ពលរដ្ឋរស់នៅស្រុកស្រែអំបិល ខេត្តកោះកុង អះអាងថា បទល្មើសកាប់រានដីព្រៃជាសម្បត្តិរបស់រដ្ឋបានកើតមានឡើងរាល់ថ្ងៃពីក្រុមអ្នកមានទ្រព្យ និងមានអំណាចមួយចំនួន កំពុងកើតមានយ៉ាងអនាធិបតេយ្យនៅមូលដ្ឋានឃុំដងពែង ស្រុកស្រែអំបិល ដោយមិនមានអាជ្ញាធរ ឬមន្ត្រីពីស្ថាប័នពាក់ព័ន្ធណាមួយចុះពិនិត្យ ឬបង្ក្រាបនោះឡើយ។
ពួកគេអះអាងថា បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិឯកជនយ៉ាងអនាធិបតេយ្យនេះ បានកើតមានជាង ២ខែកន្លងមកហើយនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នៃស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពដដែលបន្តថា យ៉ាងហោចណាស់មានដីព្រៃរបស់រដ្ឋជិត ១០០ហិកតារកំពុងរងនូវការកាប់ទន្ទ្រានដោយខុសច្បាប់ពីក្រុមអ្នកមានលុយ និងមានអំណាចមួយចំនួនរស់នៅស្រុកស្រែអំបិល និងរស់នៅរាជធានីភ្នំពេញ។ ពលរដ្ឋបន្តថា បទល្មើសនេះគេឃើញបុគ្គលមួយចំនួនបានប្រើប្រាស់មធ្យោបាយកាប់បំផ្លាញដីព្រៃរបស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិ ក្រោមរូបភាពជួលមនុស្សឲ្យទៅចូលកាប់ផ្តួលរំលំដើមឈើ រួចបានជួលគ្រឿងចក្រឲ្យទៅជីកកាយកំណត់ព្រំដីសម្រាប់សម្គាល់ម្ចាស់ដីនីមួយៗ ប៉ុន្តែបែរជាមិនឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធណាមួយចុះហាមឃាត់ឡើយ។
ប្រភពពីប្រជាពលរដ្ឋដដែលបន្តថា បច្ចុប្បន្ននេះគេឃើញឈ្មោះ សៀង ឈី បាននាំយកគ្រឿងចក្រទៅឈូសកាយដីព្រៃរបស់រដ្ឋមានទីតាំងនៅចំណុចវាលពួច ស្ថិតក្នុងភូមិត្រពាំង ឃុំដងពែង ស្រុកស្រែអំបិល ប៉ុន្តែមិនឃើញអាជ្ញាធរចុះទៅហាមឃាត់ទេ។
ទាក់ទិននឹងបញ្ហានេះ លោក សៀង ឈី ម្ចាស់គ្រឿងចក្រត្រូវបានសារព័ត៌មានក្នុងស្រុកឈ្មោះ “កម្ពុជាថ្ងៃនេះ” ដកស្រង់សម្ដីមកចុះផ្សាយថា ដីព្រៃដែលរូបលោកនាំយកគ្រឿងចក្រទៅឈូសឆាយខាងលើនេះ គឺត្រូវបានម្ចាស់ដីជួលឲ្យទៅកាយហ៊ុមព័ទ្ធ ដើម្បីកំណត់ព្រំដីរបស់ម្ចាស់ដីនីមួយៗសរុបមានចំនួន ៨៧ហិកតារ។ ប្រភពដដែលអះអាងថា ដីទាំងនេះមួយផ្នែកជាកម្មសិទ្ធិរបស់លោក ម៉ា ទី អតីតអធិការស្រុកស្រែអំបិល និងភរិយារបស់លោក។ រីឯដីមួយផ្នែកទៀត គឺម្ចាស់មានលំនៅឋាននៅក្នុងរាជធានីភ្នំពេញ ដែលពួកគេបានជួលកម្មករឲ្យចូលទៅកាប់ទន្ទ្រានធ្វើកម្មសិទ្ធិឯកជន។

កន្លងមក លោក សុខ សទ្ធី អភិបាលរងខេត្តកោះកុង ទទួលបន្ទុកវិវាទដីធ្លី ធ្លាប់ព្រមានថា អ្នកដែលបំពានដីព្រៃរបស់រដ្ឋ នឹងត្រូវឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ទោះអ្នកនោះមានមុខនាទីជាអ្វីក៏ដោយ។
ចំណែកពលរដ្ឋរស់នៅស្រុកស្រែអំបិល បានសំណូមពរដល់អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីចុះពិនិត្យចំពោះសកម្មភាពកាប់បំផ្លាញដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិឯកជន ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅមូលដ្ឋានឃុំដងពែង ឲ្យបានឆាប់ ត្បិតបទល្មើសទន្ទ្រានដីព្រៃរដ្ឋខាងលើនេះ បានកើតឡើងជាង ២ខែកន្លងមកហើយ ប៉ុន្តែមិនឃើញមានអាជ្ញាធរ ឬមន្ត្រីពីមន្ទីរស្ថាប័នជំនាញណាមួយចុះមកពិនិត្យ ឬមានវិធានការទប់ស្កាត់នៅឡើយទេ។
ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក ម៉ា ទី ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់លើករណីជួលមនុស្សឲ្យទៅកាប់បំផ្លាញព្រៃឈើរានយកដីធ្វើកម្មសិទ្ធិខុសច្បាប់បាននៅឡើយទេ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១៕