29 C
Phnom Penh

ពលរដ្ឋ​ក្រុង​ព្រះសីហនុ​ចោទ​ប្រធាន​អគ្គិសនី​ខេត្ត​ថា​កំណត់​ថាមពល​ប្រើប្រាស់​ប្រចាំ​ខែ​របស់​ពលរដ្ឋ​ខុស​ប្រក្រតី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ បាន​ត្អូញត្អែរ​ថា ការ​គណនា​ចរន្ត​អគ្គិសនី​នៅ​ក្នុង​មូលដ្ឋាន​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី ដោយ​គីឡូវ៉ាត់​ភ្លើង​ប្រើប្រាស់​ប្រចាំ​ខែ​នីមួយៗ​បាន​កើន​ជា​លំដាប់​ចាប់តាំង​ពី​មាន​ជំងឺ Covid-19 រាតត្បាត​មក ប៉ុន្តែ​បែរជា​ចោទ​ពលរដ្ឋ​ថា​ប្រើប្រាស់​ភ្លើង​ខ្ជះខ្ជាយ​ទៅវិញ។

ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ មាន​ចម្ងល់​ថា ទោះបី​ពួកគាត់​បាន​ប្រើប្រាស់​ភ្លើង​អគ្គិសនី​សន្សំសំចៃ ប៉ុន្តែ​វិក្កយបត្រ​ថ្លៃ​ភ្លើង​ប្រចាំ​ខែ​បាន​បន្ត​កើន​គីឡូ​ជា​លំដាប់។ ពលរដ្ឋ​បាន​ទទូច​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត និង​មន្ត្រី​ថ្នាក់លើ​ត្រួតពិនិត្យ​ចំពោះ​អគ្គិសនី​កើន​ឡើង​ខុស​ប្រក្រតី ដែល​ជា​ការ​ដាក់​បន្ទុក​ដល់​ពួកគាត់​ថែម​មួយ​កម្រិត​ទៀត​នោះ។

ពលរដ្ឋ​ខ្លះ​ទៀត​បាន​អះអាង​ថា នៅ​ក្នុង​អំឡុង​ពេល​ជំងឺ Covid-19 រាតត្បាត​ខ្លាំង​នៅ​ក្រុង​ព្រះសីហនុ គឺ​ពួកគាត់​បាន​បិទ​ទ្វារ​ផ្ទះ​ទុក​ចោល​មួយ​រយៈ ប៉ុន្តែ​សម្រាប់​កុងទ័រ​ភ្លើង​នៅតែ​ដើរ​ឥត​ឈប់ និង​ត្រូវ​បង់​ថ្លៃ​ភ្លើង​ប្រចាំ​ខែ​ជាបន្តបន្ទាប់។

ពលរដ្ឋ​ភាគច្រើន​បាន​ចោទ​លោក សោ លីម ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កេង​បន្លំ​ថាមពល​ប្រើប្រាស់​របស់​ពលរដ្ឋ ដោយ​ពលរដ្ឋ​កត់សម្គាល់​ឃើញ​ថា វិក្កយបត្រ​តាម​ខែ​នីមួយៗ គឺ​គីឡូវ៉ាត់ម៉ោង​ភ្លើង​កើន​ខុស​ប្រក្រតី បើ​ទោះបីជា​ពួកគាត់​ប្រើប្រាស់​សន្សំសំចៃ​ក៏ដោយ។

ករណី​នេះ ពលរដ្ឋ​មួយ​ចំនួន​បាន​ស្នើ​មន្ត្រី​អគ្គិសនី​ខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ​លើ​បច្ចេកទេស ឬ​វាស់​កុងទ័រ​ភ្លើង ដោយ​បារម្ភ​ខ្លាច​មាន​ការ​ឆ្លង ឬ​មាន​ខុស​បច្ចេកទេស​អ្វី​មួយ ប៉ុន្តែ​ចម្លើយ​ដែល​ទទួល​បាន​ពី​ក្រុម​អ្នក​បច្ចេកទេស ឬ​ពី​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ បែរជា​មក​ចោទ​ពលរដ្ឋ​ថា​ប្រើប្រាស់​ភ្លើង​ខ្ជះខ្ជាយ​ដោយ​ខ្លួនឯង​ទៅវិញ។

ពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ បាន​រិះគន់​ចំពោះ​ការ​ឆ្លើយ​ដោះសា​របស់​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ថា​មិន​មាន​ការ​ទទួល​ខុសត្រូវ​ទៅលើ​ការងារ​របស់​ខ្លួន។ ពលរដ្ឋ​បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ត្រួតពិនិត្យ​ការងារ​របស់​លោក សោ លីម ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដែល​មិន​មាន​ការ​ទទួល​ខុសត្រូវ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នេះ។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក សោ លីម ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដើម្បី​ស្នើសុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​របស់​ពលរដ្ឋ​ចំពោះ​កុងទ័រ​កំណត់​ថាមពល​ប្រើប្រាស់​អគ្គិសនី​ខេត្ត​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស