ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារសម្ដែងការគាំទ្រទាំងស្រុងទៅនឹងការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ស្ដីពីការស្នើឲ្យដកចេញនូវអនុក្រឹត្យកាតព្វកិច្ចវ៉ាក់សាំង និងវិធានការផ្សេងៗដើម្បីធានាភាពស្របគ្នាជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនោះ។
ការគាំទ្រនេះ កើតឡើងបន្ទាប់ពីក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជា ស្ដីពីការស្នើឲ្យលុបចេញនូវអំពីអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 កាលពីពេលថ្មីៗនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ខែកក្កដា ថា ដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិមនុស្ស និងការធានានូវសុខភាពសាធារណៈជូនប្រជាជនឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលកម្ពុជាគួរតែផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ជាងការអនុវត្តដោយការចាប់បង្ខំ។
លោកអះអាងថា អនុក្រឹត្យស្ដីពីកាតព្វកិច្ចវ៉ាក់សាំងដែលចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីពេលកន្លងទៅ គឺផ្ទុយទាំងស្រុងទៅនឹងលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសក៏ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ ដូច្នេះរដ្ឋាភិបាលគួរតែពិចារណាដកអនុក្រឹត្យនោះចេញ ដើម្បីធានានូវសិទ្ធិសេរីភាពក្នុងការទទួលយកសេវាសាធារណៈរដ្ឋដោយគ្មានការបង្ខិតបង្ខំ។
លោក មឿន តុលា បញ្ជាក់ថា បញ្ហាសុខភាព គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗក្នុងការសម្រេចចិត្តទទួលយក ថាតើពលរដ្ឋសម្រេចទទួលយកបែបណា ប៉ុន្តែរដ្ឋាភិបាលមានកាតព្វកិច្ចពន្យល់ និងផ្សព្វផ្សាយពីប្រសិទ្ធភាពនៃសេវាសាធារណៈរបស់ខ្លួន ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋប៉ុណ្ណោះ។ បន្ថែមពីនេះ រដ្ឋត្រូវធានានូវសេវាសាធារណៈនេះ ដែលអាចផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋគ្រប់ពេល ជាជាងការធ្វើច្បាប់ដើម្បីចាប់បង្ខំឲ្យទទួលយក ព្រោះការអនុវត្តបែបនេះមិនត្រឹមត្រូវចំពោះប្រទេសដែលអនុវត្តប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនោះទេ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វិទិត ម៉ុនតាបន (Vitit MUNTARBHORN) បានលើកឡើងនូវលិខិតរបស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិពីររូបដែលបានផ្ញើទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យដកចេញនូវអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 កាលពីពេលថ្មីៗនេះ។
ប្រភពដដែលអះអាងថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សសង្កត់ធ្ងន់ថា អនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នេះ មានលក្ខណៈផ្ទុយទៅនឹងបទប្បញ្ញត្តិនៃលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលកម្ពុជាជារដ្ឋភាគីបានផ្តល់សច្ចាប័នលើច្បាប់ទាំងនេះផងដែរនោះ។
អ្នករាយការណ៍ពិសេសរូបនេះបញ្ជាក់ថា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនោះស្នើយ៉ាងទទូចដល់រដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាលើការដកហូតអនុក្រឹត្យ ឬចាត់វិធានការផ្សេងៗដើម្បីធានាភាពស្របគ្នាជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិជាធរមាន។
លោក ហ៊ុន សែន សម្រេចដាក់ចេញនូវអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដែលមាន ៥ជំពូក ៨មាត្រា ក្នុងនោះមាត្រា៥ នៃអនុក្រឹត្យនេះ បានចែងថា អ្នកដែលគេចវេសមិនព្រមចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 នឹងត្រូវទទួលទណ្ឌកម្មស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។
ជុំវិញបញ្ហានេះ កាលពីដើមខែមេសា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បានគំរាមដកតំណែងចំពោះមន្ត្រីរាជការណាដែលមានបំណងគេចវេសពីការចាក់វ៉ាក់សាំងតាមការណែនាំរបស់រដ្ឋាភិបាល។
បញ្ហានេះ ត្រូវគេមើលឃើញថា មន្ត្រីរាជការជាន់ខ្ពស់តាមក្រសួងស្ថាប័នរដ្ឋទាំងអស់ ចេញបញ្ជាទៅកាន់មន្ត្រីរាជការពេញសិទ្ធិ និងមន្ត្រីកិច្ចសន្យាគ្រប់គ្នាដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យប្រមូល និងផ្តល់ឈ្មោះឲ្យទៅក្រសួងមុខងារសាធារណៈជាបន្ទាន់ ក្រោមហេតុផលធ្វើតាមការណែនាំរបស់នាយករដ្ឋមន្ត្រី។
ក្រុមអ្នកសង្កេតការណ៍អះអាងថា បន្ទាប់ពីមានការគំរាមកំហែងរបស់លោក ហ៊ុន សែន រួចមក គឺមន្ត្រីរាជការតាមស្ថាប័ន និងក្រសួងនានា បានសម្រុកទៅចាក់វ៉ាក់សាំងយ៉ាងប្រញាប់ប្រញាល់។ លើសពីនេះ ក៏មានការតាមដានយ៉ាងស្អិតពីមន្ត្រីថ្នាក់ដឹកនាំតាមស្ថាប័ន ពីក្រសួងរហូតដល់ថ្នាក់មូលដ្ឋានផងដែរ។
ជាងនេះទៀត នៅតាមទីតាំងចាក់ថ្នាំបង្ការជំងឺ Covid-19 គឺមានមន្ត្រីតាមក្រសួងនីមួយៗរង់ចាំកត់ឈ្មោះស្រង់ទិន្នន័យតាមអង្គភាពក្នុងមូលដ្ឋានរៀងខ្លួន ដើម្បីបញ្ជូនរបាយការណ៍ទាំងនោះទៅថ្នាក់លើតាមបទបញ្ជាទៀតផង៕