ពលរដ្ឋខេត្តព្រះវិហារ អះអាងថា បច្ចុប្បន្ននេះឃើញមានរថយន្តជាច្រើនគ្រឿងបានសម្រុកដឹកឈើប្រភេទលេខ១ រួមមានឈើសុក្រំ និងឈ្លីក ជាដើម ចេញពីចំណុចភូមិសុច និងភូមិតាសែង ក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប យ៉ាងគគ្រឹកគគ្រេងដោយមិនមានការបង្ក្រាបនោះទេ។
ពលរដ្ឋអះអាងថា បទល្មើសព្រៃឈើនេះ គឺកម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅតាមគោលដៅឆ្លងកាត់នីមួយៗ រួមមាន កម្លាំងកងរាជអាវុធហត្ថ នគរបាល និងមន្ត្រីបរិស្ថានប្រចាំការនៅត្រង់ចំណុចខ្នាថ្មី ជាប់ព្រំប្រទល់ស្រុកសង្គមថ្មី និងស្រុកប្រាសាទបល្ល័ង្គ ជាដើម មិនមានវិធានការបង្ក្រាបទេ ដោយទុកបណ្តោយឲ្យរថយន្តដឹកឈើទាំងនោះធ្វើសកម្មភាពដោយរលូន។
ពលរដ្ឋស្រុកសង្គមថ្មី បានចោទកម្លាំងសមត្ថកិច្ចស្ថាប័នខ្លះដែលឈរជើងប្រចាំការនៅព្រំប្រទល់ស្រុកសង្គមថ្មី និងស្រុកប្រាសាទបល្ល័ង្គ ថាជាអ្នកបើកដៃឲ្យរថយន្តដឹកឈើប្រណិតៗទាំងនោះឆ្លងកាត់ជាថ្នូរនឹងសំណូកពុករលួយពីឈ្មួញឈើទាំងនោះ។ ប៉ុន្តែចំពោះពលរដ្ឋទិញឈើបន្តិចបន្តួចយកទៅជួសជុលផ្ទះ ឬសង់ផ្ទះរស់នៅជាលក្ខណៈគ្រួសារវិញ គឺត្រូវសមត្ថកិច្ចចម្រុះប្រចាំការនៅតាមគោលដៅនីមួយៗចាប់ផាកពិន័យដោយមិនលើកលែងទេ។
ប្រជាពលរដ្ឋអះអាងថាក្បួនរថយន្តសេរីទំនើបៗដែលដឹកឈើប្រណិតៗចេញពីភូមិសាស្ត្រស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ នាំចេញទៅតាមបណ្តារាជធានីខេត្តមួយចំនួន គឺមេឈ្មួញឈើល្មើសឈ្មោះ ភ័ក្រ បានប្រើមធ្យោបាយដឹកជញ្ជូនតាមរថយន្តសេរីទំនើបៗ រួមមានរថយន្តម៉ាកធុនត្រា (Tundra) ស៊ីណា (Seinna) ម៉ាស្តា (Mazda) និងហ្វ័ត (Ford) ពណ៌ត្រេអ៊ី ជាដើម ដោយភាគច្រើនធ្វើសកម្មភាពនៅពេលយប់ ខណៈថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាប់មមាញឹកជាប់ដៃលើការងារចុះទប់ស្កាត់ជំងឺ Covid-19។
ពលរដ្ឋចោទថា សកម្មភាពដឹកជញ្ជូនឈើប្រណិតៗរាល់ថ្ងៃនេះ អាចមានជាប់ពាក់ព័ន្ធជាមួយលោក យា សាវង្ស ប្រធានទីស្នាក់ការបរិស្ថានខ្នាថ្មី តាសែង ដែលមានព្រំប្រទល់ជាប់ស្រុកសង្គមថ្មី និងស្រុកប្រាសាទបល្ល័ង្គ។ ជាងនេះទៀត បទល្មើសព្រៃឈើនេះក៏មានជាប់ពាក់ព័ន្ធជាមួយលោក មឿង សំផុន នាយកភ្នំត្បែង និងមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់សង្គមថ្មី កម្លាំងអាវុធហត្ថ និងមន្ត្រីនគរបាលដែលប្រចាំការនៅតាមគោលដៅនីមួយៗផងដែរ។
ប្រភពបញ្ជាក់ថា បទល្មើសព្រៃឈើនេះ ត្រូវឈ្មួញឈើឈ្មោះ ភ័ក្រ បំផុសឲ្យប្រជាពលរដ្ឋឡើងទៅកាប់នៅលើកំពូលភ្នំត្បែង ហើយឈ្មួញរូបនេះជាអ្នករង់ចាំប្រមូលទិញឈើប្រណិតៗទាំងនោះយកទាំងអស់ រួចដឹកចេញទៅលក់នៅក្រៅខេត្តព្រះវិហារ។
សមត្ថកិច្ចមួយចំនួនដែលទំនងជាមិនទទួលបានលាភសក្ការៈពីឈ្មួញឈើ បានឲ្យដឹងដែរថា រាល់ថ្ងៃនេះឈ្មួញឈើឈ្មោះ ភ័ក្រ មានរថយន្តសម្រាប់ដឹកឈើចេញពីមូលដ្ឋានខេត្តព្រះវិហារ មិនតិចជាង ១០គ្រឿងទេ ដោយសម្រុកដឹកឈើទាំងយប់ថ្ងៃចេញពីស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ ព្រោះឈ្មួញឈើបានបង់លុយជូនមន្ត្រីជំនាញគ្រប់ស្ថាប័នដែលប្រចាំការនៅតាមគោលដៅឆ្លងកាត់នីមួយៗរួចជាស្រេច។
អភិបាលស្រុកសង្គមថ្មី លោក ជុំ ពុយ បានឲ្យកាសែតក្នុងស្រុកដឹងថា មិនបានដឹងជុំវិញបទល្មើសនាំឈើប្រណិតចេញពីមូលដ្ឋាននេះទេ ហើយរូបលោកក៏បានថ្លែងអំណរគុណអ្នកសារព័ត៌មាន ដែលបានផ្តល់ដំណឹងនៃបទល្មើសព្រៃឈើខាងលើនេះ ដើម្បីឈានទៅមានវិធានការផ្លូវច្បាប់បន្ត។
ចំណែកលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏បានឆ្លើយឲ្យរួចពីមាត់ទៅអ្នកសារព័ត៌មានថា មិនបានដឹងអំពីបទល្មើសកាប់ឈើនៅលើកំពូលភ្នំត្បែង ដែលកំពុងធ្វើសកម្មភាពរាល់ថ្ងៃនេះទេ ព្រោះមន្ត្រីក្រោមឱវាទមិនបានរាយការណ៍មករូបលោកឡើយ ហើយករណីនេះ រូបលោកនឹងសួរនាំមន្ត្រីប្រចាំការនៅគោលដៅដែលកើតមានបទល្មើសទាំងនោះឲ្យបានច្បាស់ជាមុនសិន។
យ៉ាងនេះក្តី ពលរដ្ឋរស់នៅស្រុកសង្គមថ្មី បានស្នើដល់លោកអភិបាលខេត្តព្រះវិហារ ជួយទប់ស្កាត់បទល្មើសព្រៃឈើកំពុងធ្វើសកម្មភាពនៅលើភ្នំត្បែងឲ្យបានឆាប់ និងត្រូវនាំខ្លួនឈ្មួញឈើឈ្មោះ ភ័ក្រ និងមន្ត្រីស្ថាប័នខ្លះមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅមូលដ្ឋាននេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕