40.9 C
Phnom Penh

វិភាគ៖ កម្ពុជា​ប្រឈម​នឹង​ផលវិបាក​ក្រោម​ឥទ្ធិពល​ចិន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ​១៩៩៩។ រាជាណាចក្រ​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២។

កម្ពុជា​នៅ​ពេល​នោះ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ថា​លម្អៀង​ទៅ​រក​ចិន ដោយ​ធ្វើ​ឱ្យ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​របស់​សមាគម​នេះ គឺ​នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​មិន​ឱ្យ​បញ្ចូល​ភាសា​នូវ​ការរិះគន់ ឬ​វាយប្រហារ​អំពី​សកម្មភាព​របស់​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។

ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ គឺ​ត្រូវ​បាន​កត់សម្គាល់​ថា​ពុំសូវ​មាន​ភាព​ក្ដៅ​គគុក​ដូច​ពេលនេះ​ទេ គឺ​ឆ្នាំ​២០១២ នោះ ចិន​ទើប​ងើប​ខ្លួន​ថ្មីថ្មោង​ជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ជាមួយ​គ្នា​នោះ សហរដ្ឋ​អាមេរិក​ក៏​ពុំ​ទាន់​ចាត់ទុក​ចិន​ថា​ជា​គូប្រជែង​ខ្លាំងក្លា​ដែរ។ ចំណែក​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ ក៏​សហរដ្ឋ​អាមេរិក​ពុំសូវ​បញ្ជូន​នាវា​ចម្បាំង​ទៅកាន់​ទីនោះ​ដូច​ពេលនេះ​ដែរ។

ក្នុង​កាលៈទេសៈ​នេះ​ហើយ ទំនង​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឈមមុខ​នឹង​ផលវិបាក​ថែមទៀត​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នៅ​ឆ្នាំ​ក្រោយ​នេះ។

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បាន​បារម្ភ​ថា អាច​បណ្តាល​ឱ្យ​មាន​ការ​បែកបាក់​រវាង​សមាជិក​អាស៊ាន ហើយ​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​នៃ​សមាគម​តំបន់​មួយ​នេះ។

បើ​ទោះបីជា​កម្ពុជា​បាន​អះអាង​អំពី​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​ជា​ប្រទេស​ដែល​មិន​ទាមទារ និង​បាន​លើក​ទឹកចិត្ត​ដល់​វិធីសាស្ត្រ​នៃ​ការចរចា​ទ្វេភាគី ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាម​ការ​ចង់​បាន​របស់​ភាគី​ចិន ក៏ដោយ គឺ​កម្ពុជា​នៅតែ​មិន​អាច​អនុវត្ត​បាន​ការ​សន្យា​របស់​ខ្លួន​ឡើយ។

ក្នុង​ស្ថានភាព​នោះ សមាជិក​អាស៊ាន​ដែល​មាន​ជម្លោះ​ជាមួយ​ចិន ដូចជា​ហ្វីលីពីន និង​វៀតណាម ចង់​ឱ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​បាន​ដោះស្រាយ​ពហុភាគី​តាមរយៈ​អាស៊ាន។ តែ​នៅ​ពេល​នេះ ហ្វីលីពីន ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង រ៉ូឌ្រីហ្គោ ឌូទើតេ ដែល​កាន់​សាលក្រម​ជ័យជម្នះ​ក្នុង​ដៃ​នៃ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ ឆ្នាំ​២០១៦ គឺ​បុរស​នេះ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រឈមមុខ​ជាមួយ​នឹង​ចិន ជុំវិញ​ជម្លោះ​ដែនសមុទ្រ​សព្វថ្ងៃ​នេះ​ទេ។

បុរស​ខ្លាំង​ម្នាក់​នេះ ត្រូវ​មើលឃើញ​ថា រណប​ចិន ក្រោម​ប្រាក់​កម្ចី​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​មហាយក្ស​នៅ​អាស៊ី​មួយ​នេះ។ នេះ​អាច​ជា​ការ​លើក​ទឹកចិត្ត​ផង​ដែរ​ក៏​ថា​បាន​ចំពោះ​តួនាទី​កម្ពុជា ដែល​ចង់​ធ្វើ​តាម​បំណង​របស់​មេដឹកនាំ​ហ្វីលីពីន រូប​នេះ។

ម្ល៉ោះ​ហើយ បើ​គិត​ពី​សេណារីយ៉ូ គឺ​អាក្រក់​ម្ដង​ទៀត គឺ​ពិភពលោក​អាច​មើលឃើញ​ការ​បរាជ័យ​មួយ​ទៀត​នៃ​ការទូត​របស់​អាស៊ាន បើ​កម្ពុជា​មិន​អាច​ផ្សះផ្សា​ផលប្រយោជន៍​ផ្សេងៗ​គ្នា​នៃ​ប្រទេស​ជា​សមាជិក​ទាំង ១០ របស់​អង្គការ​តំបន់​មួយ​នេះ ហើយ​ពេល​នោះ​កម្ពុជា​នឹង​ត្រូវ​បាន​វាយប្រហារ​ថា​ជា​រដ្ឋ​សមាជិក​មួយ​របស់​អាស៊ាន​លម្អៀង​ចិន​កាន់តែ​ខ្លាំង ដែល​នឹង​អាច​អន្តរាយ​ដល់​មុខមាត់​អន្តរជាតិ​របស់​កម្ពុជា និង​អាស៊ាន​មិន​ខាន។

នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ពេល​ថ្មីៗ​នេះ ប្រមុខ​ការទូត​អាមេរិក​ក៏​បាន​លើកឡើង​ករណី​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ។ លោក Antoney Blinken បាន​ស្នើ​ឲ្យ​អាស៊ាន​ប្រកាន់​ជំហរ​រួមគ្នា បើ​ចង់​ឱ្យ​ចិន​បញ្ឈប់​នយោបាយ​វាតទី។

ផលវិបាក​របស់​កម្ពុជា​មួយ​ទៀត​នោះ គឺ​ការ​ដោះស្រាយ​វិបត្តិ​ហិង្សា​នយោបាយ​នៅ​ភូមា ដែល​បង្ក​ឡើង​ដោយ​រដ្ឋប្រហារ​យោធា​កាល​ពី​ខែ​កុម្ភៈ។

ប្រហែលជា​ប្រធាន​អាស៊ាន ប៊្រុយណេ នៅ​ឆ្នាំ​នេះ​នឹង​មិន​អាច​នាំ​ប្រទេស​ភូមា ទៅ​រក​ភាព​ប្រក្រតី​មុន​ការ​ចប់​អាណត្តិ​នោះ​ទេ ខណៈ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ​បាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ប្រើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​ស៊ីវិល ដើម្បី​បន្ត​កាន់​អំណាច ទោះ​បុរស​នេះ​យល់ព្រម​ទទួល​យក​យន្តការ​ប្រាំ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន ដែល​បាន​ប្រជុំ​គ្នា​នៅ​ទីក្រុង​ចាកាតារ កាលពី​ចុង​ខែ​មេសា កន្លង​មក​នេះ​ក្ដី។

ប្រសិនបើ​វិបត្តិ​ភូមា នៅតែ​មិន​ទាន់​ដោះស្រាយ គឺ​ប្រទេស​កម្ពុជា​អាច​នឹង​ត្រូវ​ទទួល​បន្ទុក​ដោយ​មាន​ភារកិច្ច​ធ្វើ​យ៉ាងណា​ត្រូវ​សម្របសម្រួល​ខ្លួន​ជួយ​បញ្ឈប់​អំពើ​ហិង្សា​ដែល​កំពុង​កើត​មាន​លើ​ជនស៊ីវិល​ដោយ​យោធា​ភូមា​នៃ​របប​សឹក មីន អ៊ុងឡាំង។ នេះ​ហើយ​នឹង​ក្លាយ​ជា​ការសាកល្បង​ដ៏​លំបាក​មួយ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​អាស៊ាន​សម្រាប់​ប្រទេស​កម្ពុជា ក៏​ព្រោះ​តែ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​កម្ពុជា គឺ​មិន​ខុស​នឹង​ប្រទេស​ភូមា ឡើយ។

កម្ពុជា ដឹកនាំ​ដោយ​បុរស​ខ្លាំង​ដែល​ដឹង​ថា​បក្ស​ប្រជាជន​របស់​ខ្លួន​ចាញ់​ការបោះឆ្នោត​យ៉ាង​ពិតប្រាកដ​នៅ​ឆ្នាំ​២០១៨ ក៏​ប្ដឹង​បក្ស​ប្រឆាំង​ទៅ​តុលាការ​ឱ្យ​រំលាយ​បក្ស​ប្រឆាំង គឺ​បក្ស​សង្គ្រោះ​ជាតិ ដោយ​ចាប់​សកម្មជន​បក្ស​នេះ​រាប់​សិប​នាក់​ដាក់​គុក​ទៀត​ផង ជាមួយ​នឹង​ការ​រឹបអូស​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​របស់​បក្ស​ប្រឆាំង​នេះ​នៅ​ទូទាំង​ប្រទេស ដែល​កើត​ចេញពី​ការបោះឆ្នោត​ឆ្នាំ​២០១៦។

សំណួរ​មួយ​ចោទ​សួរ​ថា បើ​កម្ពុជា​ខ្លួន​គេ​មិន​ខុស​ពី​ភូមា​ផង តើ​ដើរ​តួនាទី​ម្ដេច​នឹង​កើត​ក្នុង​ឋានៈ​ជា​អ្នក​រក​ដំណោះស្រាយ​ឱ្យ​ប្រទេស​ភូមា។

សម្រាប់​រឿង​ភូមា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ស្នើ​សមភាគី​អាស៊ី​អាគ្នេយ៍ ត្រូវ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ ហើយ​វិលត្រឡប់​មក​រក​លទ្ធិប្រជាធិបតេយ្យ និង​ការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់។

ក្នុង​នោះ រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី បាន​តប​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ កំពុង​ធ្វើការ​ដើម្បី​ពន្លឿន​ការ​អនុវត្ត​ផែនការ ៥​ចំណុច​ដែល​មេដឹកនាំ​របស់​ពួកគេ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា។

ក្រៅពី​ជម្លោះ​ដែនសមុទ្រ និង​វិបត្តិ​ភូមា អាស៊ាន​និង​ចិន ក៏​មាន​បញ្ហា​បរិស្ថាន​ដែល​កំពុង​រាលដាល​នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ។ ការខូចខាត​ខាង​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មកពី​ការ​ធ្វើ​ឱ្យ​ខូចខាត​នៃ​ប្រព័ន្ធ​ទន្លេមេគង្គ​លើ កំពុង​បន្ត​កើតមាន ហើយ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​រាប់​លាន​នាក់​នៅ​អាស៊ី​អាគ្នេយ៍។

មាន​ការ​លើកឡើង​ថា ចិន​បន្ត​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ដង​ទន្លេមេគង្គ ហើយ​សហរដ្ឋ​អាមេរិក​បាន​បន្ត​ការចូលរួម​របស់​ខ្លួន​តាមរយៈ​ភាព​ជា​ដៃគូ​មេគង្គ-សហរដ្ឋ​អាមេរិក ខណៈ​ដែល​មហាអំណាច​ក្នុង​តំបន់​ដូចជា​ជប៉ុន និង​កូរ៉េ​ខាងត្បូង ក៏​កំពុង​ឆ្ពោះ​មក​កាន់​ទន្លេមេគង្គ​ដើម្បី​សហប្រតិបត្តិការ​ទូលំទូលាយ​ជាមួយ​អាស៊ាន។ នេះ​យ៉ាងហោចណាស់ ក៏​ចិន មើល​ឃើញ​ថា កម្លាំង​ចម្រុះ​កំពុង​គាប​សង្កត់​ចិន។

ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ដាវ​មុខ​ពីរ​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​មួយ​នេះ ត្រូវ​ដើរ​តួ​ជា​ប៉ូល​នយោបាយ​កណ្តាល​របស់​អាស៊ាន និង​ការ​ឯកភាព​ជាតិ​របស់​សមាគម​មួយ​នេះ​ផង​ដែរ។ តែ​បែប​នេះ គឺ​ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​ប៉ូល​កណ្ដាល​នៃ​ការ​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ករណី​សង្ស័យ​អំពី​អនាគត​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​កម្ពុជា អាច​ជា​ទីតាំង​ឈរ​ជើង​របស់​កងទ័ព​ចិន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នា​ពេល​ថ្មីៗ​នេះ អ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​លើកឡើង​អំពី​ការសង្ស័យ​នូវ​វត្តមាន​យោធា​ប្រទេស​ចិន ដោយ​ជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា​រក្សា​ឲ្យ​បាន​នូវ​គោល​នយោបាយ​ការបរទេស​ឯករាជ្យ និង​មាន​តុល្យភាព។

នេះ​ក៏​ជា​ចំណោទ​នៃ​បញ្ហា​ដ៏​រសើប ដែល​កម្ពុជា​ត្រូវ​ឆ្លងកាត់​បទពិសោធន៍​ម្ដង​ទៀត​នៅ​ឆ្នាំ​២០២២ ដើរ​តួនាទី​ជា​ប្រធាន​អាស៊ាន ថា​តើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ប្រកាន់​ឥរិយាបថ​បែប​ណា ឬ​ប្រកាន់​យក​បទពិសោធន៍​ដូច​នៅ​ឆ្នាំ​២០១២ ដែល​ត្រូវ​បាន​រិះគន់​ថា​ធ្វើ​ឱ្យ​អាស៊ាន​ស្គាល់​ការ​បរាជ័យ​ជា​លើកដំបូង​ដោយ​មិន​អាច​រក​ឃើញ​សេចក្ដី​ថ្លែងការណ៍​រួម​ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​តែ​ក្រោម​ឥទ្ធិពល​ចិន?

ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន បាន​ចោទ​ថា ចិន​កំពុង​វាតទី​កាន់កាប់​ដែនទឹក និង​កោះ​របស់​ប្រទេស​ក្នុង​សមាគម​អាស៊ាន រួម​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និង​ចុងក្រោយ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ក្រុង​ប៉េកាំង អះអាង​ថា ដែនទឹក​ឥណ្ឌូនេស៊ី និង​ដែនទឹក​ចិន បាន​ត្រួត​ស៊ី​គ្នា តែ​ក្រុង​ចាកាតារ បដិសេធ​ដោយ​ចោទ​ចិន ថា​មាន​បំណង​អាក្រក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស