38 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញ​គោលការណ៍​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​កុំ​ឱ្យ​បន្ត​បំផ្លាញ​ប្រទេស​កម្ពុជា​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញ​គោលការណ៍​ឲ្យ​កាន់តែ​ជាក់លាក់ ដើម្បី​កុំ​ឲ្យ​អំណាច​ដែល​បាន​មកពី​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ របស់​លោក ហ៊ុន សែន បន្ត​ឥទ្ធិពល​បំផ្លាញ​កម្ពុជា​តទៅ​មុខ​ទៀត និង​ដើម្បី​សង្គ្រោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​ក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ។

ក្រុម​នេះ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​តែង​ប្រើ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្លួនឯង ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង ចាប់តាំង​ពី​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ឆ្នាំ​១៩៩៧ មក។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា សហគមន៍​អន្តរជាតិ​ត្រូវតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​គោលជំហរ​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​រំលោភ​គោលការណ៍​សិទ្ធិមនុស្ស និង​ជាន់​ឈ្លី​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ដោយ​ការ​និយាយ​ចំ​មុខ​ភាគី​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២១ និង​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន នៅ​ឆ្នាំ​២០២២ នា​ពេល​ខាងមុខ ប្រសិនបើ​លោក ហ៊ុន សែន មិនព្រម​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ទេ​នោះ។

លោក​អះអាង​ថា សហគមន៍​អន្តរជាតិ​គួរតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រួម​ទាំង​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់ ឲ្យ​ពួកគេ​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដោយ​សេរី សុវត្ថិភាព និង​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ទាំងអស់។

កាលពី​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ បង្កើត​រដ្ឋប្រហារ​បង្ហូរ​ឈាម​ពលរដ្ឋ​ខ្មែរ​ដើម្បី​ផ្តួល​រំលំ​កម្លាំង​រាជានិយម​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ដណ្តើម​កាន់កាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា។

យ៉ាងណាក៏ដោយ កាលពី​ដើម​ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អួត​ថា លោក​គឺជា​នាយករដ្ឋមន្ត្រី​ដែល​ពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង​បំផុត និង​ជា​នាយករដ្ឋមន្ត្រី​ដែល​រក្សា​មុខតំណែង​បាន​យូរ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក​អះអាង​ថា ក្រោម​ការ​ដឹកនាំ​ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍​របស់​លោក បាន​ដឹកនាំ​កម្ពុជា​ឲ្យ​មាន​ការ​កសាង អភិវឌ្ឍន៍ មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​មក​ទល់នឹង​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា អំណាច​របស់​លោក ហ៊ុន សែន គឺជា​អំណាច​មិន​ស្រប​ច្បាប់ ព្រោះ​អំណាច​នេះ​គឺ​បាន​មកពី​ការ​ប្លន់​តែប៉ុណ្ណោះ។

ការ​ប្លន់​អំណាច​នេះ ដូចជា​ក្នុង​ឆ្នាំ​១៩៨៥ លោក ហ៊ុន សែន បាន​ប្លន់​អំណាច​ពី​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ដើម្បី​ខ្លួន​លោក​ឡើង​កាន់កាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ។

ជាង​នេះ​ទៀត ក្រោយ​ចាញ់​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ (UNTAC) លោក ហ៊ុន សែន បាន​ប្លន់​អំណាច​ម្តង​ទៀត​ពី​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​ជា​នាយករដ្ឋមន្ត្រី​ទី​១ នា​ពេល​នោះ ដោយ​បាន​បង្កើត​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧។

ក្រោយ​កាន់កាប់​អំណាច​បាន​ពេញ​ដៃ លោក ហ៊ុន សែន បាន​រំលោភបំពាន​លួច​កែ​ច្បាប់​គ្រប់​បែបយ៉ាង ក្នុង​នោះ​មាន​ទាំង​រំលោភ និង​កែប្រែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ថែមទៀត។

ទោះ​យ៉ាងណា លោក ហ៊ុន សែន ត្រូវ​បាន​គេហទំព័រ List of current longest-ruling Leaders ចេញ​ផ្សាយ​នូវ​របាយការណ៍​របស់​ខ្លួន​កាលពី​ដើម​ឆ្នាំ​២០២១ ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ផ្ដាច់ការ​ទាំង ៥ ដែល​កាន់កាប់​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក ដែល​ពួកគេ​ម្នាក់ៗ​បាន​កាន់​អំណាច​ចាប់ពី ៣៦​ឆ្នាំ​ទៅ​រហូត​ដល់​ជាង ៤០​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស