ពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា បទល្មើសនាំចូលសត្វមាន់ទា និងផលិតផលពីបក្សីចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា នៅពេលយប់ តាមច្រករបៀងឫស្សីបីគុម្ព ស្ថិតក្នុងភូមិជាវប្ដី ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចពីស្ថាប័នពាក់ព័ន្ធណាមួយចេញមុខបង្ក្រាបនោះទេ។
ប្រភពបញ្ជាក់ថា បទល្មើសនេះអាចធ្វើសកម្មភាពទៅបានដោយសារសមត្ថកិច្ចចម្រុះប្រចាំការនៅតាមច្រករបៀងឫស្សីបីគុម្ព បានត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញ ហើយបើកឲ្យរថយន្តដឹកសត្វបក្សីឆ្លងដែនពីវៀតណាមចូលមកកម្ពុជាតាមច្រករបៀងទាំងនេះ ដោយគ្មានឯកសារស្ដីពីសុខភាពសត្វបក្សីពីភាគវៀតណាម ឲ្យបានត្រឹមត្រូវនោះទេ។
ពលរដ្ឋបញ្ជាក់ថា បញ្ហានេះអាចមានជាប់ពាក់ព័ន្ធជាមួយលោក ថៃ លី ប្រធានការិយាល័យបសុព្យាបាលខេត្តតាកែវ ផងដែរ។
ប្រភពបន្តទៀតថា កាលពីសប្ដាហ៍មុននេះ មានសាច់ញាតិរបស់លោក ថៃ លី ឈ្មោះ សឿន ក៏ជាមន្ត្រីការិយាល័យ និងបសុព្យាបាលខេត្តតាកែវ ក៏បានបើកដៃឲ្យរថយន្តជាច្រើនគ្រឿងដឹកកូនមាន់ និងកូនទាចេញពីវៀតណាម នៅម៉ោងជិតភ្លឺ ចូលតាមច្រករបៀងឫស្សីបីគុម្ព ចូលមកកម្ពុជាដោយរលូន។
ចំពោះសកម្មភាពនាំចូលបក្សីពីវៀតណាម ចូលមកកម្ពុជានេះ គឺបានអនុវត្តផ្ទុយពីសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីវិធានការទប់ស្កាត់ជំងឺផ្ដាសាយបក្សី A/H5N1 ដែលផ្ទុះរាលដាលខ្លាំងនៅភាគខាងត្បូងនៃប្រទេសវៀតណាម ហើយក្រសួងកសិកម្ម បានហាមការនាំចូលសត្វមាន់ សត្វទា និងផលិតផលបក្សីគ្រប់ប្រភេទពីវៀតណាម ត្រូវតែមានលិខិតបញ្ជាក់សុខភាពសត្វឲ្យបានត្រឹមត្រូវពីអាជ្ញាធរវៀតណាម និងមន្ត្រីជំនាញពេទ្យសត្វខ្មែរនៅតាមច្រកព្រំដែននីមួយៗ។
យ៉ាងនេះក្តី The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ដើម្បីឆ្លើយតបជុំវិញការលួចនាំចូលសត្វមាន់ទា និងផលិតផលបក្សីតាមច្រករបៀងឫស្សីបីគុម្ព មានទីតាំងនៅភូមិជាវប្តី ឃុំតាអូរ ស្រុកគីរីវង់ បានទេនៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ៕