ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ ជំរុញឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធរដ្ឋបាលរបស់ជាតិ ជាពិសេសគឺមានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅទៅនឹងលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។
ក្រុមអ្នកតស៊ូមតិបានថ្លែងបែបនេះ បន្ទាប់ពីអ្នកវិភាគខាងផ្នែកគោលនយោបាយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានលើកឡើងអំពីការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរក្នុងប្រព័ន្ធរដ្ឋបាលរបស់រដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ ខែសីហា ថា លោកចង់ឃើញសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ដែលកំពុងនាំគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងជោគជាំក្នុងពេលបច្ចុប្បន្ននេះ។
លោកព្រមានថា រដ្ឋាភិបាលកម្ពុជាងាយនឹងរំកិលខ្លួនទៅរកមហាអំណាចចិនខ្លាំងណាស់ នៅពេលដែលមានទណ្ឌកម្មពីសហរដ្ឋអាមេរិក ដូច្នេះមុននឹងសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីពុករលួយទាំងនោះ សហរដ្ឋអាមេរិកក៏ត្រូវពិនិត្យឲ្យបានច្បាស់លាស់ផងដែរថា គួរប្រើទណ្ឌកម្មកម្រិតណាដើម្បីឲ្យមានប្រសិទ្ធភាព និងដើម្បីចៀសវាងនូវផលប៉ះពាល់ទៅដល់សន្តិសុខក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគខាងផ្នែកគោលនយោបាយរបស់អង្គការ Heritage Foundation ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Olivia Enos បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២៨ ខែកក្កដា ថា សមាជិកគ្រួសាររបស់លោក ហ៊ុន សែន ជាពិសេសគឺលោក ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងដំណើរការរដ្ឋាភិបាលដែលដឹកនាំដោយឪពុករបស់លោកយ៉ាងស៊ីជម្រៅ។
អ្នកស្រី Olivia Enos អះអាងថា លោក ហ៊ុន សែន មិនអាចអនុវត្តច្បាប់ដើម្បីបំបាត់អំពើពុករលួយទៅលើក្រុមគ្រួសាររបស់លោកបានទេ ដូច្នេះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺជាមធ្យោបាយត្រឹមត្រូវបំផុតក្នុងការដាក់សម្ពាធលើមេដឹកនាំពុករលួយទាំងនោះ ដើម្បីឲ្យប្រព័ន្ធរដ្ឋាភិបាលកម្ពុជាមានកំណែទម្រង់ឲ្យទៅរកភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។

ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍បានអះអាងថា លោក ហ៊ុន ម៉ាណែត បានប្រើតួនាទីរបស់ខ្លួនជាប្រធានអនុគណៈកម្មការគ្រប់គ្រងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19 ធ្វើជំនួញគ្រប់ច្រកលើបរិក្ខារសុខាភិបាលសម្រាប់ព្យាបាលអ្នកមានជំងឺ Covid-19 ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
ពួកគេអះអាងថា លោក ហ៊ុន ម៉ាណែត ក៏បានប្រព្រឹត្តអំពើពុករលួយដោយកេងប្រវ័ញ្ចលុយរដ្ឋលើការព្យាបាលអ្នកជំងឺ Covid-19 ដែលធ្វើចត្តាឡីស័កនៅកោះពេជ្រ និងនៅមជ្ឈមណ្ឌលព្រីមៀមសែនសុខ ផងដែរ ដោយការធ្វើរបាយការណ៍បំប៉ោងតួលេខចំណាយក្នុងម្នាក់ដល់ទៅ ២០០ដុល្លារអាមេរិកឯណោះក្នុង ១ថ្ងៃ ខណៈពលរដ្ឋដែលធ្វើចត្តាឡីស័កនៅទីនោះមិនទទួលបានសេវាថែទាំឲ្យសមាមាត្រនឹងការចំណាយនោះឡើយ។
ដោយឡែកនៅសណ្ឋាគារឌូក ឬអតីតសណ្ឋាគារ អ៊ីនធឺខន និងនៅសណ្ឋាគារ សុខា ឯណេះវិញ លោក ហ៊ុន ម៉ាណែត បានប្រើទីតាំងទាំងនេះសម្រាប់ដាក់ពួកអ្នកមានលុយ និងអ្នកចេញចូលពីបរទេសក្នុងយុទ្ធនាការធ្វើចត្តាឡីស័ក ដែលតម្រូវឲ្យអ្នកទាំងនោះចេញថ្លៃចំណាយផ្ទាល់ខ្លួនក្នុងម្នាក់ ៤០០ដុល្លារក្នុងមួយថ្ងៃ ចូលទៅគណៈកម្មការរបស់លោកផ្ទាល់តែម្តង។
ទាក់ទិននឹងការប្រព្រឹត្តអំពើពុករលួយនេះ អង្គការតម្លាភាពកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីដើមខែធ្នូ ឆ្នាំ២០២០ កន្លងទៅថា វិបត្តិជំងឺ Covid-19 កំពុងធ្វើឲ្យប្រទេសកម្ពុជាមានហានិភ័យកាន់តែខ្ពស់ពាក់ព័ន្ធនឹងអំពើពុករលួយរហូតដល់ការបំពាននីតិរដ្ឋថែមទៀត។
ប្រភពដដែលបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់កម្ពុជាបានឆ្លៀតឱកាសក្នុងវិបត្តិជំងឺ Covid-19 នេះ ប្រព្រឹត្តអំពើពុករលួយតាមរូបភាពផ្សេងៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍បក្ខពួករបស់ពួកគេ៕