28.4 C
Phnom Penh

អាមេរិក​និង​អ៊ុយក្រែន រួម​នឹង​ណាតូ ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​សមុទ្រ​ខ្មៅ ខណៈ​រុស្ស៊ី​បាញ់​កាំជ្រួច​ព្រមាន​នៅ​តំបន់​ដែនទឹក​គ្រីមមៀ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត សហរដ្ឋ​អាមេរិក​សម្រេច​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​បាញ់​ព្រមាន​នៃ​កង​កាំជ្រួច​របស់​រុស្ស៊ី ដោយ​ក្រុង​វ៉ាស៊ីនតោន ជ្រើសរើស​ការ​ធ្វើ​សមយុទ្ធ​នាវា​ចម្បាំង​ជាមួយ​កង​នាវា​ចម្បាំង​របស់​ប្រទេស​អ៊ុយក្រែន និង​កង​នាវា​នៃ​ប្រទេស​សមាជិក​ណាតូ នៅ​ដែនសមុទ្រ​ខ្មៅ ជា​ទី​ដែល​ក្រុង​ម៉ូស្គូ អះអាង​ដោយ​ឯកតោភាគី​ថា​ជា​ដែនទឹក​របស់​ខ្លួន ហើយ​ព្រមាន​បាញ់​កាំជ្រួច​ដាក់​នាវា​ណា​ដែល​ហ៊ាន​ចូល​តំបន់​នោះ។

សហរដ្ឋ​អាមេរិក រួម​នឹង​សម្ព័ន្ធមិត្ត​ណាតូ បាន​បញ្ចេញ​ឥរិយាបថ​ប្រឆាំង​នឹង​រុស្ស៊ី ដែល​ប៉ុនប៉ង​កាន់កាប់​ដែនទឹក​របស់​ប្រទេស​អ៊ុយក្រែន ជា​អតីត​ធ្លាប់​ជ្រក​ក្រោម​ដំបូល​របស់​សហភាព​សូវៀត។ ក្នុង​ស្ថានភាព​តានតឹង​នេះ រុស្ស៊ី ត្រូវ​បាន​រាយការណ៍​មក​ថា បាន​បាញ់​កាំជ្រួច​ដែល​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​រុស្ស៊ី ឱ្យ​ធ្លាក់​ក្នុង​សមុទ្រ​ខ្មៅ ខណៈ​នាវា​ចម្បាំង​អាមេរិក និង​អ៊ុយក្រែន រួម​នឹង​កងនាវា​យោធា​ណាតូ កំពុង​ធ្វើ​សមយុទ្ធ​នៅ​តំបន់​នោះ។

សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឱ្យ​ដឹង​ថា កងនាវា​អ៊ុយក្រែន និង​សហរដ្ឋ​អាមេរិក និង​កងនាវា​របស់​អង្គការ​ណាតូ បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ក្នុង​សមុទ្រ​ខ្មៅ​ចាប់តាំង​ពី​ថ្ងៃ​ចន្ទ ទី​២៨ មិថុនា ដើម្បី​បង្ហាញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​រួម​គ្នា។

ប៉ុន្តែ​ការ​ធ្វើ​សមយុទ្ធ​នៃ​កងនាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន រួម​នឹង​យោធា​ណាតូ គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ប្រទេស​រុស្ស៊ី កាលពី​សប្ដាហ៍​មុន​ដែល​បាន​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​ធំ​ចំនួន ៤​គ្រាប់ ស្កាត់​មុខ​នាវា​ចម្បាំង​របស់​អង់គ្លេស ដែល​បាន​បើក​ទៅកាន់​តំបន់​មួយ​នៃ​ខ្សែទឹក​សមុទ្រ​ក្នុង​តំបន់​នោះ។

រុស្ស៊ី ព្រមាន​ថា នេះ​ជា​ការ​ព្រមាន​តែប៉ុណ្ណោះ ហើយ​បើ​អង់គ្លេស មិន​បើក​ចេញ​ទេ គឺ​អាច​ត្រូវ​គ្រាប់បែក ឬ​គ្រាប់​កាំជ្រួច​របស់​យន្តហោះ​ចម្បាំង​នៃ​រុស្ស៊ី។

ប្រទេស​រុស្សី បាន​អះអាង​ថា កងទ័ព​អាកាស​បាន​ទម្លាក់​គ្រាប់​ព្រមាន​ទៅលើ​នាវា​ចម្បាំង​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន ដោយសារតែ​នាវា​ចម្បាំង​នេះ​បាន​រំលោភ​ទៅលើ​អធិបតេយ្យភាព​ដែនទឹក​របស់​រុស្ស៊ី។

ប៉ុន្តែ​ប្រទេស​អង់គ្លេស ថា​ខ្លួន​គេ​មិន​បាន​ទទួល​សារ​ព្រមាន​ពី​រុស្ស៊ី នោះ​ទេ ហើយ​បាន​អះអាង​ថា នាវា​ចម្បាំង​របស់​អង់គ្លេស​បាន​ឆ្លងកាត់​ដែនទឹក​ប្រទេស​អ៊ុយក្រែន ដោយ​ស្រប​ទៅតាម​ច្បាប់​អន្តរជាតិ។

សមយុទ្ធ​កងនាវា​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន ក្នុង​តំបន់​សមុទ្រ​ខ្មៅ​នេះ បាន​កើត​មាន​ឡើង​ចំនួន ២១​លើក​រួច​មក​ហើយ ចាប់តាំង​ពី​ឆ្នាំ​១៩៩៧ មក ប៉ុន្តែ​ការ​ធ្វើ​សមយុទ្ធ​នៅ​ពេល​នេះ​មាន​បុគ្គលិក​យោធា​ចូលរួម​ប្រមាណ ៥​ពាន់​នាក់​មកពី​ប្រទេស​ចំនួន​៣០ ដែល​ជា​សមាជិក​របស់​អង្គការ​យោធា​ណាតូ។ សមយុទ្ធ​នេះ​ដឹកនាំ​ដោយ​កងនាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក ហើយ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការ​យោធា​ណាតូ ផង​ដែរ។ សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា Sea Breeze 2021។

សមយុទ្ធ​យោធា​នេះ​មាន​រយៈពេល ២​សប្តាហ៍ និង​មាន​នាវា​ចម្បាំង​ចូលរួម​ប្រមាណ ៣០​គ្រឿង ដែល​ក្នុង​នោះ​ក៏​រួម​មាន​នាវា​របស់​សហរដ្ឋ​អាមេរិក USS Ross ដែល​បំពាក់​ទៅ​ដោយ​កាំជ្រួច និង​យន្តហោះ​ចម្បាំង ៤០​គ្រឿង។

ឧត្តមសេនីយ៍ Oleksiy Neizhpapa មេបញ្ជាការ​កងទ័ព​ជើងទឹក​អ៊ុយក្រែន បាន​និយាយ​ក្នុង​ពិធី​បើក​សមយុទ្ធ​យោធា​ក្នុង​ទីក្រុង​កំពង់ផែ Odessa នៃ​ប្រទេស​អ៊ុយក្រែន ថា ព្រឹត្តិការណ៍​នេះ​គឺជា​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ការ​ថែរក្សា​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​តំបន់​នៃ​សមុទ្រ​ខ្មៅ។

តំបន់​គ្រីមមៀ ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ុយក្រែន បាន​ធ្លាក់​មក​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី ក្នុង​ឆ្នាំ​២០១៤ តាមរយៈ​ការបោះឆ្នោត​ប្រជាមតិ ដែល​តំបន់​នោះ​ជា​ដែនដី​អ៊ុយក្រែន តែ​ជនជាតិ​រុស្សី មក​បង្កើត​ភូមិ​រស់នៅ​កាល​ពី​សម័យ​អតីត​សហភាព​សូវៀត។

ក្រោយ​ពី​តំបន់​គ្រីមមៀ បាន​ឆ្លងកាត់​ការបោះឆ្នោត​ដោយ​សំឡេង​ឆ្នោត​លើសលុប បង្ហាញ​ពី​ការ​ផ្ដាច់​ខ្លួន​ចេញពី​ការ​គ្រប់គ្រង​របស់​អ៊ុយក្រែន គឺ​រុស្ស៊ី បាន​អះអាង​ថា ដែនទឹក​ជុំវិញ​តំបន់​នោះ​ជា​ផ្នែក​មួយ​នៃ​អធិបតេយ្យភាព​របស់​រុស្ស៊ី។

ប៉ុន្តែ​ពុំ​មាន​ការ​ទទួលស្គាល់​របស់​រុស្ស៊ី នោះ​ទេ។ ទាំង​សហរដ្ឋ​អាមេរិក អង់គ្លេស និង​បក្ស​សម្ព័ន្ធ​យោធា​ណាតូ បាន​ប្រឆាំង​នឹង​ការ​វាតទី​របស់​ប្រទេស​រុស្ស៊ី។ ប្រទេស​ទាំងនេះ​នៅតែ​ចាត់ទុក​ដែនទឹក​ជាប់​ឧបទ្វីប​គ្រីមមៀ ជា​របស់​អ៊ុយក្រែន។

ក្នុង​ស្ថានភាព​តានតឹង​នេះ រុស្ស៊ី មិន​បាន​ស្ងប់ស្ងាត់​ឡើយ។ កង​កាំជ្រួច​របស់​រុស្ស៊ី បាន​ធ្វើ​តេស្ដ​សមត្ថភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ខ្លួន​នៅ​តំបន់​គ្រីមមៀ ដែល​មើល​ទៅ​ជា​ការ​ព្រមាន​សមយុទ្ធ​របស់​សហរដ្ឋ​អាមេរិក អ៊ុយក្រែន និង​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ ដែល​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​សមុទ្រ​ខ្មៅ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​រុស្ស៊ី បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ទីក្រុង​ម៉ូស្គូ ពិតជា​បាន​ធ្វើ​តេស្ដ​សមត្ថភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 និង Pantsir នៅ​ឯ​តំបន់​គ្រីមមៀ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Interfax ឲ្យ​ដឹង​ថា ទីក្រុង​ម៉ូស្គូ បាន​អំពាវនាវ​ឱ្យ​លុបចោល​សមយុទ្ធ Sea Breeze នេះ គឺ​ច្រើន​សប្ដាហ៍​មុន​ពេល​ចាប់ផ្ដើម។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ព្រមាន​ថា ប្រសិនបើ​ចាំបាច់​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​របស់​រុស្ស៊ី គឺ​ត្រូវតែ​ប្រតិកម្ម។

តើ​ភាព​តានតឹង​រវាង​អាមេរិក និង​រុស្ស៊ី ជា​ថ្មី​ទៀត​នេះ អាច​ធ្វើ​ឱ្យ​លទ្ធផល​នៃ​ជំនួប​កំពូល​នៅ​ប្រទេស​ស្វីស កាលពី​ថ្មីៗ​នេះ​រវាង​ប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​សមភាគី​រុស្ស៊ី ផ្លាឌីមៀ ពូទីន ធ្លាក់​ដល់​ចំណុច​សូន្យ​ដែរ​ឬ​ទេ?

តើ​ក្រោយ​ពី​បិទ​បញ្ចប់​នូវ​សមយុទ្ធ​កង​នាវា​ចម្បាំង​ដ៏​ធំ​រវាង​អាមេរិក និង​អ៊ុយក្រែន រួម​ជាមួយ​កងទ័ព​យោធា​ណាតូ អាច​ធ្វើ​ឱ្យ​អ៊ុយក្រែន កាន់តែ​រងា​ថែមទៀត ដោយ​ការ​គំរាម​ពី​សំណាក់​រុស្ស៊ី ឬ​ក៏​យ៉ាងហោចណាស់​រុស្ស៊ី ស្គាល់​អំពី​តម្លៃ​នៃ​កម្លាំង​របស់​ណាតូ ដែល​សហរដ្ឋ​អាមេរិក ដឹកនាំ​នៅ​ពីក្រោយ​អ៊ុយក្រែន ដែរ​ឬ​យ៉ាង​ណា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស