រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង

ជំងឺកូវីដ ១៩

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ថា​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍

By ឌឹ ខេមបូឌា ដេលី

July 27, 2021

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា ក្នុង​ស្ថានភាព​នេះ កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដែល​នឹង​បង្ក​គ្រោះ​មហន្តរាយ​ធំ​ដល់​ប្រព័ន្ធ​សុខាភិបាល និង​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​កាន់តែ​ច្រើន រួម​ទាំង​បង្ក​ឲ្យ​មាន​ផលវិបាក​សម្រាប់​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ដល់​អាជ្ញាធរ​ទាំង ២៥​រាជធានី​ខេត្ត​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ឲ្យ​អនុវត្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ដើម្បី​រៀន​រស់នៅ​ជា​បណ្តើរៗ​ជាមួយ​នឹង​វីរុស Covid-19 តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ទាំងអស់​នៅ​កម្ពុជា ប្រឹងប្រែង​ទប់ស្កាត់ និង​កាត់ផ្ដាច់​ខ្សែ​ចម្លង​ជំងឺ Covid-19 ប្រភេទ​ថ្មី DELTA ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​កាច​សាហាវ​ជាង​មុន ឲ្យ​ខ្លាំង​ជាទីបំផុត ដើម្បី​កុំ​ឲ្យ​ជ្រៀត​ចូល​ក្នុង​សហគមន៍ ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ពី​សំណាក់​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយៗ សហគមន៍ ព្រមទាំង​ស្ថាប័ន និង​វិស័យ​ឯកជន​ដែល​ជា​គន្លឹះ​ក្នុង​ការ​កាត់បន្ថយ​ការ​ឆ្លង​វីរុស Covid-19 នេះ។

លោក ម៉ម ប៊ុនហេង បញ្ជាក់​ថា ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ឡើង​វិញ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស​វិធានការ ៣​កុំ ៣​ការពារ​ដោយ​ការ​បើក​យុទ្ធនាការ​ទូទាំង​ប្រទេស ដើម្បី​អប់រំ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​វីរុស Covid-19 និង​ការ​រៀន​រស់​តាម​គន្លង​ថ្មី គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​បំផុត។

សេចក្តី​ណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​វីរុស Covid-19 ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ជាពិសេស​ការ​ទប់ស្កាត់​ជំងឺ Covid-19 បំប្លែង​ខ្លួន​ថ្មី DELTA នៅ​ពេល​នេះ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថា​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ចំនួន​៦ ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19 ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។

យុទ្ធសាស្ត្រ​ទាំងនោះ​រួម​មាន៖

ជុំវិញ​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​កា​បង្កើត​អនុគណៈកម្មការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់ ដែល​ចំណុះ​ឲ្យ​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ដែល​មាន​តួនាទី​ជា​អនុប្រធាន​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 នៅ​ពេល​នេះ។

ទាក់ទង​នឹង​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល បាន​អះអាង​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៧៧៨​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦៨៦​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ២២​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៧​ម៉ឺន ៣​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៦​ម៉ឺន ៥​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៣០៥​នាក់​ហើយ​មក​ទល់នឹង​ពេល​នេះ៕