28.4 C
Phnom Penh

អាមេរិក​និង​ឥណ្ឌូនេស៊ី​ស្ថាបនា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ទ័ព​ជើងទឹក​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឥណ្ឌូនេស៊ី និង​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ កំពុង​រួម​ដៃ​គ្នា​ស្ថាបនា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ទ័ព​ជើងទឹក​រួម​គ្នា​នៅ​លើ​កោះ Riau ស្ថិត​នៅ​ជាប់​នឹង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជាប់​ព្រំដែន​ទឹក​ឥណ្ឌូនេស៊ី។

សារព័ត៌មាន The star and Stripes បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា ប្រទេស​ទាំង​ពីរ​បាន​សម្រេច​បើក​ការដ្ឋាន​ស្ថាបនា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ទ័ព​ជើងទឹក បន្ទាប់ពី​បាន​សន្យា​សហការ​គ្នា​ក្នុង​ការការពារ​លំហ​សមុទ្រ​របស់​ឥណ្ឌូនេស៊ី នៅ​សមុទ្រ​ចិន​ខាងត្បូង។

ភាព​ជា​ដៃគូ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គំរូ​មួយ​របស់​អាមេរិក​ចំពោះ​ឥណ្ឌូនេស៊ី ដែល​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ប្រឆាំង​នឹង​ចិន​លើ​បញ្ហា​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​មហាយក្ស​មួយ​នេះ​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ាន និង​ដែន​កោះ​តៃវ៉ាន់។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី លោក Sung Kim ថ្លែង​ថា ក្នុង​នាម​ជា​មិត្ត និង​ជា​ដៃគូ​ចំពោះ​ឥណ្ឌូនេស៊ី គឺ​សហរដ្ឋ​អាមេរិក​នៅតែ​ប្ដេជ្ញា​ចិត្ត​គាំទ្រ​តួនាទី​សំខាន់​របស់​ឥណ្ឌូនេស៊ី​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ដោយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​បញ្ហា​អសន្តិសុខ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ។

យោង​តាម​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ដែនសមុទ្រ គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ឥណ្ឌូនេស៊ី គឺជា​ដៃគូ​មួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​បញ្ហា​នេះ។

ស្ថានទូត​អាមេរិក បាន​ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក និង​ឥណ្ឌូនេស៊ី បាន​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ដែនសមុទ្រ​នេះ​មាន​ទឹកប្រាក់ ៣​លាន ៥​សែន​ដុល្លារ។

មជ្ឈមណ្ឌល​នេះ​កំពុង​ត្រូវ​បាន​សាងសង់​នៅ​លើ​កោះ Riau នៃ​ដែនទឹក​ប្រទេស​ឥណ្ឌូនេស៊ី ក្បែរ​មាត់សមុទ្រ​ម៉ាឡាកា ដែល​ជា​បណ្ដាញ​ដឹកជញ្ជូន​អន្តរជាតិ​នាំមុខ​គេ​ភ្ជាប់​មហាសមុទ្រ​ឥណ្ឌា និង​ប៉ាស៊ីហ្វិក។

ចំពោះ​ប្រទេស​ចិន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​កិច្ចការ​ទំនាក់ទំនង​ពាណិជ្ជកម្ម ហើយ​បាន​ព្យាយាម​បង្កើត​កងទ័ព​ជើងទឹក​របស់​ខ្លួន​ដើម្បី​ការពារ​អំណាច អរិភាព​ណាមួយ​ដែល​រាំងខ្ទប់​ឥទ្ធិពល​ចិន​ក្នុង​តំបន់។

មជ្ឈមណ្ឌល​នេះ​នឹង​រួមបញ្ចូល​ទាំង​បន្ទប់​រៀន ការិយាល័យ និង​បន្ទាយ។ មជ្ឈមណ្ឌល​នេះ​អាច​ទទួល​សិស្ស​យោធា​រហូត​ដល់ ៥០​នាក់ និង​គ្រូ ១២​នាក់។

គេ​មិន​ច្បាស់​ទេ​ថា តើ​ការ​បណ្តុះបណ្តាល​បែប​ណា​ដែល​នឹង​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​នេះ ប៉ុន្តែ​លោក Sung Kim និយាយ​ថា វា​នឹង​ផ្ដោត​លើ​សន្តិសុខ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម។

មជ្ឈមណ្ឌល​នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ដែនសមុទ្រ​ឥណ្ឌូនេស៊ី ការិយាល័យ​កិច្ចការ​គ្រឿងញៀន និង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​របស់​ស្ថានទូត និង​ការិយាល័យ​វិស្វកម្ម​គ្រឿងបរិក្ខារ​កង​នាវាចរ​របស់​សហរដ្ឋ​អាមេរិក។

តំបន់​នេះ គឺជា​ចំណុច​នៃ​ភាព​តានតឹង​ជាបន្តបន្ទាប់​រវាង​ទីក្រុង​ប៉េកាំង និង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក។

មជ្ឈមណ្ឌល​ដែនសមុទ្រ​នេះ សំដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក និង​ឥណ្ឌូនេស៊ី ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​ឥណ្ឌូនេស៊ី និង​ចិន ជុំវិញ​ការរំលោភ​ចូល​ដែនសមុទ្រ​នៅ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​នៅ​ជិត​កោះ​ណាទូណា នៃ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្មីៗ​នេះ។

ដោយសារតែ​ស្ថានភាព​បែប​នេះ គឺ​កាលពី​ថ្មីៗ ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្នើ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ចរចា​បន្ទាន់​រវាង​អាស៊ាន និង​ចិន ស្ដីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​ពី​កិច្ចពិភាក្សា​ត្រូវ​បាន​ផ្អាក​កាលពី​ឆ្នាំ​មុន​ចំ​ពេល​មាន​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ-១៩។

សំណើ​របស់​ភាគី​ឥណ្ឌូនេស៊ី បាន​ធ្វើឡើង​ក្នុង​អំឡុង​កិច្ចប្រជុំ​នៃ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អាស៊ាន បូក​នឹង​សមភាគី​ចិន នៅ​ទីក្រុង​ឆុងឈីង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៧ មិថុនា។

ប្រទេស​ក្នុង​សមាគម​អាស៊ាន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង មាន​ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ព្រុយណេ និង​ឥណ្ឌូនេស៊ី ជា​ប្រទេស​ចុងក្រោយ​គេ​ដែល​ចិន​ប្រាប់​ថា ក្រុង​ប៉េកាំង​មាន​ព្រំដែន​ទឹក​ត្រួត​ស៊ី​គ្នា​ជាមួយ​ក្រុង​ចាកាតារ។

សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​សមុទ្រ​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ ដូចជា​រ៉ែ ប្រេង ឧស្ម័ន​ធម្មជាតិ ត្រី និង​សម្បត្តិ​ជាច្រើន​ទៀត។ តំបន់​នោះ​មាន​ផ្ទៃក្រឡា ៣​លាន​គីឡូម៉ែត្រ​ក្រឡា ហើយ​មាន ២៥០​កោះ។

ក្រុង​ប៉េកាំង​បាន​អះអាង​ថា ខ្លួន​គេ​មាន​ដែនទឹក​ដល់​ទៅ ៩០% នៅ​ទូទាំង​សមុទ្រ​ចិន​ខាងត្បូង។

ឥឡូវ សមុទ្រ​នេះ​បាន​ក្លាយ​ជា​ដែនសមុទ្រ​យុទ្ធសាស្ត្រ ឬ​ជា​ផ្លូវ​ដង្ហើម​សេដ្ឋកិច្ច​របស់​ចិន ដែល​ក្រុង​ប៉េកាំង​ចាំបាច់​រាំង​ខ្ទប់​ភាគី​ផ្សេង ឬ​ដៃគូ​ប្រជែង​ដូចជា​អាមេរិក ជាដើម។

តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​ចិន ទោះ​ជា​យោង​លើ​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ក៏ដោយ ក៏​តំបន់​ទាំងនោះ​ស្ថិត​ក្នុង​ហេតុផល​ប្រវត្តិសាស្ត្រ​របស់​ចិន​ទាំងមូល។ យោង​តាម​ច្បាប់​សមុទ្រ​នេះ គឺ​មាន​ចំណុច​មួយ​កំណត់​ពី​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ (EEZ) ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ជាប់​សមុទ្រ​ទាញ​យក​ផលប្រយោជន៍​ពី​ធនធាន​សមុទ្រ។

ចំណែក​វៀតណាម បាន​ទាមទារ​លើ​ផ្នែក​ទាំងស្រុង​នៃ​ប្រជុំ​កោះ Paracel និង​ផ្នែក​ខ្លះ​នៃ​ប្រជុំ​កោះ Spratly នៃ​ដែនសមុទ្រ​នេះ។

ប្រទេស​ព្រុយណេ ទាមទារ​ដែនទឹក​មួយ​ភាគ​តូច​ក្បែរ​ប្រជុំ​កោះ Spratly ខណៈ​ម៉ាឡេស៊ី បាន​ទាមទារ​កោះ​តូចៗ​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​ប្រជុំ​កោះ Spratly និង​ផ្នែក​ផ្សេងទៀត​នៃ​សមុទ្រ​ចិន​ខាងត្បូង។ ចំណែក​ហ្វីលីពីន បាន​ទាមទារ​ប្រជុំ​កោះ Spratly ទាំងមូល និង​តំបន់​ផ្សេងទៀត។ ដោយឡែក​តៃវ៉ាន់ ប្រកាស​ថា​ខ្លួន​គេ​ក៏​មាន​ចំណែក​ក្នុង​តំបន់​នោះ​ដែរ គឺ​យ៉ាងហោចណាស់​មាន​ពី ៣ ទៅ ៥​កោះ​ជា​របស់​តៃវ៉ាន់។

ចំណែក​សហរដ្ឋ​អាមេរិក ទើប​ហក់​ចូល​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ តែ​ស្ថិត​ក្រោម​ការ​អះអាង​ថា ដើម្បី​សេរីភាព​លំហ​សមុទ្រ​ប៉ាស៊ីហ្វិក។

ទាំង​ចិន ទាំង​សហរដ្ឋ​អាមេរិក បាន​ដាក់​ពង្រាយ​រួចហើយ​នូវ​កង​នាវា​ចម្បាំង និង​នាវា​ផ្ទុក​យន្តហោះ។

នាវា USS Ronald Regan របស់​សហរដ្ឋ​អាមេរិក កំពុង​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួចហើយ។ មាន​ការ​ព្រមាន​ថា ភាព​ផុយ​ស្រួយ​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​មហា​អំណាច​ទាំង​ពីរ​នេះ​ងាយ​បំផុត ព្រោះ​កម្រិត​ហានិភ័យ​សឹងតែ​កើត​មាន​គ្រប់​ស្ថានការណ៍​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស