សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) ថ្កោលទោសចំពោះសកម្មភាពរបស់អាជ្ញាធរខណ្ឌមានជ័យ ដែលបានដកហូតប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន លុបរូបភាព និងវីដេអូដែលអ្នកសារព័ត៌មានបានចុះថតយកព័ត៌មានក្នុងហេតុការណ៍វិវាទដីធ្លីមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ខេមបូចា (CamboJA) បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ ខែសីហា ថា កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌមានជ័យ បានដកហូតប័ណ្ណសម្គាល់ខ្លួនរបស់អ្នកសារព័ត៌មានខេមបូចា (CamboJA) ម្នាក់ឈ្មោះ អាន វិចិត្រ ដោយបានបង្ខំឱ្យគាត់ និងអ្នកសារព័ត៌មានកំពុងហ្វឹកហ្វឺននៅវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) លោក លាស់ លីបលីប លុបរូបថត និងវីដេអូអំពីការតវ៉ារបស់ក្រុមពលរដ្ឋក្នុងពេលកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌ ចុះរុះរើផ្ទះរបស់ពលរដ្ឋក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្ដីថ្លែងការណ៍បន្តថា លោក អាន វិចិត្រ អ្នកសារព័ត៌មានរបស់ CamboJA ដែលនៅស្ថិតក្នុងហេតុការណ៍នោះឲ្យដឹងថា ក្រៅពីការដកហូតយកប័ណ្ណសម្គាល់ខ្លួន និងលុបរូបភាពដែលគាត់ថតបានរួច សមត្ថកិច្ចថែមទាំងបានគំរាមរូបលោកថា «ប្រសិនបើលោកមិនព្រមលុបរូបចោលទាំងអស់នៅចំពោះមុខសមត្ថកិច្ចទេ លោកនឹងត្រូវប្រឈមនឹងការឃាត់ខ្លួន»។
ចំណែកឯអ្នកសារព័ត៌មានម្នាក់ទៀតដែលជាអ្នកកំពុងហាត់ការនៅវិទ្យុសំឡេងសហរដ្ឋអាមេរិក លោក លាស់ លីបលីប បានប្រាប់ខេមបូចា ដែរថា រូបលោកក៏ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ដកហូតទូរស័ព្ទដៃយកទៅលុបរូបថត និងវីដេអូដែលថតអំពីសកម្មភាពឈូសឆាយរបងផ្ទះរបស់ពលរដ្ឋពីសំណាក់អាជ្ញាធរផងដែរ។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បានហៅការដកប័ណ្ណអ្នកសារព័ត៌មានថាជាការគំរាមកំហែង និងជាការរារាំងពួកគាត់ក្នុងការបំពេញភារកិច្ចជាអ្នកយកព័ត៌មាន។ សកម្មភាពនេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរទៅដល់សេរីភាពសារព័ត៌មាន និងសិទ្ធិរបស់អ្នកសារព័ត៌មាន ហើយក៏ជាការរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋដែលមានសិទ្ធិទទួលបានព័ត៌មានផងដែរ។
លោក ណុប វី ក៏បានអំពាវនាវដល់អាជ្ញាធរបញ្ឈប់សកម្មភាពរារាំង ការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែងទៅលើអ្នកសារព័ត៌មានជាបន្ទាន់ ផ្ដល់ការសហការគ្នាក្នុងការអនុវត្តសេរីភាពរបស់អ្នកសារព័ត៌មាន ដើម្បីបង្ហាញទៅដល់សាធារណជនថា រដ្ឋាភិបាលមានការយកចិត្តទុកដាក់ ហើយនិងគោរពទៅដល់សិទ្ធិប្រជាពលរដ្ឋ ជាពិសេសសិទ្ធិទទួលបានព័ត៌មាន៕