រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អះអាងថា កម្ពុជានឹងទទួលរងនូវឥទ្ធិពលកូនព្យុះទី៧ ឈ្មោះ «សេមប៉ាកា» ដែលនឹងធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងប្រទេសចិន ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ និងមានខ្យល់កន្ត្រាក់ខ្លាំងថែមទៀតផង។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ថាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជានឹងទទួលរងនូវសម្ពាធទាបដែលបណ្តាលមកពីកូនព្យុះទី៧ ឈ្មោះ «សេមប៉ាកា» រួមជាមួយនឹងខ្យល់មូសុងនិរតីខ្លាំង ដែលបណ្តាលឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំងផងដែរ។
លោកអះអាងថា នៅតាមបណ្តាខេត្តវាលទំនាប ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ជាដើម រួមជាមួយខេត្តដែលស្ថិតនៅតាមដងទន្លេមេគង្គ ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនលាយជាមួយខ្យល់កន្ត្រាក់កម្រិតខ្លាំងដូចគ្នា។
លោក លឹម គានហោ បញ្ជាក់ថា ចំណែកនៅតាមបណ្តាខេត្តតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដែលអាចបង្កទៅជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ខណៈលើផ្ទៃសមុទ្រអាចនឹងមានភ្លៀង ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗទៀតផង។
ក្រសួងធនធានទឹក និងឧតុនិយម បានរំឭកដល់ពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តវាលទំនាប ខេត្តនៅតាមតំបន់មាត់សមុទ្រ និងខេត្តតាមដងទន្លេមេគង្គ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុនេះ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចនឹងកើតមានឡើងជាយថាហេតុ៕