38 C
Phnom Penh

ទស្សនៈ៖ ប្រជាជន​អាស៊ី​អាគ្នេយ៍​រីករាយ​ការ​មក​ដល់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​ចំនួន​១០ គឺ​មាន​ប្រជាជន​ជាង ៦៧៥​លាន​នាក់។ តំបន់​នេះ​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ កក្កដា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19 នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​បាន​កើន​ឡើង​ជិត ៧​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១៣​ម៉ឺន ៣៧៤១​នាក់។ នេះ​បើ​តាម​ទិន្នន័យ​គេហទំព័រ​តាមដាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​លើ​ពិភពលោក ហៅថា Worldometer។ ក្នុង​ចំណោម​នេះ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ប្រជាជន​ជាង ២៧៦​លាន​នាក់ នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើន​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំងអស់។ បន្ទាប់មក ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី ភូមា ថៃ និង​កម្ពុជា។

ក្នុង​ដំណាក់កាល​នេះ ប្រទេស​ចិន ដែល​ជា​ប្រភព​ឆ្លង​ដំបូង​គេ​នៃ​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​បាន​ក្លាយ​ជា​ប្រទេស​ដែល​បញ្ចេញ​វ៉ាក់សាំង​ច្រើន​ជាងគេ​ទាំងអស់​ទៅដល់​បណ្ដា​ប្រទេស​នៅ​ទូទាំង​ពិភពលោក គឺ​ប្រមាណ​ជា ៩០​ប្រទេស ប៉ុន្តែ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​កៀក​នឹង​ប្រទេស​ចិន គឺ​ងាយ​ទទួល​ការ​ដឹកជញ្ជូន​វ៉ាក់សាំង​ពី​ប្រទេស​ចិន។ វ៉ាក់សាំង​ចិន ដែល​ជា​ជំនួយ​របស់​ចិន​ផង និង​ស្នើ​ទិញ​ផង គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់។ ស៊ីណូវ៉ាក់ ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ជាងគេ​ក្នុង​តំបន់​នេះ តែ​វ៉ាក់សាំង​របស់​ចិន​ទាំង​ពីរ​ប្រភេទ​នេះ​ពុំសូវ​មាន​ប្រសិទ្ធភាព​ច្រើន​ទេ បើ​ធៀប​នឹង​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប។

ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូវីដ​រាតត្បាត​ធ្ងន់ធ្ងរ​នេះ គឺ​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​ប្រទេស​ចិន​នៅតែ​អាច​ឆ្លង​ជំងឺ​ប្រភេទ​នេះ ហើយ​រហូត​គ្រោះថ្នាក់​ដល់​ជីវិត​ទៀត​ផង។ តែ​យ៉ាងណា អង្គការ​សុខភាព​ពិភពលោក (WHO) ទទួលស្គាល់​វ៉ាក់សាំង​ចិន​ក្នុង​ដំណាក់កាល​អាសន្ន​តែប៉ុណ្ណោះ។ ក្នុង​ស្ថានភាព​នេះ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​គឺ​បាន​ប្រើប្រាស់​វ៉ាក់សាំង​ប្រទេស​ចិន ច្រើន​លើសលប់​ចាក់​ទៅលើ​ប្រជាជន​របស់​ពួកគេ។ ប៉ុន្តែ​នៅ​ពេល​ដែល​វ៉ាក់សាំង​នេះ​ប្រើប្រាស់​ហើយ​នៅតែ​ឆ្លង​ជំងឺ​កូវីដ គឺ​ប្រជាជន​នៅ​ក្នុង​តំបន់​នេះ​រួម​នឹង​រដ្ឋាភិបាល​មួយ​ចំនួន​នៃ​សមាគម​នេះ បាន​បន្ថយ​ការប្រើប្រាស់​វ៉ាក់សាំង​ចិន ហើយ​ក៏​ងាក​ទៅ​រក​ការប្រើប្រាស់​វ៉ាក់សាំង​របស់​អាមេរិក និង​អឺរ៉ុប។

នៅទីបំផុត វ៉ាក់សាំង​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ចាប់ផ្ដើម​ធ្លាក់​មក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​កាលពី ២​សប្ដាហ៍​មក​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ក្នុង​តំបន់​នេះ បាន​ផ្សព្វផ្សាយ​អំពី​ការ​មក​ដល់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ គឺ​វ៉ាក់សាំង​ប្រភេទ Moderna និង Johnson & Johnson ហើយ​ប្រទេស​ខ្លះ​ប្រើប្រាស់​វ៉ាក់សាំង​អាមេរិក Pfizer-BioNTech។

តាម​បណ្ដាញ​សង្គម Facebook នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រជាជន​បាន​បញ្ចេញ​មតិ និង​ដោះដូរ​ទស្សនៈ​គ្នា​អំពី​ការប្រើប្រាស់​វ៉ាក់សាំង​សហរដ្ឋ​អាមេរិក វ៉ាក់សាំង​អឺរ៉ុប និង​វ៉ាក់សាំង​ប្រទេស​ចិន។ អ្នក​ខ្លះ​វាយប្រហារ​វ៉ាក់សាំង​របស់​ចិន សរសើរ​វ៉ាក់សាំង​អាមេរិក​និង​អឺរ៉ុប។ អ្នក​ខ្លះ​ចាត់ទុក​ការប្រើប្រាស់​វ៉ាក់សាំង​ចិន គ្រាន់បើ​ដែរ​ក្នុង​គ្រា​អាសន្ន​ទប់ស្កាត់​ការ​វាយលុក​របស់​ជំងឺ​កូវីដ។ ប៉ុន្តែ​ភាគច្រើន​ពួកគេ​រីករាយ​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ដែល​ពួកគេ​គិត​ថា​វា​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​នេះ ហើយ​វា​មិន​ប៉ះពាល់​អនាគត​សុខភាព​របស់​អ្នក​ប្រើប្រាស់។

គ្រាន់តែ​ឮ​ដំណឹង​ថា​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​បាន​មក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​នោះ គឺ​ប្រជាជន​ក្នុង​តំបន់​នោះ​ដែល​មិនទាន់​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ចិន ក៏​ត្រៀម​លក្ខណៈ​ដើម្បី​ចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​ដំណាក់កាល​ដំបូង​នៃ​ជំនួយ​វ៉ាក់សាំង ៨០​លាន​ដូស​នៅ​ទូទាំង​ពិភពលោក និង​ក្នុង​គម្រោង​ធំ ៥០០​លាន​ដូស រដ្ឋការ​របស់​លោក ចូ បៃដិន បាន​ទម្លាក់​វ៉ាក់សាំង​ពីរ​ប្រភេទ​ទៅ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​វ៉ាក់សាំង Moderna និង Johnson & Johnson។ ប្រទេស​ដែល​ទទួល​បាន​វ៉ាក់សាំង​របស់​អាមេរិក​ដំបូង​គេ គឺ​ឥណ្ឌូនេស៊ី បាន ៤​លាន​ដូស។ ឥណ្ឌូនេស៊ី មាន​ប្រជាជន​ជាង ២៧៦​លាន​នាក់ គឺ​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​នេះ ហើយ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាងគេ។ ប្រទេស​នេះ​ប្រើប្រាស់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ចិន​លើសលប់ ហើយ​ភាគច្រើន​វ៉ាក់សាំង​នេះ​ចាក់​ទៅលើ​បុគ្គលិក​សុខាភិបាល។

តាម​ព័ត៌មាន​ចុងក្រោយ​នេះ វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ចិន នៅតែ​ពុំ​អាច​ទប់ទល់​បាន​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​នេះ​ទេ។ បុគ្គលិក​សុខាភិបាល​ខ្លះ​ដែល​ទទួល​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ពីរ​លើក​មក​ហើយ គឺ​នៅតែ​ឆ្លង ហើយ​គ្រោះថ្នាក់​អាយុជីវិត​ទៀត​ផង។ ក្រសួង​សុខាភិបាល​របស់​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​សិក្សា​ជាមួយ​នឹង​ក្រុមហ៊ុន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ប្រទេស​ចិន ថា​តើ​ត្រូវ​បន្ថែម​វ៉ាក់សាំង​ប្រភេទ​នេះ​មួយ​ដូស​ទៀត​ឬ​ទេ​ទៅ​ឱ្យ​អ្នក​ដែល​ទទួល​វ៉ាក់សាំង​ពីរ​លើក​ហើយ​នោះ។ នេះ​និយាយ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។

វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ថា​មាន​ប្រសិទ្ធភាព​ខ្ពស់​ជិត ១០០​ភាគរយ​កំពុង​ទទួល​បាន​ការ​ទុកចិត្ត​ជា​ខ្លាំង។

ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ទទួល​វ៉ាក់សាំង​អាមេរិក​បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី គឺ​ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ប្រទេស​ឡាវ។ ម៉ាឡេស៊ី ទទួល​បាន​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក​ជំហាន​ដំបូង​ជាង ១​លាន​ដូស នៅ​ខណៈ​វៀតណាម ទទួល​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក​ដល់​ដំណាក់កាល​ទី​២ ចំនួន ៥​លាន​ដូស។ ចំណែក​ហ្វីលីពីន ទទួល​វ៉ាក់សាំង​ដល់​ដំណាក់កាល​ទី​២ គឺ ៣​លាន ២​សែន​ដូស ហើយ​ឥណ្ឌូនេស៊ី ត្រៀម​ទទួល​វ៉ាក់សាំង​ពី​អាមេរិក ៣​លាន​ដូស​ថែមទៀត។ ចំណែក​ឯ​ប្រទេស​ឡាវ ទទួល​បាន​ពី​អាមេរិក ១​លាន ៨​ពាន់​ដូស​នៅ​ដំណាក់កាល​ដំបូង។ ចំណែក​ប្រទេស​ថៃ កម្ពុជា គឺ​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្លាក់​មក​ដល់​ក្នុង​អំឡុង​ពេល​នេះ​ដែរ។

កម្ពុជា ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រកាស​ថា​នឹង​ទទួល​បាន​ជាង ១​លាន​ដូស​នៅ​ពេល​ដែល​ប្រទេស​ថៃ ក៏​ត្រៀម​ទទួល​វ៉ាក់សាំង​អាមេរិក​ជាច្រើន​លាន​ដូស​ទៀត​ផង។ យ៉ាងណា ប្រទេស​សិង្ហបុរី បាន​ប្រើប្រាស់​វ៉ាក់សាំង​សហរដ្ឋ​អាមេរិក​ទាំង ៣​ប្រភេទ​នេះ គឺ​បាន​ចាក់​លើ​ប្រជាជន​របស់​ខ្លួន​ភាគច្រើន​ទៅ​ហើយ។ ប៉ុន្តែ​ការ​កត់សម្គាល់​មួយ​ទៀត ប្រទេស​វៀតណាម ដែល​មាន​ប្រជាជន​ជិត ១១០​លាន​នាក់ មិនបាន​ដាក់​ពាក្យ​ស្នើ​ទិញ​វ៉ាក់សាំង​ពី​ចិន ឬ​អំពាវនាវ​សុំ​វ៉ាក់សាំង​ពី​ប្រទេស​ចិន នោះ​ទេ ថ្វីត្បិត​ជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​នឹង​ចិន ក៏ដោយ។

រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​មើលឃើញ​ថា​និយម​ប្រើប្រាស់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប គឺ​វ៉ាក់សាំង AstraZeneca។ ប្រជាជន​វៀតណាម សម្ដែង​ការ​ត្រេកអរ​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​វ៉ាក់សាំង​មក​ទាន់​ពេលវេលា។ នាយករដ្ឋមន្ត្រី​វៀតណាម តាងនាម​ឲ្យ​ប្រជាជន​របស់​ប្រទេស​នេះ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋការ​របស់​លោក ចូ បៃដិន ដែល​បាន​បញ្ជូន​វ៉ាក់សាំង​មនុស្សធម៌​មក​ឲ្យ​វៀតណាម ក្នុង​ពេល​ដែល​ប្រទេស​នេះ​ធ្លាក់​ក្នុង​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​ធ្ងន់ធ្ងរ។ មិន​ថា​ឡើយ​ប្រជាជន​វៀតណាម ដែល​សម្លឹង​ចង់​ចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក គឺ​ប្រជាជន​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​នេះ ក៏​ងាក​ទៅ​រក​ការ​ចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប។ តែ​ជាមួយ​គ្នា​នេះ ប្រទេស​ជប៉ុន ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ទី​៣ នៃ​ពិភពលោក បាន​ចាប់ផ្ដើម​ទម្លាក់​វ៉ាក់សាំង AstraZeneca របស់​អឺរ៉ុប ទៅ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

តាមរយៈ​ជំនួយ​វ៉ាក់សាំង​មក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ឆ្លើយតប​នឹង​មេរោគ​រាតត្បាត​ជា​សកល​នេះ ដោយ​ផ្តល់​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដល់​ប្រជាជន​ក្នុង​ចំនួន​ដ៏​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ប្រជាជាតិ​នានា​ត្រូវការ​ប្រព័ន្ធ​សុខាភិបាល​រឹងមាំ​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង។ ដោយសារ​ជំងឺ​កូវីដ បាន​បង្ក​ការ​រាំងស្ទះ​ដល់​ផ្នែក​សុខាភិបាល អប់រំ ការងារ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នៅ​ក្នុង​ប្រទេស​ជាច្រើន គឺ​សហរដ្ឋ​អាមេរិក​សន្យា​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​ទូទាំង​សកលលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស