32 C
Phnom Penh

ឥណ្ឌា​បង្ហាញ​អនុភាព​នាវា​ផ្ទុក​យន្តហោះ​និង​នាវា​ចម្បាំង​របស់​ខ្លួន​ប្រជែង​ជាមួយ​ចិន

បទវិភាគ

ប្រទេស​មហាយក្ស​ទី​ពីរ​នៅ​អាស៊ី គឺ​ប្រទេស​ឥណ្ឌា។ ប្រទេស​ដ៏​ធំ​នេះ​កំពុងតែ​បង្ហាញ​អនុភាព​កងទ័ព​របស់​ខ្លួន​តាមរយៈ​ការ​បង្ហាញ​នាវា​ចម្បាំង និង​នាវា​ផ្ទុក​យន្តហោះ​ក្នុង​ការ​ប្រជែង​នឹង​ប្រទេស​ចិន នៅ​មហាសមុទ្រ​ឥណ្ឌា សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។

កាលពី​ថ្ងៃ​ពុធ ទី​៤ សីហា នៅ​លើ​សមុទ្រ​ឥណ្ឌា ប្រទេស​ធំ​នេះ​បាន​បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​វិស្វករ​ឥណ្ឌា​ខ្លួន​គេ​ផ្ទាល់​ជា​លើកដំបូង គឺ​នាវា INS Vikrant។ នាវា​នោះ​ត្រូវ​បាន​ឥណ្ឌា​ចាត់​ចូល​ថា​ជា​នាវា​មាន​សមត្ថភាព​ដ៏​ខ្លាំង​ក្នុង​វិស័យ​យោធា​របស់​ខ្លួន។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ឥណ្ឌា​ក៏​បាន​បញ្ជូន​ក្រុម​នាវា​ចម្បាំង​របស់​ខ្លួន​មួយ​ក្រុម​ទៅ​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ដទៃ​ទៀត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​នៅ​ទីនោះ ក្រុង​ប៉េកាំង​បាន​រក្សា​វត្តមាន​កង​នាវា​ចម្បាំង និង​នាវា​ផ្ទុក​យន្តហោះ​របស់​ខ្លួន​ជា​យូរ​មក​ហើយ។

ការ​បង្ហាញ​អនុភាព​ផ្នែក​យោធា​ជា​ប្រវត្តិសាស្ត្រ​លើ​ផ្ទៃ​សមុទ្រ​នេះ គឺជា​ការ​បង្ហាញ​អំពី​កម្លាំង​យោធា​ដ៏​រឹងមាំ​របស់​ឥណ្ឌា​ក្នុង​ការ​ដើរ​តួនាទី​ធំ​ជាង​មុន ដើម្បី​រក្សា​សន្តិភាព​តំបន់។ ជាង​នេះ​ទៅទៀត គឺ​ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​សម្ពន្ធមិត្ត ស្រប​ពេល​ដែល​ប្រទេស​នានា​ក្នុង​តំបន់​មាន​ការ​មិន​ទុកចិត្ត​លើ​ទង្វើ​របស់​ចិន។

នាវា​ផ្ទុក​យន្តហោះ​របស់​ឥណ្ឌា​នេះ បាន​បង្ហាញ​ខ្លួន​ក្នុង​រយៈពេល​ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៧១។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Times of India។

នាវា​នេះ​ស្ថាបនា​នៅ​កំពង់ផែ​កូឈីន ក្នុង​តម្លៃ​ប្រហែល ៣២០០​លាន​ដុល្លារ ជាមួយ​នឹង​ក្រុមហ៊ុន​មួយ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ឱ្យ​ស្ថាបនា​នាវា​ចម្បាំង​របស់​ឥណ្ឌា​តាំងពី​ឆ្នាំ​២០០៣។ នាវា​ផ្ទុក​យន្តហោះ​នេះ នឹង​បើក​ប្រតិបត្តិ​ជាមួយ​នឹង​យន្តហោះ​ចម្បាំង Mig-29k ឧទ្ធម្ភាគចក្រ Kamov-31 រួម​នឹង​ក្រុម​បុគ្គលិក​នាវិក​ជាង ១៧០០​នាក់។

បច្ចុប្បន្ន ឥណ្ឌា​មាន​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​រួច​ទៅ​ហើយ គឺ INS VIKRAM-ADITYA ដែល​ដំឡើង​បន្ត​ពី​រុស្ស៊ី ក្នុង​តម្លៃ ២​ពាន់ ៣៣​លាន​ដុល្លារ ដោយ​បាន​ស្ថាបនា​ហើយ​កាលពី​ឆ្នាំ​២០១៣។

នាវា​ចម្បាំង និង​នាវា​មុជទឹក​ជាច្រើន​ទៀត ត្រូវ​បាន​ឥណ្ឌា​ខិតខំ​ស្ថាបនា ហើយ​នៅ​ពេល​នេះ​កំពុងតែ​លើក​គម្រោង​ស្ថាបនា​នាវា​ផ្ទុក​យន្តហោះ​ទី​បី ដែល​មាន​ឈ្មោះ​ថា INS Vishal។ នេះ​បើ​យោង​តាម​ឧត្ដមនាវីឯក Karabir Singh។ លោក​បន្ត​ថា នេះ​ជា​ការ​រត់ប្រណាំង​យ៉ាង​ពិតប្រាកដ​លើ​វិស័យ​ការពារ​សន្តិសុខ​របស់​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ធំ​ទី​ពីរ​នៅ​អាស៊ី បើ​ធៀប​នឹង​ប្រទេស​ចិន។

ចំពោះ​ប្រទេស​ចិន ក៏​មាន​នាវា​ផ្ទុក​យន្តហោះ​ធំៗ​ចំនួន ២​គ្រឿង​ផង​ដែរ គឺ​នាវា Liaoning និង Shandong ហើយ​ចិន ក៏​កំពុង​ខិតខំ​ដំឡើង​ចំនួន​ពីរ​ទៀត និង​មាន​ផែនការ​ឱ្យ​មាន​ដល់​ទៅ ១០​គ្រឿង។ នាវា​ផ្ទុក​យន្តហោះ​របស់​ចិន ចំនួន ២​គ្រឿង​នេះ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។

ទន្ទឹម​នឹង​នេះ​ដែរ កងទ័ព​ជើងទឹក​ឥណ្ឌា​ក៏​បាន​បញ្ជូន​នាវា​ចំនួន ៤​គ្រឿង​ទៅ​កាន់​អាស៊ី​អាគ្នេយ៍ សមុទ្រ​ចិន​ខាងត្បូង និង​ប៉ាស៊ីហ្វិក​ខាងលិច សម្រាប់​ការ​ធ្វើ​សមយុទ្ធ​រយៈពេល​ពីរ​ខែ​ជាមួយ​ប្រទេស​សម្ពន្ធមិត្ត ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី វៀតណាម ហ្វីលីពីន និង​ឥណ្ឌូនេស៊ី។

កង​នាវា​ចម្បាំង​ឥណ្ឌា បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា នាវា​ចំនួន ៤​គ្រឿង រួម​នឹង​នាវា​ពិឃាត​ផ្ទុក​មីស៊ីល និង​នាវា​វាយលុក នឹង​ត្រូវ​ដាក់​ពង្រាយ​ក្នុង​រយៈពេល ២​ខែ​ទៀត​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង និង​ប៉ាស៊ីហ្វិក​ខាងលិច។

ការ​ដាក់​ពង្រាយ​កង​នាវា​ទ័ព​ជើងទឹក​ទាំងនេះ គឺ​ឥណ្ឌា​ស្វែងរក​ដៃគូ​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ដោយ​សន្តិវិធី និង​មិត្តភាព ដើម្បី​ធានា​ស្ថិរភាព​លំហសមុទ្រ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយ​ជា​ទីលាន​កម្ដៅ​សាច់ដុំ​កងទ័ព​រវាង​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ក្នុង​ការ​ប្រឆាំង​ការ​វាតទី​របស់​ចិន។

កាល​ពី​ខែ​មុន ឥណ្ឌា​បាន​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​ជាមួយ​បារាំង នៅ​មហាសមុទ្រ​ឥណ្ឌា និង​សមយុទ្ធ​ជាមួយ​ជប៉ុន អាមេរិក និង​អូស្ត្រាលី និង​ចុងក្រោយ​ជាមួយ​កងទ័ព​ជើងទឹក​អង់គ្លេស។ ឥឡូវ​នេះ ក្រុម​នាវា​ផ្ទុក​យន្តហោះ HMS របស់​អង់គ្លេស កំពុង​ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង។

ឥណ្ឌា ជា​រឿយៗ​ជា​ប្រពៃណី​ហើយ​ដែល​ប្រឆាំង​ចិន តែ​អារម្មណ៍​នេះ​កាន់តែ​កញ្ជ្រោល​ឡើង​បន្ទាប់ពី​មាន​ជម្លោះ​ព្រំដែន​នៅ​ឡាដាក នៃ​ជួរភ្នំ​ហិមាល័យ ជាមួយ​នឹង​កងទ័ព​ចិន​ដែល​សម្លាប់​កងទ័ព​ឥណ្ឌា ២០​នាក់​កាលពី​ខែ​មិថុនា ឆ្នាំ​ទៅ​មិញ។

ឥណ្ឌា​ក៏​កាន់តែ​ខិត​រក​អាមេរិក និង​សម្ពន្ធមិត្ត​ដើម្បី​ប្រឆាំង​ចិន ខណៈ​អាមេរិក ជប៉ុន អូស្ត្រាលី បាន​បង្កើត​ក្រុម​សន្តិសុខ​រួម​មួយ​ដែល​ជា​កម្លាំង​យោធា​មួយ​នៅ​ក្នុង​តំបន់។ ចំណែក​ឥណ្ឌា​ក៏​បាន​ចូល​ជា​សមាជិក​ក្រុម​នេះ​ដែរ។ ក្រុម​ប្រទេស​ទាំង​៤ នេះ ដែល​គេ​ហៅថា​ចតុភាគី ឬ Quad បាន​ចូលរួម​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ម៉ាឡាបា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ សមយុទ្ធ​នេះ​ធ្វើឡើង​នៅ​មហាសមុទ្រ​ឥណ្ឌា គឺជា​សមយុទ្ធ​ចតុភាគី​លើកដំបូង​តាំងពី​ឆ្នាំ​២០០៧ មក។

កាលពី​ខែ​មីនា មេដឹកនាំ​បួន​ប្រទេស​នេះ​ក៏​បាន​ប្រជុំ​គ្នា​លើកដំបូង។ មេដឹកនាំ​ទាំង​៤​ប្រទេស​នេះ បាន​សន្យា​ថា​ត្រូវ​រួម​កម្លាំង​គ្នា សហការ​គ្នា ដើម្បី​សមុទ្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជា​ផ្លូវ​នាវាចរណ៍​អន្តរជាតិ បើក​ចំហ និង​សេរី ដោយ​ប្រឆាំង​ដាច់ខាត​ប្រទេស​ណាមួយ​បំពាន​កាន់កាប់​ដែនទឹក​អន្តរជាតិ។

តែ​បែប​នេះ​ក្ដី ចិន​បាន​រិះគន់​ក្រុម​នេះ​ថា​ជា​អ្នក​កកូរកកាយ​ស្ថិរភាព​តំបន់។ ក្រុង​ប៉េកាំង​ប្រកាស​ថា ខ្លួន​គេ​មិន​ចុះញ៉ម​កម្លាំង​សម្ព័ន្ធ​នេះ​ទេ ព្រោះ​ថា​ចិន​ក៏​មាន​កាតព្វកិច្ច​ការពារ​លំហ​សមុទ្រ​ក្នុង​តំបន់​នេះ​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស