29 C
Phnom Penh

GDP ស្នើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​កម្រិត​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់​ទាំង​៣​ប្រភេទ​នា​ពេល​កន្លងមក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា គួរតែ​បង្ហាញ​ទិន្នន័យ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទាំង​បី​ប្រភេទ គឺ​ស៊ីណូវ៉ាក់ ស៊ីណូហ្វាម និង​អាស្ត្រាសេណីកា ដែល​ខ្លួន​បាន​ប្រើ​កន្លង​មក ដោយ​ឈ​រលើ​បទពិសោធន៍​ជាក់ស្តែង​ដែល​បាន​ចាក់​ជូន​ពលរដ្ឋ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​លើកឡើង​ថា សម្រាប់​ប្រទេស​កម្ពុជា ដែល​អាច​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ចំនួន​កំណត់​ចាក់​ជូន​ប្រជាពលរដ្ឋ គឺជា​រឿង​ល្អ​ដើម្បី​បញ្ឈប់​ការ​ចម្លង​វីរុស Covid-19 ប៉ុន្តែ​រដ្ឋាភិបាល​នៅ​មិនទាន់​បង្ហាញ​ពី​កម្រិត​ប្រសិទ្ធភាព​ជាក់លាក់​របស់​វ៉ាក់សាំង​ទាំង ៣​ប្រភេទ​ដែល​ខ្លួន​បាន​ប្រើប្រាស់​កន្លង​មក​នៅឡើយ​ទេ។

ការ​លើកឡើង​របស់​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ គឺ​បន្ទាប់ពី​កម្ពុជា​ទទួល​វ៉ាក់សាំង​ចំនួន ១​លាន​ដូស​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ តាម​ការ​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​កម្ពុជា ពី​ប្រទេស​ចិន ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា នេះ​ថា ក្រសួង​សុខាភិបាល អាច​ធ្វើ​របាយការណ៍​តាមដាន​ពី​ចំនួន​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់​ក្នុង​កម្រិត​ណាមួយ ដើម្បី​ឲ្យ​ដឹង​ថា៖

  • ក្រោយ​ចាក់​ថ្នាំបង្ការ​នេះ​រួច​ហើយ តើ​កម្រិត​នៃ​ការ​ឆ្លង​វីរុស Covid-19 នឹង​ថយ​ចុះ​កម្រិត​ណា?
  • តើ​ប្រសិទ្ធភាព​ចំពោះ​ការ​ចាក់​លើក​ទី​១ និង​ការ​ចាក់​លើក​ទី​២ ខុស​គ្នា​ដូចម្តេច?
  • តើ​វ៉ាក់សាំង​ដែល​កម្ពុជា បាន​ប្រើ​នៅ​ពេល​នេះ គួរ​ចាក់​ត្រឹម​ដូស​ទី​២ ឬ​ត្រូវ​ចាក់​ថែម​ប៉ុន្មាន​ដូស​ទៀត ទើប​អាច​ការពារ​ការ​ឆ្លង​នៃ​វីរុស Covid-19 នេះ​បាន ១០០%?

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ការ​ផ្តល់​របាយការណ៍​នេះ​ក៏​ជា​ការ​បង្កើន​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​ខ្លួន​កំពុងតែ​ប្រើ​ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ បាន​លើកឡើង​ដែរ​ថា ក្រសួង​សុខាភិបាល ក៏​គួរតែ​ផ្តល់​នូវ​ការ​វិភាគ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អ្នក​ជំងឺ Covid-19 ផង​ដែរ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន និង​ក្នុង​ករណី​សង្ស័យ គឺ​ឆាប់​ទៅ​រក​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។

លោក​បញ្ជាក់​ថា ក្រសួង​គួរតែ​បង្ហាញ​របាយការណ៍​ស្ដីពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ថា តើ​ក្នុង​ចំណោម​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​នេះ ប៉ុន្មាន​នាក់​ដែល​ស្លាប់​ដោយសារ​ជំងឺ​ឱកាស​និយម​ផ្សេងៗ និង​ប៉ុន្មាន​នាក់​ដែល​ស្លាប់​ដោយសារ​ទទួល​បាន​ការ​ព្យាបាល​យឺត​ពេល​ជាដើម។ លោក​ថា ការ​ធ្វើ​បែប​នេះ គឺ​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ពី​ជំងឺ​នេះ​កាន់តែ​ខ្ពស់ និង​ជំរុញ​ឲ្យ​ពួកគេ​ទៅ​រក​ការ​ព្យាបាល​ឲ្យ​បាន​កាន់តែ​ឆាប់។

នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា វ៉ាក់សាំង​គឺជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 ក៏ដូចជា​ការពារ​សុខភាព​របស់​ពលរដ្ឋ​ពី​ជំងឺ​នេះ​ផង​ដែរ ខណៈ​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ប្រភេទ​ស៊ីណូហ្វាម របស់​ចិន ចំនួន ១​លាន​ដូស​ដែល​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ទៅដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ នេះ​ហើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ខែ​កក្កដា នេះ វ៉ាក់សាំង​ពី​ប្រទេស​ចិន នឹង​ទៅ​ដល់​កម្ពុជា ចំនួន ៥​លាន​ដូស ក្នុង​នោះ៖

  • ថ្ងៃ​អង្គារ ទី​៦ នេះ​មាន​ចំនួន ១​លាន​ដូស
  • នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា នឹង​ទទួល​បាន​ចំនួន ៤​លាន​ដូស ក្នុង​នោះ ១​លាន​ដូស ជា​ប្រភេទ​វ៉ាក់សាំង​ស៊ីណូហ្វាម ហើយ ៣​លាន​ដូស​ទៀត​ជា​ប្រភេទ​វ៉ាក់សាំង​ស៊ីណូវ៉ាក់។

លោក ហ៊ុន សែន បញ្ជាក់​ថា នៅ​ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ចំនួន ៤​លាន​ដូស​បន្ថែម​ទៀត។ ដូច្នេះ វ៉ាក់សាំង​សរុប​ដែល​កម្ពុជា ទទួល​បាន​ក្នុង​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០២១ គឺ​គ្រប់​ចំនួន ២០​លាន​ដូស​ដូច​ដែល​រដ្ឋាភិបាល​បាន​កំណត់​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​នា​ពេល​កន្លងមក។

គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល បាន​អះអាង​ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ៤​លាន ៥​សែន​នាក់​ហើយ ដែល​ស្មើ​នឹង​ជាង ៤៦% នៃ​ចំនួន​ពលរដ្ឋ​ត្រូវ​ចាក់​ថ្នាំបង្ការ​វីរុស Covid-19 តាម​ផែនការ​ដែល​រដ្ឋាភិបាល​បាន​កំណត់។

នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ នេះ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៩៣៥​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦៥៤​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ៣១​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៥​ម៉ឺន ៦​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៤​ម៉ឺន ៨​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ៧៧៩​នាក់​ហើយ​នៅ​ពេល​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស