32 C
Phnom Penh

លោក ហ៊ុន សែន សម្រេច​ប្រើ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដែល​ជា​ជំនួយ​របស់​អង់គ្លេស​សម្រាប់​ដូស​ទី​៣ ចាក់​ជូន​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា វ៉ាក់សាំង AstraZeneca ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​ចក្រភព​អង់គ្លេស នឹង​ត្រូវ​ប្រើប្រាស់​ជា​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​ប្រឆាំង​វីរុស Covid-19 ដូស​ទី​៣ ឬ​ដូស​ជំរុញ​សម្រាប់​បង្កើន​ប្រសិទ្ធភាព​ការពារ​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ។

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។

ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង AstraZeneca របស់​ចក្រភព​អង់គ្លេស​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ បាន​ស្នើ​ដល់​ចក្រភព​អង់គ្លេស ឲ្យ​ជួយ​ផ្ដល់​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​បន្ត​ទៀត និង​ជួយ​សម្របសម្រួល​ដល់​កម្ពុជា​ក្នុង​ការ​បញ្ជាទិញ​វ៉ាក់សាំង AstraZeneca នេះ​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​កម្ពុជា​នៅ​ពេល​ខាងមុខ​ផង​ដែរ។

លោក ហ៊ុន សែន អះអាង​ថា ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្ពុជា​បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ​បាន ៧៤,៨៤% ហើយ ដើម្បី​បង្កើត​ភាព​ស៊ាំ​ឲ្យ​បាន​កាន់តែ​ឆាប់។ លើស​ពី​នេះ កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ​ថែម​ទៀត​តាំងពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ មក។

លោក​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ចូលរួម​សហការ​ឲ្យ​បាន​សកម្ម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល និង​ចូលរួម​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ដើម្បី​សុវត្ថិភាព​សុខភាព​ឲ្យ​បាន​ទូទាំង​ប្រទេស។

វ៉ាក់សាំង​ប្រឆាំង​ជំងឺ Covid-19 AstraZeneca ចំនួន ៤១​ម៉ឺន ៥​ពាន់​ដូស​ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​រដ្ឋាភិបាល និង​ប្រជាជន​អង់គ្លេស បាន​ដឹក​ទៅ​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ នេះ ដែល​ជា​ជំនួយ​ទ្វេភាគី​រវាង​កម្ពុជា និង​អង់គ្លេស ដែល​មិន​ឆ្លងកាត់​តាម​មជ្ឈមណ្ឌល​កូវ៉ាក់​នោះ​ទេ។

ឯកអគ្គរាជទូត​ស្តីទី​របស់​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា លោក ម៉ាក ហ៊ែ (Mark Haer) បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ​ដែរ​ថា វ៉ាក់សាំង​ជំនួយ​របស់​អង់គ្លេស​នេះ​នឹង​ជួយ​ដល់​កម្ពុជា ដើម្បី​ចាប់ផ្តើម​សេវាកម្ម​ការពារ​សុខភាព និង​ស្ដារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ឡើងវិញ ជាពិសេស​ជំរុញ​ឲ្យ​កុមារ​មាន​ឱកាស​ចូល​សិក្សា​វិញ​ឲ្យ​បាន​ឆាប់​ក្នុង​ដំណាក់កាល​នេះ។

លោក​អះអាង​ថា ជំនួយ​ជា​វ៉ាក់សាំង​នេះ​នឹង​អាច​ជួយ​ពង្រីក និង​ពន្លឿន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ឲ្យ​បាន​កាន់តែ​លឿន ដើម្បី​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ ខណៈ​ប្រទេស​អង់គ្លេស​ក៏​កំពុង​តែ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ជា​សកល​ប្រឆាំង​នឹង​ជំងឺ Covid-19 នេះ​ផង​ដែរ។

ជុំវិញ​យុទ្ធនាការ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល បាន​អះអាង​កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១ ថា ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ពលរដ្ឋ​បាន​ចំនួន​ជាង ៧​លាន ៧​សែន​នាក់​ហើយ ខណៈ​អ្នក​ដែល​បាន​ចាក់​ដូស​ទី​២​មាន​ចំនួន​ជាង ៥​លាន ១​សែន​នាក់​ផង​ដែរ គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​ទើប​តែ​បាន ៨,២៩% ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ Covid-19 ដល់​កុមារ​ថា កម្ពុជា​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ចំនួន ១៩​លាន​ដូស​ហើយ​ដែល​កំពុង​ដំណើរការ​ចាក់​ជូន​ពលរដ្ឋ​សព្វថ្ងៃ​នេះ។ លោក​ថា វ៉ាក់សាំង​ដែល​នឹង​មក​ដល់​កម្ពុជា​បន្ថែម​ទៀត ទាំង​វ៉ាក់សាំង​ដែល​ជា​ជំនួយ​មនុស្សធម៌ និង​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាទិញ​សរុប​ទាំងអស់​មាន​ចំនួន​ដល់​ទៅ ២៦​លាន ៤​សែន ៩​ម៉ឺន ៩​ពាន់ ១០០​ដូស​ឯណោះ។

គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២១ នេះ បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​បាន​ផ្តល់​វ៉ាក់សាំង​ដែល​ជា​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់ រួម​មាន​ប្រទេស​ចិន ផ្តល់​វ៉ាក់សាំង ៣​លាន ២​សែន​ដូស ប្រទេស​ជប៉ុន ១​លាន​ដូស អាមេរិក ១​លាន​ដូស និង​អង់គ្លេស​ចំនួន ៤១​ម៉ឺន ៥​ពាន់​ដូស។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៥៩១​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦១៨​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៩​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៨​ម៉ឺន​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៧​ម៉ឺន ៣​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៥០០​នាក់​ហើយ​មក​ទល់​នឹង​ពេលនេះ។

ដោយឡែក​អ្នក​ដែល​បាន​ឆ្លង​វីរុស Covid-19 ប្រភេទ​ថ្មី DELTA មាន​ចំនួន​ជាង ១០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១ នេះ ក្នុង​នោះ​រាជធានី-ខេត្ត​ដែល​ពាក់ព័ន្ធ រួម​មាន​ខេត្ត​ឧត្តរមានជ័យ សៀមរាប កំពង់ធំ និង​រាជធានី​ភ្នំពេញ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស