លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

នយោបាយ

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​បែកបាក់​ឬ​មិន​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច គឺ​ស្ថិត​លើ​មេដឹកនាំ​កំពូល​របស់​បក្ស​នេះ​ទាំងស្រុង

By ឌឹ ខេមបូឌា ដេលី

July 17, 2021

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ការ​អះអាង​របស់​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ដែល​ថា​បក្ស​កាន់​អំណាច​មិន​មាន​ការ​បែកបាក់​ផ្ទៃក្នុង​នោះ​ទេ។ ក្រុម​នេះ​និយាយ​ថា ការ​បែកបាក់ ឬ​មិន​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​នេះ គឺ​មិន​ស្ថិត​លើ​ការ​លើកឡើង​របស់​មន្ត្រី​បក្ស​កាន់​អំណាច​នោះ​ទេ គឺ​ស្ថិត​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​តែប៉ុណ្ណោះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថា បើ​គណបក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង លោក ហ៊ុន សែន ត្រូវតែ​បញ្ឈប់​ការរំលោភ​អំណាច​នៅ​ក្នុង​បក្ស​នោះ​ជាបន្ទាន់ តែ​ត្រូវ​ផ្តល់​ភាព​យុត្តិធម៌​ដល់​ថ្នាក់​ដឹកនាំ​កំពូលៗ​ផ្សេង​ទៀត​នៅ​ក្នុង​បក្ស​នោះ ដោយ​មិន​មាន​ការរំលោភ​សិទ្ធិ​អំណាច​របស់​មន្ត្រី​កំពូល​ទាំងនោះ​បន្ត​ទៀត​នោះ​ទេ។

លោក​អះអាង​ថា ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ដូច​សព្វថ្ងៃ​នេះ លោក ហ៊ុន សែន មាន​ភារកិច្ច​សំខាន់​ណាស់​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជូន​ជាតិ និង​ប្រជាជន ដែល​ត្រូវ​រក​ការផ្សះផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​ជាតិ​ដ៏​រឹងមាំ​មួយ​ដែល​អាច​ឆ្ពោះ​ទៅ​រក​វិបុលភាព និង​វឌ្ឍនភាព​សម្រាប់​កម្ពុជា​នៅ​ថ្ងៃ​អនាគត។

លោក ម៉ែន ណាត បញ្ជាក់​ថា ក្រៅ​អំពី​ការ​មិន​រំលោភ​អំណាច​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន និង​ការ​ស្វះស្វែង​រក​ការ​បង្រួបបង្រួម​ជាតិ លោក ហ៊ុន សែន ត្រូវ​រឹតចំណង​ការទូត​ឲ្យ​បាន​ល្អ​ជាមួយ​ប្រទេស​ជិតខាង ទាំង​ប្រទេស​លោកសេរី និង​ប្រទេស​កុម្មុយនីស្ត ព្រោះ​ថា​បើ​លោក ហ៊ុន សែន ចង់​ឲ្យ​កម្ពុជា​មាន​អធិបតេយ្យភាព​ជាតិ​ពិតប្រាកដ​ដូច​ដែល​គាត់​ធ្លាប់​អះអាង​កន្លង​មក កម្ពុជា​នឹង​មិន​ត្រូវ​ផ្តួល​ខ្លួន​ពឹងផ្អែក​មហាអំណាច​ចិន ជ្រុល​ហួសហេតុ​ពេក​ដូច​សព្វថ្ងៃ​នេះ​ទេ។

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម​អម្ពិល បាន​ដកស្រង់​សម្ដី​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ថា គណបក្ស​កាន់​អំណាច​គ្មាន​ថ្ងៃ​បែកបាក់ ឬ​ប្រេះ​បែក​ជា​ពីរ​តាម​ការ​ចង់​បាន​របស់​មនុស្ស​ខ្លះ​នោះ​ទេ។

លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​រឹងមាំ​ដដែល ព្រោះ​ថា​គោលជំហរ​របស់​គណបក្ស​កាន់​អំណាច​បាន​បញ្ជាក់​ថា សាមគ្គី​ឯកភាព​ផ្ទៃក្នុង គឺជា​អាយុជីវិត​របស់​គណបក្ស។

លោក សុខ ឥសាន បាន​ថ្លែង​បែប​នេះ​ដើម្បី​ប្រតិកម្ម​តប​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា កន្លង​ទៅ​ដែល​បាន​លើកឡើង​ពី​ទស្សនៈ​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ថា លោក ហ៊ុន សែន កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ធំៗ​ដែល​នាំ​ឲ្យ​គណបក្ស​កាន់​អំណាច​អាច​ប្រេះ​បែក​ជា​ពីរ​នៅ​ពេល​ខាងមុខ។

ជុំវិញ​បញ្ហា​នេះ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) បាន​អះអាង​ថា លោក ហ៊ុន សែន កំពុង​ប្រឈមមុខ​បញ្ហា​ធំ​៣ ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ គឺ៖

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ថា ប្រសិន​គណបក្ស​កាន់​អំណាច​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​លោក ស ខេង និង​លោក ហ៊ុន សែន ត្រូវ​ប្រឈមមុខ​ដាក់​គ្នា​នោះ លោក ហ៊ុន សែន មិន​អាច​មាន​ប្រៀប​នឹង​លោក ស ខេង ជាដាច់ខាត ទាំង​ធនធាន​មនុស្ស​ក្នុង​បក្ស​ដែល​ធ្លាប់​ឈឺចាប់​ដោយសារ​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» កន្លងមក និង​ប្រជាប្រិយភាព​ចំពោះ​ប្រជាពលរដ្ឋ​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ចាប់តាំង​ពី​លោក ហ៊ុន សែន ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ឆ្នាំ​១៩៨៥ មក លោក​តែង​រំលោភ​សិទ្ធិ​អំណាច​គ្រប់​បែបយ៉ាង​ចំពោះ​សមាជិក​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​លោក ហេង សំរិន លោក ជា ស៊ីម និង​លោក ស ខេង ជាដើម។

ជាង​នេះ​ទៀត អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ ក៏​តែង​រំលោភ​លើ​ច្បាប់​នានា​របស់​កម្ពុជា​ផង​ដែរ ដូចជា៖

ពួកគេ​អះអាង​ថា ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​ប្រើ​អំណាច​បំពាន​គោលការណ៍ និង​បទបញ្ជា​ផ្ទៃក្នុង​គណបក្ស​យ៉ាង​ធំ ដើម្បី​លើក​បន្តុប​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ឡើង​ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ដោយ​ព្យាយាម​ជំទាស់​ជាមួយ​មន្ត្រី​កំពូលៗ​ក្នុង​បក្ស​ផ្សេង​ទៀត ដូចជា​លោក ស ខេង ជាដើម ដើម្បី​សុវត្ថិភាព​អំណាច​ត​វង្ស​នៃ​គ្រួសារ​ត្រកូល «ហ៊ុន»៕