26 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​អាមេរិក​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ប្រទេស ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

ពួកគេ​អះអាង​ថា ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង​មែន នោះ​វា​នឹង​មាន​ឥទ្ធិពល​ក្នុង​ការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្ក្រាប​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស ស្ថាប័ន​ប្រជាធិបតេយ្យ និង​អ្នក​នយោបាយ​ប្រឆាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដោយ​ថ្លែង​អំណរគុណ និង​គាំទ្រ​ដល់​ប្រធាន​អនុគណៈកម្មាធិការ​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងកើត នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Ed Markey មកពី​រដ្ឋ Massachusetts សមាជិក​ព្រឹទ្ធសភា លោក Dick Durbin មកពី​រដ្ឋ Illinois និង​លោក Marco Rubio មកពី​រដ្ឋ Florida ដែល​នឹង​ត្រូវ​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី «លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា» ដើម្បី​ដាក់​ជូន​ព្រឹទ្ធសភា​អាមេរិក​ពិនិត្យ និង​អនុម័ត​បន្ត​ទៀត​ក្នុង​ពេល​ខាងមុខ​នេះ។

លោក ទូច វិបុល អះអាង​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​គឺ​បាន​បញ្ជាក់​ជាថ្មី​ថា សហរដ្ឋ​អាមេរិក​មិន​គ្រាន់តែ​ធ្វើ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រាថ្នា​ចង់​បាន​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាមេរិក​កំពុង​បំពេញ​តួនាទី​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​មាន​កាតព្វកិច្ច​តាម​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ជិតស្និទ្ធ​ថែមទៀត។

ប្រធាន​ចលនា​និស្សិត​រូប​នេះ​បញ្ជាក់​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​បង្ហាញ​នូវ​កាយវិការ​ម៉ឺងម៉ាត់​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​មិន​ដែល​បោះបង់​ពលរដ្ឋ​ខ្មែរ​ឡើយ ហើយ​នេះ​ក៏​ជា​រង្វាន់​ដ៏​ធំ​ដែល​អាមេរិក​ផ្ដល់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​កាលៈទេសៈ​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​ជាតិ​ដ៏​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។

លោក ទូច វិបុល អះអាង​ថា ដើម្បី​ពង្រីក​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដែល​នឹង​នាំ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ​សម្រាប់​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​កែ​សម្រួល​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន​ជា​បន្ទាន់ ដូចជា​ការ​បើក​លំហ​សេរីភាព​នយោបាយ​ឡើងវិញ និង​រក្សា​ជំហរ​អព្យាក្រឹត​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាដើម។

ជាង​នេះ​ទៅ​ទៀត លោក​ជំរុញ​ឱ្យ​មេដឹកនាំ​នៅ​កម្ពុជា ងាក​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​រហូត​មក។

កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ នេះ សមាជិក​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ លោក Steve Chabot និង​លោក Alan Lowenthal ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​អនុម័ត​ដោយ​សំឡេង​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ដែល​មាន​ចំណងជើង​ថា «លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា» លេខ H.R. ៤៦៨៦ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

ច្បាប់​នេះ ក៏​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​អនុម័ត​បន្ត​ផង​ដែរ មុន​នឹង​បញ្ជូន​ទៅ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា​ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ។

ចាប់តាំង​ពី​លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើលឃើញ​ថា លោក​បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់​ដែល​តែងតែ​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជាដើម។

ប្រធាន​អនុគណៈកម្មាធិការ​ការបរទេស​សហរដ្ឋ​អាមេរិក លោក Ed Markey បាន​អះអាង​ថា ជុំវិញ​សេចក្តី​ស្នើ​ច្បាប់​នេះ ពលរដ្ឋ​ខ្មែរ​ត្រូវតែ​ទទួល​បាន​នូវ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នោះ​គឺ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា មិនមែន​ជា​របប​ដឹកនាំ​ឯក​បក្ស​គាបសង្កត់​នោះ​ទេ។

ចំណែក​សមាជិក​ព្រឹទ្ធសភា​លោក Marco Rubio មកពី​រដ្ឋ Florida ដែល​ជា​សហស្ថាបនិក​នៃ​សេចក្តី​ស្នើ​ច្បាប់​នេះ បាន​រិះគន់​ថា ក្រោម​រដ្ឋ​អំណាច​លោក ហ៊ុន សែន គឺ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមក​នេះ។

លោក​ប្ដេជ្ញា​ថា នឹង​ឱ្យ​លោក ហ៊ុន សែន ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យខាងតែ​បាន។

Cambodia Democracy Act ឬ​ហៅ​កាត់​ថា H.R. ៤៦៨៦ គឺជា​ច្បាប់​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា ដែល​បាន​បន្ត​មក​ពី​រដ្ឋសភា​អាណត្តិ​មុនៗ​ដែល​បាន​អនុម័ត​ក្នុង​អាណត្តិ​ទី​១១៥ និង​ទី​១១៦។

ដោយឡែក​ក្នុង​អាណត្តិ​រដ្ឋសភា​ថ្មី​ទី​១១៧ របស់​រដ្ឋការ​លោក ចូ បៃដិន នេះ ក៏​កំពុង​ដំណើរការ​ពិភាក្សា​លើ​ច្បាប់​នេះ​ផង​ដែរ ដើម្បី​យក​ទៅ​អនុវត្ត​លើ​រដ្ឋ​អំណាច​មេដឹកនាំ​ខ្មែរ​ដែល​កំពុង​រំលោភ​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា​បច្ចុប្បន្ន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស