ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ឯកសារ)

នយោបាយ

ក្រុម​អ្នក​តស៊ូ​មតិ៖ មាន​តែ​មេ​ដឹកនាំ​នយោបាយ​ពីរ​រូប​ប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន

By ឌឹ ខេមបូឌា ដេលី

June 30, 2021

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា មេដឹកនាំ​នយោបាយ​ដែល​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​តែ ២​នាក់​ប៉ុណ្ណោះ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា នេះ​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ជា​មេដឹកនាំ​ដែល​មាន​សក្ដានុពល​ជាង​មេដឹកនាំ​ណាៗ​ទាំងអស់​នៅ​កម្ពុជា ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​សព្វថ្ងៃ​នេះ។

លោក​អះអាង​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​អាច​បន្ត​នៅ​ស្ងៀម​បែប​នេះ​រហូត​នោះ​ទេ ព្រោះ​ថា​ការ​ធ្វើ​នយោបាយ​ការទូត​មិនមែន​ពឹង​តែ​ទៅលើ​មន្ត្រី​ការទូត​នៃ​បណ្តា​ប្រទេស​នានា ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​នោះ​ដែរ ប៉ុន្តែ​ខ្លួន​លោក​ផ្ទាល់​ត្រូវតែ​ចេញ​សកម្មភាព​តាម​គ្រប់​រូបភាព និង​គ្រប់​វិធីសាស្ត្រ ដើម្បី​តស៊ូ​រក​យុត្តិធម៌​ជូន​គណបក្ស​របស់​ខ្លួន​ដែល​ត្រូវ​គេ​រំលាយ​ទាំង​អយុត្តិធម៌ ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង ៥០០៧​នាក់ ដែល​មិនទាន់​ផុត​អាណត្តិ​នៅ​ពេលនេះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ជំនួប​របស់​មន្ត្រី​ទូត​បណ្តា​ប្រទេស​លោក​សេរី​កន្លងមក​ជាមួយ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ គឺ​គេ​កំពុង​បង្ហាញ​ពី​ការ​ខ្វល់ខ្វាយ និង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច្នេះ​ជំនួប​ទាំងនោះ គឺជា​ការ​លើក​ទឹកចិត្ត និង​ជា​ការ​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង​ផង​ដែរ​លើ​លោក កឹម សុខា ឲ្យ​ងើប​ឡើង​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ទាំងនេះ​ដើម្បី​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា។

កាលពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami។

លោក​អះអាង​ថា ប្រទេស​ជប៉ុន គឺជា​ប្រទេស​ដែល​ជួយ​ដល់​កម្ពុជា​យ៉ាង​ច្រើន និង​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​ស្ដារ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ បើ​គិត​មក​ទល់​នឹង​ពេលនេះ គឺ​មាន​រយៈពេល ៣០​ឆ្នាំ​ហើយ។

កាលពី​ខែ​មេសា ឆ្នាំ​២០២១ ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា លោក ប៉ាប់ប្លូ កាំង ធ្លាប់​បាន​អះអាង​ថា លោក​នឹង​បន្ត​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា និង​ប្រកប​ដោយ​តម្លាភាព​លើ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​អះអាង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ នេះ​ថា សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត នៅតែ​ទទួលស្គាល់​អំពី​គុណ​តម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោលជំហរ​របស់​លោក​ដែល​តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​តែងតែ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ៕