ក្រុម​បាតុករ​ថៃ តវ៉ា​ឱ្យ​លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញ​ពី​តំណែង។

ព័ត៌មានអន្តរជាតិ

តើ​តួនាទី​សភា​ក្រុម​បក្ស​ប្រឆាំង​ថៃ នៅ​ឯណា​ដើម្បី​ជួយ​បាតុករ​ទម្លាក់​លោក ប្រាយុទ្ធ ចាន់អូចារ ពី​តំណែង?

By ឌឹ ខេមបូឌា ដេលី

August 13, 2021

នៅ​ពេលនេះ ទីក្រុង​បាងកក កំពុង​រអិល​ធ្លាក់​ទៅ​រក​អស្ថិរភាព​ធ្ងន់ធ្ងរ​ទៅៗ​ចាប់​តាំង​ពី​ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាន​ពើត​ប្រយុទ្ធ​គ្នា​ជាមួយ​នឹង​ប៉ូលិស​បង្ក្រាប​កុបកម្ម តាំងពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​នេះ ហើយ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ សីហា នេះ ក៏​នៅតែ​មាន​ការ​ប៉ះទង្គិច​គ្នា​នៅឡើយ។

ក្រុម​បាតុករ​លើក​នេះ​មាន​ទាំង​យុវជន និង​មនុស្ស​ចាស់ ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ប៉ុន្មាន​ថ្ងៃ​ជាប់គ្នា​នេះ​មាន​ផែនការ​តែ​មួយ​គត់ គឺ​ទម្លាក់​លោក ប្រាយុទ្ធ ចាន់អូចារ ពី​តំណែង​នាយករដ្ឋមន្ត្រី។ ក្រុម​បាតុករ​ចាត់ទុក​លោក បា្រយុទ្ធ ជា​នាយករដ្ឋមន្ត្រី​អសមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​ពលរដ្ឋ​ថៃ ស្លាប់​រាប់​រយ​នាក់​សឹង​រាល់​ថ្ងៃ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប៉ូលិស​ថៃ បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ក្នុង​រយៈពេល​សឹង​មួយ​សប្ដាហ៍​មក​ហើយ។ បន្ទាប់ពី​ក្រុម​បាតុករ​រាប់​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ជិត​គេហដ្ឋាន​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​ចំពោះ​ការចាត់ចែង​ទៅលើ​វិបត្តិ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​មិន​មាន​ប្រសិទ្ធភាព ហើយ​ពេល​នោះ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ម្ដងទៀត។

ក្រុម​បាតុករ​រាប់​រយ​នាក់​បាន​គប់​ថ្នាំលាប​ទៅលើ​ប៉ូលិស​ប្រឆាំង​កុបកម្ម​ដែល​បាន​តតាំង​ជាមួយ​ពួកគេ នៅ​ពេល​ដែល​ពួកគេ​បាន​ព្យាយាម​ដើរ​ទៅកាន់​ផ្ទះ​លោក ប្រាយុទ្ធ ហើយ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​គ្រាប់​កាំភ្លើង​ជ័រ​ដើម្បី​បំបែក​បាតុករ។ ក្រុម​អាជ្ញាធរ​ថៃ បាន​ប្រើប្រាស់​របង​លួសបន្លា និង​ធុង​ធំៗ​ដើម្បី​បិទ​ផ្លូវ។

ប៉ូលិស​លើក​ឡើង​ថា នេះ​ជា​វិធានការ​សាធារណៈ​ដ៏​សំខាន់​មួយ។ ក្រុម​បាតុករ​បាន​បង្ហាញ​កំហឹង​ជា​ខ្លាំង​ទៅកាន់​លោក ប្រាយុទ្ធ ខណៈ​អត្រា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ និង​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​កើន​ឡើង​យ៉ាង​សន្ធឹកសន្ធាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​បាន​កើន​ដល់​ប្រមាណ​ជិត ៨​សែន​នាក់ និង​មាន​មនុស្ស​ស្លាប់ ៦៧០០​នាក់។

ក្រុម​យុវជន​ថៃ បាន​ស្វះស្វែង​ទម្លាក់​លោក ប្រាយុទ្ធ ដែល​ជា​អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ឱ្យ​ចេញពី​អំណាច​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​បាន​ចោទ​នាយករដ្ឋមន្ត្រី​រូប​នេះ​ថា​បាន​ប្រើ​ប្រព័ន្ធ​នយោបាយ​យោធា​និយម ក្នុង​ការ​រឹត​បន្តឹង​សេរីភាព​របស់​ប្រជាជន​ថៃ ដែល​ខុស​នឹង​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​និយម។

ប៉ូលិស​ក្រុង​បាងកក បាន​អះអាង​ថា ក្នុង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប៉ុន្មាន​ថ្ងៃ​ជាប់គ្នា​មក​នេះ ប៉ូលិស​យ៉ាង​តិច​ជិត ២០​នាក់​បាន​រង​របួស​ដោយសារ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​បាតុករ ហើយ​ទីស្នាក់ការ​ប៉ូលិស​ចរាចរណ៍​ចំនួន​ពីរ​ត្រូវ​បាន​ដុត​បំផ្លាញ និង​មនុស្ស​ជាង ៦០​នាក់​ត្រូវ​បាន​ចាប់ខ្លួន។

នៅ​ឆ្នាំ​២០២០ បាតុករ​រាប់​ពាន់​នាក់​សុទ្ធសឹងតែ​ជា​យុវជន បាន​ធ្វើ​បាតុកម្ម​ដោយ​ដាក់​លក្ខខណ្ឌ​ចំនួន​៣ ទៅលើ​រដ្ឋសភា គឺ៖

ការ​ទាមទារ​នេះ ត្រូវ​បាន​រដ្ឋសភា​ថៃ ប្រជុំ​ម្ដង​ជា​ពីរ​ដង​រួច​ទៅ​ហើយ ប៉ុន្តែ​ពុំ​អាច​ធ្វើ​តាម​ការ​ចង់​បាន​របស់​បាតុករ​នោះ​ទេ ហើយ​ពេល​នោះ​ក្រុម​សមាជិក​សភា​បក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​រួមគ្នា ៦​គណបក្ស ហៅថា​ក្រុម​រណសិរ្ស​ប្រជាធិបតេយ្យ ក៏​បាន​សន្យា​សើរើ​រឿង​នេះ​នៅ​ឆ្នាំ​២០២១ នេះ។ តែ​រដ្ឋសភា​ពុំ​អាច​កោះ​ប្រជុំ​ផ្ទាល់​បាន​ឡើយ ព្រោះតែ​ភ័យ​ខ្លាច​ការ​ឆ្លង​ជំងឺ​កូវីដ។

យ៉ាងណា បាតុកម្ម​របស់​យុវជន​ថៃ​នៅ​ពេលនេះ បាន​ទុក​ចោល​ពីរ​ចំណុច​នេះ ដោយ​សម្រុក​វាយប្រហារ​លើ​លោក បា្រយុទ្ធ តែ​រឿង​អសមត្ថភាព​ក្នុង​ការ​ប្រឆាំង​ជំងឺ​កូវីដ ដែល​បាតុករ​ថា​មិន​មាន​ប្រសិទ្ធភាព។

តាម​សេចក្ដី​រាយការណ៍​ពី​ទីក្រុង​បាងកក សមាជិក​សភា​ក្រុម​ប្រឆាំង​ដែល​មាន ៦​គណបក្ស នឹង​រក​មធ្យោបាយ​ជួប​ប្រជុំ​គ្នា​ដើម្បី​លើក​យុទ្ធសាស្ត្រ​ថ្មី​ម្ដង​ទៀត ទាមទារ​ឱ្យ​រដ្ឋសភា​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​ពី​លោក ប្រាយុទ្ធ ម្ដងទៀត។

កាលពី​ចុងខែ​មេសា ឆ្នាំ​២០២១ ក្រុម​សមាជិក​សភា ៦​គណបក្ស​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ដោយ​ទាមទារ​ឱ្យ​លោក បា្រយុទ្ធ ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ។ ក្រុម​សភា​នៃ​ក្រុម​រណសិរ្ស​ប្រជាធិបតេយ្យ​នេះ បាន​ចោទ​លោក ប្រាយុទ្ធ ថា​ដឹកនាំ​រដ្ឋាភិបាល​ដោយ​អសមត្ថភាព​ជា​ខ្លាំង ហើយ​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៃ​គណបក្ស​ភឿថៃ លោក Sompong Amornvivat បាន​ទាមទារ​ដោយ​ផ្ទាល់​មាត់​ថា លោក ប្រាយុទ្ធ ត្រូវ​ធ្វើ​ជា​អ្នក​នយោបាយ​ក្លាហាន ដោយ​ហ៊ាន​ទទួល​កំហុស ហើយ​ត្រូវ​ប្រញាប់​ចុះចេញ​ពី​តំណែង។

ក្នុង​ស្ថានភាព​តានតឹង​នេះ ក្រុម​សមាជិក​សភា​បក្ស​ប្រឆាំង ត្រូវ​បាន​ជំរុញ​ឱ្យ​ធ្វើ​សកម្មភាព​ឡើងវិញ ដោយ​ត្រូវ​រក​ដំណោះស្រាយ​ណា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដកហូត​អំណាច​ពី​លោក ប្រាយុទ្ធ ដូចជា​ការ​ដាក់​ញត្តិ​ម្ដង​ទៀត​ទៅ​ប្រធាន​រដ្ឋសភា ឱ្យ​បោះឆ្នោត​លើ​សេចក្ដី​ទុកចិត្ត​ជា​ថ្មី​ចំពោះ​គណៈរដ្ឋមន្ត្រី​របស់​លោក ប្រាយុទ្ធ និង​រូប​លោក ប្រាយុទ្ធ ផ្ទាល់​ដែល​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត និង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ដោយ​ស្នើ​ដកហូត​លោក ប្រាយទ្ធ តែម្ដង។

អ្នកវិភាគ Jade Donavanik ដែល​ជា​អតីត​ទីប្រឹក្សា​ច្បាប់​រដ្ឋធម្មនុញ្ញ យល់ថា បើ​លោក ប្រាយុទ្ធ យល់ព្រម​ចុះចេញ​ពី​តំណែង ឬ​ត្រូវ​បាន​ដកហូត​ពី​តំណែង គឺ​អាច​បេក្ខជន ២​រូប​ដែល​ស័ក្ដិសម​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ គឺ​ឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul និង​អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ លោក Abhisit Vejjajiva។ តែ​លោក​ថា សមាជិក​ព្រឹទ្ធសភា ២៥០​រូប​នៅតែ​ចូលរួម​បោះឆ្នោត​ជាមួយ​សមាជិក​សភា​ជាប់​ឆ្នោត ៥០០​រូប ដើម្បី​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ថ្មី។ លោក​ថា នេះ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧។

តែ​បែប​ណា លោក ប្រាយុទ្ធ បដិសេធ​ថា លោក​មិន​ចុះចេញ​ពី​តំណែង​ដាច់ខាត ព្រោះ​លោក​គ្មាន​កំហុស។ លោក​សន្យា​ថា​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​រហូត​បោះឆ្នោត​សភា​អាណត្ត​ក្រោយ​ទៀត​នៅ​ឆ្នាំ​២០២៣៕