28.4 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​បក្ស​ថ្មី​ថា​គ្រាន់តែ​ជា​ឈ្មួញ​នយោបាយ​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​រិះគន់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​ចេញ​ទៅ​បង្កើត​បក្ស​ថ្មីៗ​ថា ជា​ឈ្មួញ​នយោបាយ ឬ​ជា​ថៅកែ​គួកជេ​បង្កើត​បក្ស​នយោបាយ ខណៈ​មន្ត្រី​ទាំងនោះ​ប្រកាស​រក​ការ​រួបរួម​ដើម្បី​រក​សំឡេង​ឆ្នោត​ប្រជែង​យក​ឈ្នះ​គណបក្ស​កាន់​អំណាច។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​បែកខ្ញែក​គ្នា​ព្រោងព្រាត​ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ​ដូច​សព្វថ្ងៃ ទោះបី​នាំគ្នា​អុជ​ធូប​បួងសួង​ដល់​ព្រះឥន្ទ ឬ​ព្រះព្រហ្ម ក៏​នៅតែ​ចាញ់​បក្ស​កាន់​អំណាច​ដដែល។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា តើ​ការ​ប្រកាស​រួបរួម​នេះ​នឹង​ប្រើ​រូបមន្ត​បែប​ណា ហើយ​ក្នុង​បំណង​អ្វី? ជាង​នេះ​ទៀត តើ​ការប្រកាស​នេះ គ្រាន់តែ​ឱ្យ​ឮ​សូរ​សំឡេង​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្ដីបន្ទោស​ទេ ឬ​យ៉ាងណា?

លោក​បន្ត​ថា បើ​ពួកគេ​ពិតជា​មាន​ឆន្ទៈ​រួបរួម​មែន ម្ល៉េះ​បក្ស​តូចៗ​ទាំងនេះ​មិន​បង្កើត​ឡើង​ព្រោងព្រាត​បែប​នេះ​ទេ ឬ​ក៏​ការប្រកាស​រួបរួម​នេះ​គ្រាន់តែ​ជា​វិធី​របស់​យក្ស​ប្រែកាឡា ដើរ​តួ​ជា​ទេវតា​ដើម្បី​រក​សំឡេង​ឆ្នោត ឬ​យ៉ាងណា?

លោក​បញ្ជាក់​ថា បើ​តាំងចិត្ត​ចូល​កំដរ​ការបោះឆ្នោត​ហើយ​នោះ សូម​កុំ​នឹក​រក​លេស​ដាក់​កំហុស​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ថា​ពួកគេ​មិន​បាន​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​ឯករាជ្យ​ឲ្យ​សោះ ហើយ​ក៏​កុំ​ចោទ​បក្ស​កាន់​អំណាច​ថា​ជា​អ្នក​លួចបន្លំ​សន្លឹកឆ្នោត ឬ​ទិញ​សន្លឹកឆ្នោត​នៅ​ពេល​ដែល​ខ្លួន​ចាញ់​ការបោះឆ្នោត​ខាងមុខ​ដែរ។

នៅ​ដើម​ខែ​សីហា ឆ្នាំ​២០២១ នេះ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​នាំគ្នា​ទៅ​បើក​បក្ស​ថ្មីៗ ដូចជា​លោក អ៊ូ ចន្ទរ័ត្ន មន្ត្រី​គណបក្ស​កែទម្រង់​កម្ពុជា និង​លោក គង់ មុនីកា មន្ត្រី​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​បង្ហោះ​សារ​ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ប្រកួត​រក​សំឡេង​គាំទ្រ​ជាមួយ​បក្ស​កាន់​អំណាច ខណៈ​មន្ត្រី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ក៏​បាន​ប្រកាស​ពី​ការ​រួបរួម​ផង​ដែរ។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ជុំវិញ​ការប្រកាស​រួបរួម​នេះ ដោយ​រិះគន់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា ចំៗ​ថា លោក អ៊ូ ចន្ទរ័ត្ន គ្រាន់តែ​ជា​មនុស្ស​អួតអាង​ប៉ុណ្ណោះ តែ​ពុំ​មាន​សមត្ថភាព​ពិត​នោះ​ទេ កុំ​ថា​ឡើយ​ទៅ​ប្រកួត​ជាមួយ​បក្ស​កាន់​អំណាច សូម្បីតែ​ប្រមូល​ការ​គាំទ្រ​ពី​ពលរដ្ឋ​យក​ស្នាម​មេដៃ​បំពេញ​ផ្លូវច្បាប់​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ក៏​នៅ​មិនទាន់​រក​បាន​គ្រប់​ចំនួន​នៅឡើយ​ដែរ​នៅ​ពេលនេះ។

លោក​រិះគន់​ថា ការ​បង្កើត​បក្ស​នយោបាយ​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ គឺ​ធ្វើឡើង​ដោយ​ក្បត់​ពី​ទំនុក​ចិត្ត​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​ឃើញ​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​យក​ឈ្នះ​បក្ស​កាន់​អំណាច ដូច្នេះ​បក្ស​ដែល​បង្កើត​ឡើង​ថ្មីៗ​ទាំងនោះ​នឹង​មិន​អាច​ទទួល​បាន​ការ​គាំទ្រ ឬ​ការចូលរួម​ពី​ពលរដ្ឋ​ដែល​ចង់​បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ឡើយ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ជុំវិញ​ការប្រកាស​រួបរួម​នេះ​ថា លោក​ចង់​ឲ្យ​មាន​ការ​រួបរួម​ជាមួយ​គណបក្ស​ទាំងអស់​ដែល​មាន​ឆន្ទៈ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ ខាងមុខ ព្រោះ​ថា​បើ​នៅតែ​បែក​គ្នា​ជា​បំណែក​តូចៗ​បែប​នេះ នោះ​នឹង​មិន​មាន​កម្លាំង​យក​ឈ្នះ​បក្ស​កាន់​អំណាច​បានទេ។

លោក អ៊ូ ចន្ទរ័ត្ន បញ្ជាក់​ថា លោក​នឹង​ពិនិត្យ​លើ​លក្ខខណ្ឌ​នៃ​ការ​រួបរួម​នេះ​បន្ថែម​ទៀត ដើម្បី​រក​ចំណុច​រួម​មួយ​ក្នុង​ការ​ប្រមូល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត ត​ទល់​នឹង​បក្ស​កាន់​អំណាច។

តែយ៉ាងណាក៏ដោយ លោក​បញ្ជាក់​ថា គណបក្ស​លោក​មិនទាន់​បាន​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ពេញលេញ​នៅឡើយ​ទេ ដូច្នេះ​ដំណើរការ​រួបរួម​នេះ​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​គណបក្ស​កែទម្រង់​កម្ពុជា បំពេញ​ផ្លូវច្បាប់​គ្រប់គ្រាន់។

គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២១ នេះ បក្ស​នយោបាយ​ដែល​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន ៦​គណបក្ស​ហើយ ក្នុង​នោះ​រួម​មាន៖

  • គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ
  • គណបក្ស​ខ្មែរ​អភិរក្ស
  • គណបក្ស​ឆន្ទៈ​ខ្មែរ
  • គណបក្ស​កែទម្រង់​កម្ពុជា
  • គណបក្ស​បេះដូង​ជាតិ
  • និង​គណបក្ស​កម្ពុជា​និយម។

កាលពី​ចុង​ឆ្នាំ​២០២០ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​មាន​គណបក្ស​នយោបាយ​ជាង ៤០​គណបក្ស​ហើយ​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មួយ​ចំនួន កំពុងតែ​ស្វះស្វែង​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​បក្ស​នយោបាយ​ជាបន្តបន្ទាប់​ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស