ទីបំផុត របបរដ្ឋប្រហារនៅភូមា សម្រេចលុបចោលលទ្ធផលបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ជាបក្សរងគ្រោះដោយរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ បានឈ្នះភ្លូកទឹកភ្លូកដី ហើយទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
ការសម្រេចនេះ ធ្វើឡើងដោយក្រុមប្រឹក្សាបោះឆ្នោតប្រទេសភូមា ដែលពួកយោធាបង្កើតឡើងក្រោយរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា។
ក្រុមប្រឹក្សានេះ កាលពីថ្ងៃចន្ទ ទី២៦ កក្កដា បានប្រកាសលុបចោលលទ្ធផលបោះឆ្នោតសភា ឆ្នាំ២០២០ ដែលគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ជាអ្នកទទួលបានជ័យជម្នះ ដោយសំអាងថាការបោះឆ្នោតនោះគ្មានភាពយុត្តិធម៌ និងគ្មានតម្លាភាពឡើយ។
ការប្រកាសលុបចោលលទ្ធផលបោះឆ្នោត ត្រូវបានធ្វើឡើងដោយប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតប្រទេសភូមា លោក Thein Soe។ លោក Thein Soe សំអាងថា សន្លឹកឆ្នោតជាង ១១លានសន្លឹកត្រូវបានលួចបន្លំ។ លោក Thein Soe បានចោទគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ថាបានព្យាយាមដណ្ដើមអំណាចពីគណបក្សផ្សេងៗតាមរយៈការធ្វើសកម្មភាពបោកបញ្ឆោតនៅគ្រាប្រទេសភូមា កំពុងរងការរឹតត្បិតប្រឆាំងជំងឺ COVID-19។
លោកចាត់ទុកថាជាការបោះឆ្នោតដែលគ្មានភាពយុត្តិធម៌ និងគ្មានតម្លាភាព ហើយថានេះគឺជាហេតុផលដែលលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ត្រូវបានលុបចោល និងទុកជាមោឃៈ។
ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយថា លោក Thein Soe មិនបានអះអាងថាការបោះឆ្នោតសភាថ្មីមួយនឹងរៀបចំនៅពេលណានោះទេ ស្របពេលមេដឹកនាំរបបរដ្ឋប្រហារធ្លាប់បានសន្យាថា ការបោះឆ្នោតជាថ្មីនឹងត្រូវរៀបចំឡើងក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំទៀត។
ការរំលាយលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដែលជ័យជម្នះបានទៅលើគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ គឺបន្ទាប់ពីរបបរដ្ឋប្រហាររបស់ពួកយោធាបន្តទាមទារជាលើកទី២ សុំអាសនៈនៅអង្គការសហប្រជាជាតិ ដែលជាអាសនៈរបស់រដ្ឋាភិបាលគណបក្ស NLD កំពុងកាន់កាប់ជាងប្រាំឆ្នាំមកនេះ។
អ្នកសង្កេតការណ៍មើលឃើញថា របបសឹកភូមា នឹងពុំអាចមានអាសនៈរបស់ខ្លួនឡើយនៅអង្គការសហប្រជាជាតិ ទោះជាចិន និងសម្ព័ន្ធមិត្តរបស់ពួកយោធាថាជួយជំរុញ និងគាំទ្រក៏ដោយ។
តែជាការកត់សម្គាល់មួយទៀតនោះ គឺការបោះឆ្នោតឆ្នាំ២០១៥ គឺពេលនោះពួកយោធាជាអ្នករៀបចំការបោះឆ្នោត និងគ្រប់គ្រងស្ថានការណ៍បោះឆ្នោតទូទាំងប្រទេស ហើយលទ្ធផលបោះឆ្នោតនៅពេលនោះ គឺបក្សរបស់ពួកយោធាចាញ់យ៉ាងអាម៉ាស់ដូចនឹងការបោះឆ្នោតឆ្នាំ២០២០ ដែរ។ ចុះការបោះឆ្នោតឆ្នាំ២០១៥ ម្ដេចពួកយោធាមិនបានចោទថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបន្លំសន្លឹកឆ្នោត? គឺការពិត បក្សរបស់ពួកយោធាអស់មានប្រជាជនភូមា គាំទ្រទៅហើយ៕