38 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ លោក កឹម សុខា សុខចិត្ត​បាត់បង់​សេរីភាព​ផ្ទាល់ខ្លួន ព្រោះ​ដើម្បី​សេចក្តី​សុខ​ជាតិ​និង​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា ការ​តស៊ូ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​ដូចគ្នា​ទៅ​នឹង​មេដឹកនាំ​ដើម្បី​សេរីភាព​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង លោក Nelson Mandela ដែរ គឺ​ហ៊ាន​លះបង់​សេរីភាព​ខ្លួនឯង​រហូត​ដល់​ការ​លះបង់​ជីវិត​ដើម្បី​តែ​ទាមទារ​សេរីភាព និង​យុត្តិធម៌​ជូន​ជាតិ និង​ពលរដ្ឋ​របស់​ខ្លួន។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និង​ពលរដ្ឋ​ខ្មែរ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ធ្វើ​ឲ្យ​លោក​បាត់បង់​សេរីភាព​ផ្ទាល់ខ្លួន​ទាំងស្រុង ដោយសារតែ​ការ​តវ៉ា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​ជូន​ពលរដ្ឋ ប៉ុន្តែ​លោក​នៅតែ​មិន​រាថយ​ជាដាច់ខាត។

លោក​អះអាង​ថា ដើម្បី​សេរីភាព ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក កឹម សុខា នៅតែ​បន្ត​យុទ្ធសាស្ត្រ​នយោបាយ​ប្រកាន់​ធម៌​អហិង្សា មិន​យក​ជាតិ​ឯង​ជា​សត្រូវ មិន​ចងគំនុំ​សងសឹក ប៉ុន្តែ​ជំនួស​មកវិញ​ដោយ​ការ​បង្រួបបង្រួម​ខ្មែរ និង​ខ្មែរ ផ្សះផ្សា​ជាតិ ដើម្បី​សេចក្តី​សុខ និង​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី​ដែល​ជា​ជ័យជម្នះ​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា បើ​ទោះបីជា​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង​ក្នុង​ដំណើរ​ជីវិត​ស្វែងរក​យុត្តិធម៌​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋ​អំណាច​បច្ចុប្បន្ន រហូត​ជាប់​ពន្ធនាគារ​ជា​ញឹកញាប់​ក៏ដោយ ក៏​លោក​នៅតែ​មិន​បោះបង់​ចោល​មាគ៌ា​អហិង្សា​ឆ្ពោះ​ទៅ​រក​សេរីភាព​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ដែរ។

ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ស្រប​ពេល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​ឯក​បក្ស ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង អស់​រយៈពេល ១​ឆ្នាំ។ បន្ទាប់មក នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ដទៃ ឬ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​ឡើយ។

រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទើប​លោក កឹម សុខា ត្រូវ​បាន​ផ្តល់​សិទ្ធិ​សេរីភាព​មួយ​កម្រិត​ទៀត គឺ​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ត្រូវ​ហាមប្រាម​ការ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស​ជាដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយ រហូត​មក​ទល់នឹង​ពេលនេះ លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក កឹម សុខា មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក​ម្ល៉េះ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ សារព័ត៌មាន Southeast Asia Globe បាន​ចុះផ្សាយ​ពី​ការ​លើកឡើង​របស់​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បណ្ឌិត ម៉ាខឺស ស្កាប៊ូ ថា​លោក កឹម សុខា បាន​ដាក់​ខ្លួន​គាត់​ក្នុង​ភ្នក់ភ្លើង​ជាច្រើន​លើក​ច្រើនគ្រា ដោយសារតែ​គាត់​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​អំណាច។

កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​អះអាង​ថា សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​លោកសេរី​មួយ​ចំនួន​ទៀត​នៅតែ​ទទួលស្គាល់​អំពី​គុណ​តម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោលជំហរ​របស់​លោក​ដែល​តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​តែងតែ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា មេ​បក្ស​ប្រឆាំង​លោក កឹម សុខា មិន​អាច​បន្ត​នៅ​ស្ងៀម​បែប​នេះ​រហូត​ទេ ព្រោះ​ថា​ដើម្បី​រក​យុត្តិធម៌​ជូន​គណបក្ស​របស់​ខ្លួន​ដែល​ត្រូវ​គេ​រំលាយ​ទាំង​អយុត្តិធម៌ ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង ៥០០៧​នាក់​ដែល​មិនទាន់​ផុត​អាណត្តិ​នៅ​ពេល​នេះ គឺ​ត្រូវតែ​បន្ត​ការ​តស៊ូ​មតិ​តាមរយៈ​នយោបាយ​ការទូត​ឲ្យ​ខ្លាំងក្លា​បន្ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស