28 C
Phnom Penh

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្នើ​រដ្ឋបាល​ខេត្ត​នេះ​បញ្ចេញ​របាយការណ៍​អ្នក​ឆ្លង​ជំងឺ Covid-19 ដើម្បី​ឲ្យ​ពួកគេ​បង្កើន​ការ​ប្រុងប្រយ័ត្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ចម្ងល់​ថា មូលហេតុ​អ្វី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្យាយាម​លាក់បាំង​ព័ត៌មាន​ស្ដីពី​អត្រា ឬ​ចំនួន​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​នេះ​ឆ្លង​ជំងឺ Covid-19 ជា​ប្រចាំថ្ងៃ ដើម្បី​ឲ្យ​អ្នក​ពាក់ព័ន្ធ ជាពិសេស​សាធារណជន​បាន​ដឹង​ចូលរួម​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​ទូលំទូលាយ​នោះ។

មន្ត្រី​រាជការ និង​ពលរដ្ឋ បាន​រិះគន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ថា​មាន​ចេតនា​បិទ​អត្រា​ឆ្លង​ជំងឺ Covid-19 មិន​ឲ្យ​សាធារណជន​បាន​ដឹង​ឲ្យ​ទូលំទូលាយ ខណៈ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​រាជធានី-ខេត្ត​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ផ្តល់​ព័ត៌មាន​ជុំវិញ​អត្រា​ឆ្លង​ជំងឺ Covid-19 ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង និង​ចូលរួម​បង្ការ​ទាំងអស់​គ្នា។

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​លោក គួច ចំរើន រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ចេញ​របាយការណ៍ ឬ​សេចក្តី​ជូនដំណឹង​ប្រចាំថ្ងៃ​ដូច​ពេល​មុន​វិញ ដើម្បី​ឲ្យ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ បាន​ដឹង​ព័ត៌មាន​ផង​ដែរ។

ការរិះគន់​របស់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​កើតឡើង​ក្រោយ​ពេល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ឈប់​ការ​ចេញ​របាយការណ៍ ឬ​សេចក្តី​ជូនដំណឹង​ស្ដីពី​ចំនួន​តួលេខ​អ្នក​ឆ្លង​ជំងឺ Covid-19 ជា​ប្រចាំថ្ងៃ​របស់​ខ្លួន​នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

ពលរដ្ឋ​ចាប់ផ្ដើម​ឆោឡោ​ស្រប​ពេល​ព្រះតេជព្រះគុណ​ព្រះនាម ឈួន គឹមឈុន គ្រូសូត្រ​ស្ដាំ​វត្ត​ជោតញ្ញាណ ហៅ​វត្ត​លើ ក្នុង​ខេត្ត​ព្រះសីហនុ បាន​ទទួល​អនិច្ចធម្ម​ដោយ​ជំងឺ Covid-19 កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កក្កដា នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

យ៉ាង​នេះ​ក្តី សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​ទាក់ទង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ។

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ថ្មី​ចំនួន ៩៩៦​នាក់​ទៀត អ្នក​ជាសះស្បើយ ៨១៣​នាក់ និង​ស្លាប់ ៣៩​នាក់។ ក្នុង​នោះ ករណី​ឆ្លង​សហគមន៍ ៨២៩​នាក់ និង​អ្នក​ដំណើរ​ពី​បរទេស ១៦៧​នាក់ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ Covid-19 សរុប ៦៤៦១១​នាក់ អ្នក​ជាសះស្បើយ ៥៦១៧៨​នាក់ និង​អ្នក​ស្លាប់ ១០២៥​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស