ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកនៅពេលនេះ កំពុងរួមដៃគ្នាស្ថាបនាមជ្ឈមណ្ឌលហ្វឹកហ្វឺនទ័ពជើងទឹករួមគ្នានៅលើកោះ Riau ស្ថិតនៅជាប់នឹងសមុទ្រចិនខាងត្បូងដែលជាប់ព្រំដែនទឹកឥណ្ឌូនេស៊ី។
សារព័ត៌មាន The star and Stripes បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា ថា ប្រទេសទាំងពីរបានសម្រេចបើកការដ្ឋានស្ថាបនាមជ្ឈមណ្ឌលហ្វឹកហ្វឺនទ័ពជើងទឹក បន្ទាប់ពីបានសន្យាសហការគ្នាក្នុងការការពារលំហសមុទ្ររបស់ឥណ្ឌូនេស៊ី នៅសមុទ្រចិនខាងត្បូង។
ភាពជាដៃគូនេះ ត្រូវបានគេមើលឃើញថាជាគំរូមួយរបស់អាមេរិកចំពោះឥណ្ឌូនេស៊ី ដែលបានប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងចិនលើបញ្ហាជុំវិញសមុទ្រចិនខាងត្បូង ដែលប្រទេសមហាយក្សមួយនេះកំពុងមានជម្លោះជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ាន និងដែនកោះតៃវ៉ាន់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅឥណ្ឌូនេស៊ី លោក Sung Kim ថ្លែងថា ក្នុងនាមជាមិត្ត និងជាដៃគូចំពោះឥណ្ឌូនេស៊ី គឺសហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តគាំទ្រតួនាទីសំខាន់របស់ឥណ្ឌូនេស៊ីក្នុងការថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ដោយប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មក្នុងប្រទេស និងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបញ្ហាអសន្តិសុខនៃដែនសមុទ្រចិនខាងត្បូងផងដែរ។
យោងតាមឯកអគ្គរដ្ឋទូតអាមេរិករូបនេះ មជ្ឈមណ្ឌលហ្វឹកហ្វឺនដែនសមុទ្រ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលកំពុងបន្តដើម្បីពង្រឹងសន្តិសុខក្នុងតំបន់ជុំវិញសមុទ្រចិនខាងត្បូង ខណៈឥណ្ឌូនេស៊ី គឺជាដៃគូមួយរបស់សហរដ្ឋអាមេរិកសម្រាប់បញ្ហានេះ។
ស្ថានទូតអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលដែនសមុទ្រនេះមានទឹកប្រាក់ ៣លាន ៥សែនដុល្លារ។
មជ្ឈមណ្ឌលនេះកំពុងត្រូវបានសាងសង់នៅលើកោះ Riau នៃដែនទឹកប្រទេសឥណ្ឌូនេស៊ី ក្បែរមាត់សមុទ្រម៉ាឡាកា ដែលជាបណ្ដាញដឹកជញ្ជូនអន្តរជាតិនាំមុខគេភ្ជាប់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។
ចំពោះប្រទេសចិនពឹងផ្អែកយ៉ាងខ្លាំងលើកិច្ចការទំនាក់ទំនងពាណិជ្ជកម្ម ហើយបានព្យាយាមបង្កើតកងទ័ពជើងទឹករបស់ខ្លួនដើម្បីការពារអំណាច អរិភាពណាមួយដែលរាំងខ្ទប់ឥទ្ធិពលចិនក្នុងតំបន់។
មជ្ឈមណ្ឌលនេះនឹងរួមបញ្ចូលទាំងបន្ទប់រៀន ការិយាល័យ និងបន្ទាយ។ មជ្ឈមណ្ឌលនេះអាចទទួលសិស្សយោធារហូតដល់ ៥០នាក់ និងគ្រូ ១២នាក់។
គេមិនច្បាស់ទេថា តើការបណ្តុះបណ្តាលបែបណាដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលនេះ ប៉ុន្តែលោក Sung Kim និយាយថា វានឹងផ្ដោតលើសន្តិសុខសម្រាប់វិស័យពាណិជ្ជកម្ម។
មជ្ឈមណ្ឌលនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នានៃទីភ្នាក់ងារសន្តិសុខដែនសមុទ្រឥណ្ឌូនេស៊ី ការិយាល័យកិច្ចការគ្រឿងញៀន និងការអនុវត្តច្បាប់អន្តរជាតិរបស់ស្ថានទូត និងការិយាល័យវិស្វកម្មគ្រឿងបរិក្ខារកងនាវាចររបស់សហរដ្ឋអាមេរិក។
តំបន់នេះ គឺជាចំណុចនៃភាពតានតឹងជាបន្តបន្ទាប់រវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។
មជ្ឈមណ្ឌលដែនសមុទ្រនេះ សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងឥណ្ឌូនេស៊ី និងចិន ជុំវិញការរំលោភចូលដែនសមុទ្រនៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅជិតកោះណាទូណា នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗនេះ។
ដោយសារតែស្ថានភាពបែបនេះ គឺកាលពីថ្មីៗ ប្រទេសឥណ្ឌូនេស៊ី បានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាបន្ទាន់រវាងអាស៊ាន និងចិន ស្ដីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ក្រោយពីកិច្ចពិភាក្សាត្រូវបានផ្អាកកាលពីឆ្នាំមុនចំពេលមានការរាតត្បាតដោយជំងឺកូវីដ-១៩។
សំណើរបស់ភាគីឥណ្ឌូនេស៊ី បានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំនៃថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ាន បូកនឹងសមភាគីចិន នៅទីក្រុងឆុងឈីង ប្រទេសចិន កាលពីថ្ងៃទី៧ មិថុនា។
ប្រទេសក្នុងសមាគមអាស៊ានដែលកំពុងមានជម្លោះជាមួយចិន នៃដែនសមុទ្រចិនខាងត្បូង មានហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ព្រុយណេ និងឥណ្ឌូនេស៊ី ជាប្រទេសចុងក្រោយគេដែលចិនប្រាប់ថា ក្រុងប៉េកាំងមានព្រំដែនទឹកត្រួតស៊ីគ្នាជាមួយក្រុងចាកាតារ។
សមុទ្រចិនខាងត្បូង គឺជាតំបន់សមុទ្រមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែ ប្រេង ឧស្ម័នធម្មជាតិ ត្រី និងសម្បត្តិជាច្រើនទៀត។ តំបន់នោះមានផ្ទៃក្រឡា ៣លានគីឡូម៉ែត្រក្រឡា ហើយមាន ២៥០កោះ។
ក្រុងប៉េកាំងបានអះអាងថា ខ្លួនគេមានដែនទឹកដល់ទៅ ៩០% នៅទូទាំងសមុទ្រចិនខាងត្បូង។
ឥឡូវ សមុទ្រនេះបានក្លាយជាដែនសមុទ្រយុទ្ធសាស្ត្រ ឬជាផ្លូវដង្ហើមសេដ្ឋកិច្ចរបស់ចិន ដែលក្រុងប៉េកាំងចាំបាច់រាំងខ្ទប់ភាគីផ្សេង ឬដៃគូប្រជែងដូចជាអាមេរិក ជាដើម។
តាមការអះអាងរបស់រដ្ឋាភិបាលចិន ទោះជាយោងលើច្បាប់របស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដោយ ក៏តំបន់ទាំងនោះស្ថិតក្នុងហេតុផលប្រវត្តិសាស្ត្ររបស់ចិនទាំងមូល។ យោងតាមច្បាប់សមុទ្រនេះ គឺមានចំណុចមួយកំណត់ពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ដែលអនុញ្ញាតឲ្យប្រទេសជាប់សមុទ្រទាញយកផលប្រយោជន៍ពីធនធានសមុទ្រ។
ចំណែកវៀតណាម បានទាមទារលើផ្នែកទាំងស្រុងនៃប្រជុំកោះ Paracel និងផ្នែកខ្លះនៃប្រជុំកោះ Spratly នៃដែនសមុទ្រនេះ។
ប្រទេសព្រុយណេ ទាមទារដែនទឹកមួយភាគតូចក្បែរប្រជុំកោះ Spratly ខណៈម៉ាឡេស៊ី បានទាមទារកោះតូចៗមួយចំនួនដែលស្ថិតក្នុងប្រជុំកោះ Spratly និងផ្នែកផ្សេងទៀតនៃសមុទ្រចិនខាងត្បូង។ ចំណែកហ្វីលីពីន បានទាមទារប្រជុំកោះ Spratly ទាំងមូល និងតំបន់ផ្សេងទៀត។ ដោយឡែកតៃវ៉ាន់ ប្រកាសថាខ្លួនគេក៏មានចំណែកក្នុងតំបន់នោះដែរ គឺយ៉ាងហោចណាស់មានពី ៣ ទៅ ៥កោះជារបស់តៃវ៉ាន់។
ចំណែកសហរដ្ឋអាមេរិក ទើបហក់ចូលក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តែស្ថិតក្រោមការអះអាងថា ដើម្បីសេរីភាពលំហសមុទ្រប៉ាស៊ីហ្វិក។
ទាំងចិន ទាំងសហរដ្ឋអាមេរិក បានដាក់ពង្រាយរួចហើយនូវកងនាវាចម្បាំង និងនាវាផ្ទុកយន្តហោះ។
នាវា USS Ronald Regan របស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅសមុទ្រចិនខាងត្បូងរួចហើយ។ មានការព្រមានថា ភាពផុយស្រួយនៃការប៉ះទង្គិចគ្នារវាងកងទ័ពមហាអំណាចទាំងពីរនេះងាយបំផុត ព្រោះកម្រិតហានិភ័យសឹងតែកើតមានគ្រប់ស្ថានការណ៍ទាំងអស់៕