អ្នកឃ្លាំមើលសង្គម លើកឡើងថា ពលរដ្ឋអាចធ្វើអ្វីៗបានទាំងអស់ លើកលែងតែមានការហាមឃាត់ពីច្បាប់ ប៉ុន្តែប្រសិនបើច្បាប់ដែលបានហាមឃាត់នោះផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនោះ គឺមិនមែនជាច្បាប់ទេ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១២ ខែសីហា ថា កម្ពុជាបានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស និងការគោរពច្បាប់ ដូច្នេះប្រសិនបើមានការបកស្រាយពន្លាតវិសាលភាពរបស់ច្បាប់ និងយកច្បាប់ទាំងនោះមកចោទប្រកាន់ដើម្បីដាក់ទោសទណ្ឌលើពលរដ្ឋខ្មែរដែលបានប្រើប្រាស់សិទ្ធិរបស់គេក្នុងរង្វង់ច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ នោះគឺជាការបង្កនូវភាពអយុត្តិធម៌ពីសំណាក់អ្នកបកស្រាយច្បាប់នោះតែប៉ុណ្ណោះ។
លោកអះអាងថា ការរំលោភបំពានរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីទៅបង្ក្រាប ចាប់ចង និងដាក់ទោសទណ្ឌលើអ្នកប្រើប្រាស់សិទ្ធិសេរីភាពរបស់គេក្នុងរង្វង់ព្រំដែនដែលកំណត់ដោយរដ្ឋធម្មនុញ្ញនោះ គឺមិនមែនជាការអនុវត្តច្បាប់ដើម្បីធានានូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋឲ្យបានត្រឹមត្រូវនោះឡើយ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការរឹតត្បិតចំពោះការប្រើប្រាស់សិទ្ធិសេរីភាព គឺដើម្បីកុំឲ្យមានការរំលោភបំពានលើសិទ្ធិសេរីភាពអ្នកដទៃ ការពារទំនៀមទម្លាប់ល្អរបស់សង្គម រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីធានាសន្តិសុខជាតិ ជាដើម ប៉ុន្តែមិនមែនប្រើច្បាប់ដើម្បីការពារផលប្រយោជន៍របស់ក្រុមណា ឬបុគ្គលណាម្នាក់នោះឡើយ។
ការអះអាងរបស់អ្នកវិភាគរូបនេះ ធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរដូចជាសកម្មជនសិទ្ធិមនុស្ស ជាដើម កំពុងរងការរឹតត្បិតសេរីភាពយ៉ាងធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលខ្មែរសព្វថ្ងៃនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរក្រោមបង្គាប់របស់លោក ចាប់ខ្លួនឃុំសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជននយោបាយ និងសកម្មជនបរិស្ថាន ជាដើម ដែលករណីទាំងនោះត្រូវគេមើលឃើញថាជាការប្រព្រឹត្តផ្ទុយនឹងខ្លឹមសាររដ្ឋធម្មនុញ្ញ និងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទាំងស្រុង។
បុរសខ្លាំងនៅកម្ពុជា និងជាអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ កាលពីចុងខែតុលា ឆ្នាំ២០២០ ធ្លាប់គំរាមថា លោកនៅតែបន្តចាប់ខ្លួនអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ដោយសារពួកគេកំពុងបំផ្លាញសន្តិភាពដែលលោកបានកសាងឡើងដោយលំបាកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ។
លោក ហ៊ុន សែន សារភាពថា ការចាប់ខ្លួនសកម្មជនទាំងនោះ គឺត្រូវបានធ្វើឡើងក្រោមការបញ្ជារបស់លោកទាំងអស់ ដូច្នេះបើពួកគេហ៊ានចេញមក១ នឹងត្រូវបង្ក្រាប១ ចេញមក២ នឹងត្រូវបង្ក្រាប២ ដោយគ្មានការលើកលែងនោះទេ ត្បិតសកម្មភាពរបស់អ្នកទាំងនោះកំពុងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលរបស់លោក។
ទិន្នន័យសង្គមស៊ីវិលកាលពីចុងឆ្នាំ២០២០ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានប្រើយុទ្ធសាស្ត្រផ្សេងៗដូចជា យុទ្ធសាស្ត្រដាក់បណ្តឹងផ្លូវច្បាប់ ជាដើម ដើម្បីបំបាក់ស្មារតី និងបំបិទការតវ៉ាចំពោះអ្នកដែលរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ខណៈបណ្តឹងដែលប្តឹងដោយរដ្ឋាភិបាលកម្ពុជា មានរហូតដល់ទៅ ១៣២ករណីឯណោះ ក្នុងនោះគ្រាន់តែសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានប្រមាណជិត ៣០នាក់ហើយដែលត្រូវអាជ្ញាធរកម្ពុជាចាប់ខ្លួន។
កាលពីចុងឆ្នាំ២០២០ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី Mary Lawlor បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួនអ្នកតស៊ូមតិដើម្បីយុត្តិធម៌សង្គម ក្រុមអ្នកការពារសិទ្ធិមនុស្ស និងពួកអ្នកការពារបរិស្ថានពីសំណាក់រដ្ឋាភិបាលកម្ពុជា។
ចំណែកអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរិះគន់នូវសកម្មភាពទាំងឡាយដូចជា ការបង្ក្រាប ការចាប់ខ្លួន ការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងទៅដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស និងការបង្កើតឧប្បត្តិហេតុផ្សេងៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាជាការប្រព្រឹត្តផ្ទុយទាំងស្រុងទៅនឹងខ្លឹមសាររដ្ឋធម្មនុញ្ញ និងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលខ្លួនបានផ្តល់សច្ចាប័នកន្លងមក។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំជាដើម៕