The Cambodia Daily
Taing Sarada
Chief Correspondent & Anchor
The Cambodia Daily, Washington DC.
ជាបឋម ខ្ញុំបាទសូមថ្វាយបង្គំដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោកតា លោកយាយ អ៊ំ ពូ មីង ពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យ ស្នេហាតម្លៃនៃការពិត ស្នេហាគុណធម៌ និងស្នេហាយុត្តិធម៌សង្គមទាំងអស់ជាទីគោរព និងជាទីរាប់អានដោយស្មោះត្រង់ពីខ្ញុំ!
ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលសមាជិក និងសមាជិកាទាំងអស់របស់សមាគមសំឡេងខ្មែរដើម្បីប្រជាធិបតេយ្យ (KVD) គណៈកម្មាធិការវត្តសាមគ្គីរតនារាម និងគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋវ៉ាស៊ីនតុន ដែលបានផ្តល់ឱកាសដល់ខ្ញុំបាទចូលរួមនៅក្នុងកម្មវិធីបុណ្យរំឭកខួប ៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ក៏ដូចជាបានជួបជុំសហគមន៍ខ្មែរនៅក្នុងរដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិកនេះ។
ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ អស់រយៈពេលប្រាំឆ្នាំហើយ យុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី ដែលត្រូវបានឃាតកផ្ដាច់យកជីវិតទាំងកណ្តាលថ្ងៃត្រង់ក្នុងទីក្រុងភ្នំពេញ ហាក់ស្ថិតនៅឆ្ងាយដូចជើងមេឃហៅមិនឮ ហើយរីឯពន្លឺនៃភស្តុតាងពីកាមេរ៉ាសុវត្ថិភាព ក៏ស្ថិតក្នុងភាពអាថ៌កំបាំងយ៉ាងងងឹតសូន្យសុងថែមទៀតផង។
រដ្ឋាភិបាលឯកបក្សមិនបានរកយុត្តិធម៌សម្រាប់លោកបណ្ឌិត និងក្រុមគ្រួសាររបស់លោកឡើយ ក្រៅតែការកាត់ទោសបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដោយមិនបានបង្ហាញភស្តុតាងគ្រប់គ្រាន់នោះ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
ការកាត់ទោសបុរសឈ្មោះ អឿត អាង នេះកំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យដ៏ធំរបស់របស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ មតិជាច្រើនចាត់ទុក អឿត អាង ហៅ ជួប សម្លាប់ ថាជាឃាតកក្លែងក្លាយដែលត្រូវបានគេយកមកសម្ដែងឲ្យសាធារណជនមើលឲ្យបានអស់ចិត្តប៉ុណ្ណោះ។ ចម្លើយរបស់ អឿត អាង ដែលសារភាពថា ខ្លួនបានសម្លាប់បណ្ឌិត កែម ឡី ដោយសារតែជំពាក់លុយចំនួន ៣ពាន់ដុល្លារនោះ ត្រូវគេជឿថាវាជារឿងមិនសមហេតុផល និងមិនសមាមាត្រទៅនឹងតម្លៃកាំភ្លើងដែលប្រើប្រាស់ដើម្បីធ្វើឃាតបណ្ឌិត កែម ឡី នោះទេ។
បើទោះបីជា អឿត អាង បានសារភាពថាគាត់ជាអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី ដោយសាររឿងជំពាក់លុយក៏ដោយ ប៉ុន្តែ អឿត អាង ដែលរស់នៅតំបន់ដាច់ស្រយាលមួយក្នុងឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បានចាកចេញពីស្រុកកំណើតមកទីក្រុងភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ គឺរយៈពេល ១០ថ្ងៃមុនពេលធ្វើឃាត។
នៅមានសំណួរ និងបញ្ហាជាច្រើនទៀតដែលមិនទាន់មានចម្លើយដូចជា តើអ្នកទាំងពីរស្គាល់គ្នាដោយវិធីណា ដែលអាចនាំឲ្យបណ្ឌិត កែម ឡី ខ្ចីលុយពីឈ្មោះ អឿត អាង នេះ?
តាមរយៈការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចបង្ហាញថា កាំភ្លើងដែលឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី ជាប្រភេទកាំភ្លើងខ្លីម៉ាក GLOCK ផលិតនៅប្រទេសអូទ្រីស (Austria) ដែលមានតម្លៃប្រហែលពី ២ពាន់ទៅបីពាន់ដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ តម្លៃកាំភ្លើងរបស់ អឿត អាង សឹងស្មើគ្នាទៅនឹងចំនួនលុយដែល អឿត អាង ថាបណ្ឌិត កែម ឡី ជំពាក់ខ្លួននោះទៅទៀត។ ចំណុចនេះហើយដែលមហាជននៅតែមានមន្ទិលសង្ស័យទៅលើចម្លើយរបស់ឃាតកដែលមានលក្ខណៈមិនសមហេតុផល។
តើនៅលើលោកនេះមានទេដែលកូនបំណុលក្នុងទឹកប្រាក់ចំនួន ៣ពាន់ដុល្លារ ហើយម្ចាស់បំណុលត្រូវតែទៅទិញកាំភ្លើងតម្លៃប្រហែល ៣ពាន់ដុល្លារដែរ ដើម្បីយកទៅធ្វើឃាតកូនបំណុលដោយមិនបាននិយាយទារលុយពីកូនបំណុលសូម្បីមួយម៉ាត់ មុនបាញ់សម្លាប់នោះ?
នេះហើយជាចំណុចដែលមហាជនទូទៅនៅតែមានការសង្ស័យចំពោះចម្លើយមិនសមហេតុផលរបស់ឃាតក។

មរណភាពរបស់បណ្ឌិត កែម ឡី ញាំញីទៅដោយភាពចម្រូងចម្រាសជាច្រើន និងការធ្វើទុក្ខបុកម្នេញរបស់សមត្ថកិច្ចក្នុងអំឡុងពិធីតម្កល់សព និងក្នុងពេលហែសពចេញពីទីក្រុងភ្នំពេញទៅកាន់ស្រុកកំណើតក្នុងខេត្តតាកែវ។
ក្នុងអំឡុងពេលតម្កល់សពនៅវត្តចាស់ សមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិល បានរំខានដល់ពិធីបុណ្យសព ដូចជាការថតរូបអ្នកចូលរួមបុណ្យសព ការបង្ហាញកាំភ្លើងខ្លីដើម្បីបំភ័យដល់អ្នកចូលរួម និងបានដាក់សម្ពាធដល់ព្រះចៅអធិការវត្តចាស់ ឲ្យឆាប់យកសពបណ្ឌិត កែម ឡី ចេញពីវត្តជាដើម។
បន្ថែមពីនេះទៅទៀត នៅពេលដែលហែសពរបស់បណ្ឌិត កែម ឡី ពីវត្តចាស់ ក្នុងទីក្រុងភ្នំពេញយកទៅបញ្ចុះនៅផ្ទះកំណើតរបស់បណ្ឌិត កែម ឡី ក្នុងខេត្តតាកែវ រដ្ឋាភិបាលលោក ហ៊ុន សែន បានហាមស្ថានីយប្រេងឥន្ធនៈទាំងអស់នៅតាមដងផ្លូវឲ្យផ្អាកការលក់សាំងជាបណ្ដោះអាសន្ន។
តើហេតុអ្វីបានជារដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញពិធីហែសពដ៏សោកសង្រេងរបស់គ្រួសារសព និងរបស់មហាជនទូទាំងនគរទៅវិញ? តើមានហេតុផលអ្វីនៅពីក្រោយការធ្វើទុក្ខបុកម្នេញនេះ? តើរដ្ឋាភិបាលមានអារម្មណ៍រអៀសខ្លួន ឬមានភាពអាម៉ាស់ពីអំពើឃាតកម្មដ៏អយុត្តិធម៌នេះ ឬយ៉ាងណា?
នៅពេលពិធីបុណ្យ ១០០ថ្ងៃសពបណ្ឌិត កែម ឡី អាជ្ញាធរបានរារាំងព្រះចៅអធិការវត្តចាស់ មិនឲ្យទទួលធ្វើកម្មវិធីបុណ្យនោះទេ ហើយចំណែកអាជ្ញាធរខេត្តតាកែវ ឯណោះវិញ ក៏បានធ្វើទុក្ខបុកម្នេញតាមរយៈការរំខានមិនឲ្យធ្វើពិធីបុណ្យបានស្រួលបួលដែរ។ អាជ្ញាធរខេត្តតាកែវ ពេលនោះបានរារាំងអ្នកសារព័ត៌មានមិនឲ្យសម្ភាសអ្នកចូលរួមបុណ្យ និងថែមទាំងព្រមានពួកគេទៀតផង។
ពលរដ្ឋខ្មែរភាគច្រើនជឿថា លោក ហ៊ុន សែន គឺជាមនុស្សតែម្នាក់គត់ដែលត្រូវបន្ទោសក្នុងករណីឃាតកម្ម និងការធ្វើទុក្ខបុកម្នេញទៅលើសាកសព និងគ្រួសារសព។
ឃាតកម្មដ៏ល្បីរន្ទឺមួយនេះ ក៏ដូចជាឃាតកម្មខ្នាតធំផ្សេងៗទៀតដែរដែលព្រលឹងជនរងគ្រោះទាំងនោះហាក់តាមលងបន្លាចលោក ហ៊ុន សែន ក្នុងសុបិននៃភាពអន្ធការដ៏ញឹកញាប់៖
- ឃាតកម្មទៅលើបណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦
- ក៏ដូចជាឃាតកម្មទៅលើអ្នកស្រី ពិសិដ្ឋ ពីលីកា តារាភាពយន្ត និងជាគ្រូរបាំព្រះរាជទ្រព្យកាលពីឆ្នាំ១៩៩៩
- ការធ្វើគតព្រះតេជគុណ សំ ប៊ុនធឿន កាលពីឆ្នាំ២០០៣
- ការបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០០៤
- ការបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិកាលពីឆ្នាំ២០១២
- និងអំពើឃាតកម្មខ្នាតធំជាច្រើនទៀតទៅលើកងទ័ព និងមន្ត្រីជាន់ខ្ពស់របស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩៧
ដែលឃាតកម្មទាំងនេះ សមត្ថកិច្ចបរាជ័យក្នុងការស្វែងរកឃាតកពិត ឬអ្នកបញ្ជានៅពីក្រោយយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ដោយសារភាពបរាជ័យក្នុងរឿងយុត្តិធម៌ទាំងអស់នេះហើយ ដែលធ្វើឲ្យមហាជនអស់ជំនឿលើប្រព័ន្ធតុលាការរបស់ប្រទេស ហើយមនុស្សជាច្រើនបាក់ទឹកចិត្តក្នុងការបន្តស្វែងរកយុត្តិធម៌ពិតប្រាកដនៅកម្ពុជា។
ក្នុងនាមជាអ្នកសារព័ត៌មានមួយរូប ខ្ញុំមានការទទួលខុសត្រូវក្នុងការរាយការណ៍ និងបន្តការរាយការណ៍ថែមទៀតដើម្បីឲ្យប្រាកដថា តើលោក ហ៊ុន សែន នឹងដោះស្រាយបញ្ហានេះដោយរបៀបណា។

តើលោក ហ៊ុន សែន នឹងស្វែងរកឃាតកពិត ឬអ្នកនៅពីក្រោយការសម្លាប់បណ្ឌិត កែម ឡី ក៏ដូចជាសកម្មជនបរិស្ថាន មេដឹកនាំសហជីព ព្រះសង្ឃ តារាសម្ដែង និងឃាតកម្មខ្នាតធំជាច្រើនទៀត ឬមួយលោក ហ៊ុន សែន ត្រូវបិទរឿងទាំងនេះចោល ដោយសង្ឃឹមថាពលរដ្ឋ និងអ្នកសារព័ត៌មាននឹងភ្លេចនោះ?
ប្រាកដណាស់ សាធារណជននឹងមិនភ្លេចរឿងនេះជាដាច់ខាត ហើយក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន ក៏ដូចជាតួនាទីរបស់អ្នកសារព័ត៌មានដទៃទៀត នៅតែបន្តស៊ើបអង្កេតដើម្បីបង្ហាញការពិត និងធ្វើសេចក្តីរាយការណ៍។
ជាចុងក្រោយ ខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់បណ្ឌិត កែម ឡី និងជនរងគ្រោះដទៃទៀតដែលបានស្លាប់ទាំងអយុត្តិធម៌ បានទៅកាន់សុគតិភព ហើយសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក តាមជួយទ្រទ្រង់ ថែរក្សាគ្រួសារជនរងគ្រោះទាំងឡាយឲ្យចៀសផុតពីការបៀតបៀននៃភាវអាក្រក់ ហើយទទួលបាននូវយុត្តិធម៌ពិតប្រាកដ និងចៀសផុតពីការធ្វើទុក្ខបុកម្នេញទាំងឡាយ។
ខ្ញុំក៏សូមប្រគេនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងលោកតា លោកយាយ អ៊ំ ពូ មីង ពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនេះ សូមឲ្យមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច។
សូមអគុណ!