គណៈកម្មាធិការចាក់វ៉ាក់សាំងរបស់កម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដូសជំរុញ ឬដូសទី៣ ដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ។
អនុគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង Covid-19 បានចេញសេចក្តីប្រកាសព័ត៌មានកំណត់ទីតាំង និងកាលបរិច្ឆេទសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនយោធិន និងក្រុមគ្រួសារ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តទៅ ដែលតម្រូវឲ្យបណ្តាស្ថាប័នទាំងអស់ត្រូវសហការគ្នាឲ្យបានល្អក្នុងយុទ្ធនាការនេះ។
ប្រភពដែលអះអាងថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ នឹងចាក់នៅទីតាំងចំនួន៥ ដូចជា៖
- ចាក់នៅមន្ទីរពេទ្យព្រះកេតុមាលា
- នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ
- នៅសាលាបឋមសិក្សានាគវ័ន្ត
- នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោសែន
- និងចាក់នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងសំណល់សង្គ្រាម។
អនុគណៈកម្មាធិការនេះបញ្ជាក់ថា យោធិនទាំងនោះត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណខេមរភូមិន្ទ (ខភម) និងប័ណ្ណចាក់វ៉ាក់សាំងរួចដូសទី២ ខណៈក្រុមគ្រួសាររបស់ពួកគេត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរនៅថ្ងៃដែលពួកគេត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញនោះ។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងអាស្ត្រាសេណេកា (AstraZeneca) ដែលជាដូសទី៣ ឬដូសជំរុញ ដែលនឹងបើកយុទ្ធនាការចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ តទៅ ដោយបានប្រកាសចាប់ផ្តើមជំហានដំបូងទៅដល់ក្រុមគ្រូពេទ្យជួរមុខចំនួន ៧ខេត្ត ដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកោះកុង ជាដើម។
ជុំវិញយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសជាផ្លូវការក្នុងពិធីទទួលវ៉ាក់សាំងអាស្ត្រាសេណេកា ដែលជាជំនួយមនុស្សធម៌របស់ប្រទេសអង់គ្លេស កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ខែសីហា ថា ការជំរុញឲ្យមានការចាក់ដូសទី៣ ឬដូសជំរុញ គឺជាភស្តុតាងជាក់ស្តែងមួយដែលបង្ហាញថា វ៉ាក់សាំងទាំងពីរដូសដែលពលរដ្ឋខ្មែរបានទទួលកន្លងមក គឺរដ្ឋាភិបាលទទួលស្គាល់ថាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឆ្លងវីរុស Covid-19 នោះទេ។
លោកអំពាវនាវឲ្យក្រសួងសុខាភិបាល យកចិត្តទុកដាក់ស្រាវជ្រាវឲ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការសម្រេចដាក់ចេញយុទ្ធនាការចាក់ដូសជំរុញនេះអំពីប្រសិទ្ធភាព និងផលប៉ះពាល់របស់វា ដើម្បីកុំឲ្យពលរដ្ឋមានមន្ទិលសង្ស័យ និងការមិនទុកចិត្ត ខណៈអង្គការសុខភាពពិភពលោកហាក់នៅមិនទាន់ប្រកាសឲ្យប្រើប្រាស់ដូសទី៣ នេះនៅឡើយ។
ទាក់ទិននឹងយុទ្ធនាការវ៉ាក់សាំងប្រឆាំងវីរុស Covid-19 នេះ ក្រសួងសុខាភិបាលបានអះអាងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ថា ខ្លួនបានបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជូនពលរដ្ឋបានចំនួនជាង ៨លាន ១សែននាក់ហើយ រីឯអ្នកដែលបានចាក់ដូសទី២ មានចំនួនជាង ៥លាន ៧សែននាក់ ខណៈកុមារចាក់បានជាង ១៤% (១៤,១៩ភាគរយ) ផងដែរ ដោយឡែកអ្នកដែលចាក់ដូសជំរុញ ឬដូសទី៣ មានចំនួនជាង ១ម៉ឺន ២ពាន់នាក់ហើយនៅពេលនេះ។
ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាលកម្ពុជាបានអះអាងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៥០៨នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៦៦០នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ២៣នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៨ម៉ឺន ២ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៧ម៉ឺន ៦ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជិត ១៦០០នាក់ហើយ។
ដោយឡែកអ្នកដែលបានឆ្លងវីរុស Covid-19 ប្រភេទថ្មី DELTA មានចំនួន ៣៨៥នាក់ហើយ ដោយគិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះ ក្នុងនោះរាជធានី-ខេត្តដែលពាក់ព័ន្ធរួមមាន ព្រះវិហារ សៀមរាប និងខេត្តកណ្តាល ជាដើម៕