របស់​លោក បៃដិន ដែល​បាន​ដាក់​បង្ហាញ​អំពី​របាយការណ៍​ចារកម្ម​ដែនអាកាស​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ ដោយ​ថត​ឃើញ​យានអវកាស UFO យ៉ាង​តិច ១៤៣​ដង ចាប់តាំង​ពី​ឆ្នាំ​២០០៤ ដែល​វា​ហោះហើរ​ចូល​ដែនអាកាស​របស់​សហរដ្ឋ​អាមេរិក និង​លំហ​សមុទ្រ។

កងទ័ព​សហរដ្ឋ​អាមេរិក និង​អង្គភាព​ចារកម្ម​ដែនអាកាស​របស់​ប្រទេស​មហា​អំណាច​នេះ បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ការស្រាវជ្រាវ និង​ចាប់​បាន​ភស្តុតាង​យានអវកាស​នោះ​មកពី​ប្រទេស​ណា ឬ​ពិភព​ណា​ច្បាស់លាស់​នោះ​ទេ។

ប៉ុន្តែ​ក្រុម​ចារកម្ម និង​ស៊ើប​អង្កេត​លំហអាកាស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា បាតុភូត​នេះ​បាន​កើត​ឡើង​ជាង ៥០​ឆ្នាំ​មក​ហើយ ដោយ​នៅតែ​ពុំ​អាច​កំណត់​អត្តសញ្ញាណ​បាន​ថា​ចេញពី​ប្រភព​ណា​ឲ្យ​ពិតប្រាកដ​ឡើយ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​របស់​លោក ចូ បៃដិន ត្រូវ​បាន​គណៈកម្មការ​ព្រឹទ្ធសភា​អាមេរិក និង​សភា​តំណាងរាស្ត្រ​បាន​ទាមទារ​ឲ្យ​កងទ័ព​អាមេរិក ជាពិសេស​កងទ័ព​ផ្នែក​ចារកម្ម​លំហអាកាស ព្យាយាម​រក​ឲ្យ​ឃើញ​ប្រភព​ដែល​បង្កើត​យានអវកាស UFO។

មន្ទីរ Pengtagon បាន​បង្កើត​កម្លាំង​ប្រតិបត្តិការ​បាតុភូត​លំហអាកាស​កាលពី​ខែ​សីហា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ​មើល និង​ស្រាវជ្រាវ​យានអាវកាស UFO និង​បាតុភូត​លំហអាកាស​ដែល​មិន​អាច​កំណត់​បាន​ហៅថា UAP មកពី​ភាសា​អង់គ្លេស Unidentified Aerial Phenomena។

កាលពី ២​ឆ្នាំ​មុន កង​នាវា​សហរដ្ឋ​អាមេរិក​ចាប់​បាន​រូបភាព និង​សកម្មភាព​របស់ UFO ឬ​យានអវកាស​ថាស​ហោះ មកពី​ភាសា​អង់គ្លេស​ហៅថា Unidentified Flying Object ដែល​បាន​ហោះហើរ​លើ​លំហ​សមុទ្រ។

តាម​ប្រភព​ព័ត៌មាន​របស់ BBC គឺ​មន្ទីរ Pengtagon បង្ហាញ​រូបភាព​ចាប់​បាន ១៤៣​ដង​ក្នុង​ការ​ហោះហើរ​ចំនួន ១៤៤​ដង​របស់​យានអវកាស​នេះ។ តែ​ពុំ​អាច​មាន​ទិន្នន័យ និង​ព័ត៌មាន​ច្បាស់លាស់​ថា UFO ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រទេស​ណា ឬ​ក៏​ពិភព​ណា​នោះ​ឡើយ។

នៅ​ពេល​ដែល​ចាប់​បាន​សកម្មភាព និង​រូបភាព​ទាំងនេះ គឺ​យានអវកាស​នោះ​ក៏​ហោះហើរ​បាត់​យ៉ាង​លឿន​បំផុត គឺ​ប្រៀប​ដូច​នឹង​ដំណើរ​ធម្មជាតិ​របស់​វា។

កាលពី​ខែ​មេសា ឆ្នាំ​២០២០ ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​បញ្ចេញ​វីដេអូ​អំពី​បាតុភូត​លំហអាកាស UAP គឺ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្រោយ​ពី​កង​នាវា​សហរដ្ឋ​អាមេរិក​បាន​ចាប់​រូបភាព​ទាំងនោះ និង​សកម្មភាព​យានអវកាស UFO នៅ​លើ​លំហ​សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​នៅ​ពេល​នោះ​បាន​ឃើញ​រូបភាព​តូច​ល្អិត​របស់​យានអវកាស​នេះ ដោយ​ហោះ​ចុះ​ហោះ​ឡើង​លើ​លំហអាកាស​សមុទ្រ​នោះ។ បុគ្គលិក​ម្នាក់​របស់​នាវា​អាមេរិក​បាន​ពណ៌នា UFO នោះ គឺ​វា​មាន​ពណ៌​ស​បន្តិច ហើយ​ថា​ពេល​នោះ​គឺ​វា​ហោះ​បាត់​ខ្លួន​មួយ​រំពេច។

លោកស្រី Alex Dietrich បាន​ប្រាប់​បណ្ដាញ BBC ថា យានអវកាស​នោះ​ពុំ​មាន​ផ្សែង​ទេ តែ​លោកស្រី​ថា​អាច​ជា​តាក់ទិច​របស់​ពិភព​ណាមួយ​ដែល​ប៉ុនប៉ង​មក​លើ​ផែនដី។

ការសិក្សា​ស្រាវជ្រាវ និង​ស៊ើប​អង្កេត បាន​កំពុង​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ដោយ​សហការ​ជាមួយ​ក្រុម​ស្រាវជ្រាវ​អវកាស​ផ្សេងៗ​ទៀត។ សម្រាប់​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្ដើម​ស្រាវជ្រាវ​បាតុភូត​នេះ​តាំង​ទសវត្ស​១៩៤០ ប៉ុន្តែ​បាន​ផ្អាក​វិញ​នៅ​ឆ្នាំ​១៩៧០។ មក​ដល់​ឆ្នាំ​២០០៧ សហរដ្ឋ​អាមេរិក​ក៏​បាន​បង្កើត​ក្រុម​ប្រតិបត្តិការ​បាតុភូត​លំហអាកាស ដោយ​ផ្ដល់​ឱ្យ​ក្រុម​នេះ​បំពេញ​ភារកិច្ច​នេះ​ឡើងវិញ។ ពន្លឺ​ភ្លើង និង​ការហោះហើរ​របស់​យានអវកាស UFO ត្រូវ​បាន​រាយការណ៍​មក​ថា ជា​ញឹកញាប់​មាន​នៅ​ក្នុង​លំហអាកាស ហើយ​តែង​ជួប​នឹង​ដំណើរ​ជីវិត​របស់​ភព​ផែនដី។

ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​មក​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​របស់​សហរដ្ឋ​អាមេរិក រួម​នឹង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ធ្វើ​សេចក្ដី​រាយការណ៍​ដោយ​ស្នើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​បកស្រាយ​អំពី​បាតុភូត​នេះ។ នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​សមាជិក​ព្រឹទ្ធសភា​បាន​សាកសួរ និង​ទាមទារ​ឱ្យ​រដ្ឋការ​លោក​ប្រធានាធិបតី ចូ បៃដិន ត្រូវ​ខិតខំ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ប្រភព​ដែល​ស្ថាបនា​យានអវកាស UFO ព្រោះតែ​បារម្ភ​ថា​នឹង​អាច​មាន​បាតុភូត​អាក្រក់​មក​លើ​ផែនដី​របស់​មនុស្ស៕