ពលរដ្ឋរស់នៅខេត្តកោះកុង អះអាងថា មានក្រុមមនុស្សប្រដាប់ដោយឧបករណ៍កាប់ព្រៃ បាននាំគ្នាចូលទៅកាប់ផ្តួលរំលំដើមស្មាច់ និងដើមកោងកាងយ៉ាងអនាធិបតេយ្យ ស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ អស់ជាច្រើនហិកតារ និងនៅតំបន់ព្រែកតាព្រហ្ម ស្ថិតក្នុងភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ផងដែរ ហើយករណីនេះមិនទាន់ឃើញមានអាជ្ញាធរណាមួយចុះធ្វើការហាមឃាត់នោះឡើយ។
ប្រភពដដែលបន្តថា ដីព្រៃធម្មជាតិរបស់រដ្ឋដែលត្រូវគេចូលទៅកាប់បំផ្លាញ និងយកគ្រឿងចក្រឈូសកាយដើម្បីកំណត់ព្រំដីសម្គាល់ម្ចាស់នីមួយៗរាល់ថ្ងៃនេះ គឺអាចមានទំហំផ្ទៃដីប្រមាណជិត ៦០ហិកតារ។
សកម្មភាពកាប់ទន្ទ្រានដីព្រៃនេះ ក៏មានមន្ត្រីខិលខូច និងឈ្មួញមានទ្រព្យមួយចំនួន បានជួលមនុស្សមកពីតំបន់ផ្សេងៗឲ្យចូលទៅកាប់ផ្តួលរំលំដើមឈើទាំងនោះ ហើយលួចដាក់គ្រឿងចក្រដើម្បីកាយកំណត់ព្រំដីធ្វើកម្មសិទ្ធិឯកជនដោយខុសច្បាប់ស្ងាត់ៗ។
មន្ត្រីរដ្ឋបាលស្រុកបុទុមសាគរ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រោយទទួលបានព័ត៌មានពីសកម្មភាពកាប់បំផ្លាញព្រៃស្មាច់ និងព្រៃកោងកាងនៅមូលដ្ឋានខាងលើនេះ មន្ត្រីជំនាញត្រៀមចុះទៅហាមឃាត់ និងកំណត់និយាមកាដើម្បីបញ្ជាក់ពីទីតាំងដីព្រៃរបស់រដ្ឋដែលរងការកាប់បំផ្លាញនេះរួចហើយ។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋបានសំណូមពរដល់អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីជំនាញឲ្យចុះទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃស្មាច់ និងដើមកោងកាងដែលជនល្មើសកំពុងកាប់ទន្រ្ទាននេះឲ្យបានឆាប់ផង។
ប្រភពដដែលអះអាងថា មានមន្ត្រីមួយចំនួនក៏មានឈ្មោះជាប់ពាក់ព័ន្ធនឹងសកម្មភាពជួលមនុស្សឲ្យទៅកាប់រានដីព្រៃស្មាច់ និងដើមកោងកាងក្នុងតំបន់ឧទ្យានជាតិបុទុមសាគរនេះថែមទៀតផង។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងអ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញបទល្មើសកាប់បំផ្លាញដីព្រៃរបស់រដ្ឋស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរខាងលើនេះបាននៅឡើយទេ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕