ក្រុមអ្នកតស៊ូមតិខាងផ្នែកសិទ្ធិការងារ ស្វាគមន៍ផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជាលើកុមារក្រោមអាយុ ១៨ឆ្នាំ ប៉ុន្តែអំពាវនាវឲ្យរដ្ឋាភិបាលសិក្សាពីប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងវីរុស Covid-19 នេះឲ្យបានច្បាស់លាស់ជាមុនសិន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែកក្កដា ថា កុមារជាធនធានមនុស្សដ៏សំខាន់របស់ជាតិ ដូច្នេះរដ្ឋាភិបាលត្រូវតែសិក្សាពីផលប៉ះពាល់ គុណសម្បត្តិ និងប្រសិទ្ធភាពរបស់វ៉ាក់សាំងដែលត្រូវប្រើលើកុមារទាំងនោះឲ្យបានច្បាស់លាស់ ចៀសវាងផលអវិជ្ជមានណាមួយកើតឡើងលើពួកគេដែលបណ្តាលឲ្យមានវិបត្តិធ្ងន់ធ្ងរសម្រាប់សង្គមជាតិទាំងមូល។
លោកអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើប្រសិទ្ធភាពថ្នាំបង្ការជំងឺ Covid-19 នេះ ដែលរដ្ឋាភិបាលគ្រោងនឹងចាក់លើកុមារនៅពេលខាងមុខ គឺត្រូវតែមានការសិក្សាច្បាស់លាស់ពីអ្នកជំនាញពីក្រសួងសុខាភិបាល និងមានការអនុញ្ញាតពីអង្គការសុខភាពពិភពលោក ព្រមទាំងសិក្សាលើបទពិសោធន៍នៃប្រទេសដទៃដែលធ្លាប់ប្រើវ៉ាក់សាំងទាំងនោះលើកុមាររួចមកហើយផងដែរ។
លោក មឿន តុលា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រកាន់គោលជំហរស្ម័គ្រចិត្ត និងផ្សព្វផ្សាយឲ្យពលរដ្ឋមានការយល់ដឹង និងជឿជាក់ មុនពេលដែលខ្លួនអនុវត្តវិធានការចាក់វ៉ាក់សាំងនេះ ជាជាងការប្រើវិធីណាមួយដែលជាការកម្រិត ឬជាការបង្ខិតបង្ខំ ដែលអាចបែរទៅជាការរំលោភលើសិទ្ធិកុមារទៅវិញ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ទៅដល់គណៈកម្មការវ៉ាក់សាំងជាខ្សែអាត់សំឡេងប្រមាណ ១៦នាទី ឲ្យរៀបផែនការចាក់វ៉ាក់សាំងលើកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំរហូតដល់យុវវ័យអាយុ ១៧ឆ្នាំជាបន្ទាន់។
លោកបញ្ជាក់ថា នៅពេលដែលកម្ពុជាអាចចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 បាន ១២លាននាក់ហើយនោះ កម្ពុជានឹងមានភាពស៊ាំពេញផ្ទៃប្រទេសដែលអាចបើកឡើងវិញនូវសេដ្ឋកិច្ចសង្គម ជាពិសេសការដាក់ឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំនានាដែលបានផ្អាកដំណើរការមួយរយៈពេលកន្លងមកនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាលកំពុងពិចារណាលើជម្រើសពីរក្នុងការផ្តល់វ៉ាក់សាំងលើកុមារ៖
- ទី១ គឺត្រូវចាក់ថ្នាំបង្ការជំងឺ Covid-19 ដល់មនុស្សពេញវ័យចាប់ពីអាយុ ១៨ឆ្នាំឡើងក្នុងចំនួន ១០លាននាក់ឲ្យបានរួចរាល់ហើយ ទើបបន្តចាក់ឲ្យកុមារ និងយុវវ័យអាយុក្រោម ១៨ឆ្នាំបន្តទៀត
- ដោយឡែកជម្រើសទី២ គឺត្រូវចាប់ផ្តើមចាក់លើកុមារក្នុងពេលដែលកម្ពុជាកំពុងតែចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យ ៤លាននាក់ ដែលកំពុងដំណើរការក្នុងពេលនេះតែម្តង។
ជុំវិញបញ្ហានេះ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែកក្កដា ដែរថា លោកសាទរឲ្យមានការចាក់ថ្នាំបង្ការជូនកុមារ ប៉ុន្តែរដ្ឋាភិបាលត្រូវតែចាក់ជូនមនុស្សពេញវ័យឲ្យបានរួចរាល់ជាមុនសិន ចាំបន្តផែនការចាក់ជូនកុមារបន្តទៀត។
លោកលើកឡើងថា ក្រោយពេលរដ្ឋាភិបាលបញ្ចប់ការចាក់វ៉ាក់សាំងលើមនុស្សពេញវ័យ ក្រសួងសុខាភិបាលត្រូវតែបង្ហាញរបាយការណ៍វាយតម្លៃជាក់លាក់ណាមួយលើប្រសិទ្ធភាពនៃវ៉ាក់សាំងដែលកម្ពុជាបានប្រើកន្លងមក ព្រោះថាការចាក់វ៉ាក់សាំងនេះមិនមែនគ្រាន់តែចាក់ឲ្យតែរួចនោះទេ សំខាន់គឺត្រូវពិនិត្យលើប្រសិទ្ធភាពរបស់វាក្រោយពេលចាក់លើប្រជាពលរដ្ឋរួចមក។
ប៉ុន្តែមកទល់នឹងពេលនេះ ក្រសួងសុខាភិបាល មិនទាន់បានបង្ហាញពីរបាយការណ៍ប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះនៅឡើយទេ បន្ទាប់ពីកម្ពុជាបានប្រើកន្លងមក។ ដូច្នេះ បើរដ្ឋាភិបាលនៅមិនទាន់ដឹងពីប្រសិទ្ធភាពវ៉ាក់សាំងដែលបានចាក់កន្លងមកនោះ រដ្ឋាភិបាលមិនគួរប្រញាប់ចាក់ថ្នាំបង្ការទាំងនោះឲ្យកុមារឡើយ ធ្វើបែបនេះគឺដើម្បីចៀសវាងមានហានិភ័យណាមួយកើតឡើងដោយចៃដន្យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ និងមនុស្សក្រោមអាយុ ១៨ឆ្នាំ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានអះអាងថា ខ្លួនបានបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជូនពលរដ្ឋបានចំនួនជាង ៥លាន ៤សែននាក់ហើយ ដែលស្មើនឹង ៥៤,១៧% ក្នុងចំណោមពលរដ្ឋគោលដៅ ១០លាននាក់ ដោយគិតចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ។
ក្រសួងសុខាភិបាល កម្ពុជា បានអះអាងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ថា ខ្លួនរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៨៨៩នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៨៤៩នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ២៧នាក់ផងដែរ។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៦ម៉ឺន ៥ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៥ម៉ឺន ៧ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងដល់ ១០៥២នាក់ហើយគិតត្រឹមថ្ងៃសុក្រ សប្ដាហ៍នេះ៕