ក្រុមអ្នកតស៊ូមតិបានទាត់ចោលការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានអះអាងថា ជំនួយរបស់មិត្តចិន អាចជួយពង្រឹងឯករាជភាពរបស់កម្ពុជានោះ គឺជាការនិយាយខុសពីការពិតនៃខ្លឹមសារឯករាជភាពរបស់ជាតិទាំងស្រុង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានរិះគន់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោក ថាជំនួយចិន មិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានជួយកម្ពុជាក្នុងការពង្រឹងនូវឯករាជភាពខាងនយោបាយទៀតផង។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រទេសតូចតាច និងប្រទេសក្រីក្រត្រូវការឯករាជភាពរបស់ខ្លួន ដើម្បីចៀសវាងនូវការបង្គាប់បញ្ជា និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីបរទេសខាងក្រៅ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ កក្កដា នេះថា ឯករាជភាពជាតិរបស់កម្ពុជា មិនអាចកើតមានដោយសារតែជំនួយរបស់បរទេសនោះទេ តែផ្ទុយទៅវិញ ឯករាជភាពនេះគឺពឹងតែទៅលើការអនុវត្តផ្លូវច្បាប់ និងភាពខ្លាំងរបស់កម្ពុជាខ្លួនឯងប៉ុណ្ណោះ។
លោកអះអាងថា បើកម្ពុជានៅតែស្រេកឃ្លានជំនួយបរទេសដោយគ្មានគោលការណ៍ច្បាប់ច្បាស់លាស់ និងភាពរឹងមាំដូចលោក ហ៊ុន សែន ធ្វើសព្វថ្ងៃនេះ វាមិនមែនត្រឹមតែបង្ហាញពីភាពគ្មានឯករាជ្យប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលមួយនេះកំពុងតែបំផ្លាញឯករាជ្យរបស់ខ្លួន ក្រោមជំនួយប្រកបដោយល្បិចកលទាំងនោះទៅវិញ។
លោកបញ្ជាក់ថា កម្ពុជាមិនអាចពឹងចិន ឬប្រទេសណាឲ្យជួយផ្តល់ភាពឯករាជ្យឲ្យខ្លួនបានទេ ក្រៅតែពីការពឹងខ្លួនឯង ដោយការរឹតចំណងការទូតឲ្យបានល្អ មិនធ្វើជាទាសករឲ្យប្រទេសកុម្មុយនីស្ត ឬប្រទេសសេរីណាមួយឡើយ ហើយក៏មិនបង្កសត្រូវជាមួយប្រទេសទាំងនោះដែរ ប៉ុន្តែត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីការពារការរំលោភបំពានពីបរទេសជិតខាងតាមគ្រប់រូបភាព នោះទើបកម្ពុជាមានឯករាជភាពជាតិស្ថិតស្ថេរជារៀងរហូត។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានអះអាងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពីអនាគតរបស់អាស៊ី ថាបើមិនឲ្យរដ្ឋាភិបាលកម្ពុជាទៅពឹងមហាអំណាចចិន តើឲ្យកម្ពុជាទៅពឹងបរទេសមួយណា ខណៈប្រទេសចិន បានផ្តល់ជំនួយជាច្រើនដល់កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
យ៉ាងណាក៏ដោយ ក្នុងជំនួបរវាងលោក ហ៊ុន សែន និងឧបការីការបរទេសអាមេរិកអ្នកស្រី Wendy Sherman កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានក្រើនរំឭករដ្ឋាភិបាលកម្ពុជា ថាបើកម្ពុជាមិនរក្សាជំហររបស់ខ្លួនឲ្យបានច្បាស់លាស់ទេនោះ គឺមានន័យថា កម្ពុជាកំពុងមើលស្រាលអធិបតេយ្យភាព និងឯករាជភាពរបស់ខ្លួនឯង ហើយក៏ជាការបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងកម្ពុជា-អាមេរិកផងដែរ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ម៉ាក អេស្ពើរ បានលើកឡើងក្នុងកិច្ចពិភាក្សាតាមបណ្ដាញអ៊ីនធឺណិត ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ កាលពីចុងខែកក្កដា ឆ្នាំ២០២១ ថា សូមកម្ពុជា កុំនៅក្រោមឥទ្ធិពលរបស់ចិនបន្តទៀត ព្រោះបញ្ហានេះនឹងនាំឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាព និងឯករាជភាពរបស់ខ្លួនទាំងស្រុងជាមិនខាន។
ក្រុមអ្នកឃ្លាំមើលសង្គម អះអាងថា បើកម្ពុជានៅតែជាប្រទេសទន់ខ្សោយ កុំថាឡើយនិយាយពីឯករាជ្យ អព្យាក្រឹត្យ និងអធិបតេយ្យភាពជាតិ សូម្បីតែសំពះសុំសន្តិភាពពីគេក៏មិនប្រាកដថាគេឱ្យកម្ពុជាបានសុខដែរ ដូច្នេះដើម្បីឲ្យកម្ពុជាខ្លាំង កម្ពុជាត្រូវតែធ្វើឲ្យប្រព័ន្ធច្បាប់ខ្លាំង សេដ្ឋកិច្ចខ្លាំង និងនយោបាយការទូតខ្លាំង ជាដើម នោះទើបកម្ពុជាអាចនិយាយពីឯករាជ្យ អព្យាក្រឹត្យ និងអធិបតេយ្យភាពជាតិដោយស្មើមុខជាមួយប្រទេសជិតខាងបាន៕