29.3 C
Phnom Penh

អ្នកជំងឺ​កូវីដ-១៩​ចំនួន​១៥​នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ចំនួន ៧៦៦​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ជាង ១៣០០​នាក់ (១៣៣៩​នាក់) ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្រោយ​ពី​អ្នកជំងឺ ១៥​នាក់​ទៀត​បាន​ស្លាប់។ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​ថ្មី ៧៦៦​នាក់​នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ កក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ជាង ៧​ម៉ឺន ៥​ពាន់​នាក់ (៧៥១៥២) ក្នុង​នោះ​អ្នក​ជាសះស្បើយ​មាន​ជាង ៦​ម៉ឺន ៧​ពាន់​នាក់ (៦៧៦៩២)។

ចំណែក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា​រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជិត ៧​លាន​នាក់​ហើយ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​ជាង ១៣​លាន​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​២៧ កក្កដា។

ក្រសួង​សុខាភិបាល​កម្ពុជា គ្រោង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ (Sinovac) ដល់​កុមារ និង​យុវវ័យ​អាយុ​ចន្លោះ​ពី ១២ ដល់ ១៧​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែ​សីហា តទៅ ស្រប​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​មិនទាន់​ឯកភាព​នៅឡើយ។

ទាក់ទិន​ករណី​នេះ​ដែរ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ បាន​ជូនដំណឹង​ថា វ៉ាក់សាំង ចនសុន & ចនសុន (Johnson & Johnson) ដែល​ជា​អំណោយ​របស់​សហរដ្ឋ​អាមេរិក​ចំនួន ១​លាន​ដូស នឹង​មក​ដល់​កម្ពុជា​លើកដំបូង​នៅ​ចុង​ខែ​កក្កដា នេះ។ វ៉ាក់សាំង​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​តាមរយៈ​យន្តការ​កូវ៉ាក់ (COVAX) ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩ គ្រប់​ទីកន្លែង ជាពិសេស​ការ​ឆ្លង​ចូល​សហគមន៍។

មកទល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ជំនួយ​ជា​វ៉ាក់សាំង​ក្រោម​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ជាង ២​លាន ៣​សែន ២​ម៉ឺន​ដូស ក្នុង​នោះ​ភាគច្រើន​ជា​វ៉ាក់សាំង​អាស្ត្រាហ្សេណេកា (AstraZeneca) របស់​ចក្រភព​អង់គ្លេស និង​វ៉ាក់សាំង​របស់​ជប៉ុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស