សកម្មជនបក្សប្រឆាំងអះអាងថា វាជារឿងគួរឲ្យអាម៉ាស់បំផុតដែលមេដឹកនាំនយោបាយជាន់ខ្ពស់ភាគីលោក សម រង្ស៊ី មិនមានភាពស្មោះត្រង់ក្នុងការបង្ហាញការពិតថា ខ្លួនពិតជាអ្នកនៅពីក្រោយនៃការបង្កើតគណបក្សបេះដូងជាតិ មែន ឬមិនមែន? បើដូច្នេះ តើពួកគេអាចធ្វើជាមេដឹកនាំនយោបាយសុចរិតសម្រាប់ពលរដ្ឋខ្មែរបន្តទៀតបានដោយរបៀបណា?
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែសីហា ថា មន្ត្រីមូលដ្ឋាន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ស្ទើរតែគ្រប់គ្នាទៅហើយដែលអះអាងជាចំហថា គណបក្សបេះដូងជាតិ គឺបង្កើតឡើងដោយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ។
លោកអះអាងថា បើមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងទាំងនោះពិតជាមិនមានចំណែកនៃការបង្កើតគណបក្សបេះដូងជាតិ មែន ពួកគេត្រូវតែមានភាពក្លាហានបដិសេធឲ្យចំឈ្មោះថា គណបក្សបេះដូងជាតិ មិនមានការជួយជ្រោមជ្រែង ឬបង្កើតឡើងដោយមន្ត្រីបក្សប្រឆាំងណាម្នាក់នោះទេ។
លោកបន្តថា ធ្វើបែបនេះទើបសមជាអ្នកដឹកនាំថ្លៃថ្នូរដែលអាចដឹកនាំពលរដ្ឋទៅរកសង្គមស្អាតស្អំបាន។
លោក ហ៊ុន កុសល បញ្ជាក់ដោយចោទជាសំណួរថា បើសូម្បីតែរឿងដែលខ្លួនឯងបានធ្វើដ៏តូចមួយមិនហ៊ានទទួលខុសត្រូវ ឬសារភាពប្រាប់ពលរដ្ឋដោយស្មោះត្រង់ផង តើនឹងអាចដឹកនាំកម្លាំងប្រឆាំងទៅតទល់នឹងគណបក្សកាន់អំណាចដូចម្តេចនឹងកើតទៅ? ដូច្នេះដើម្បីជម្រះមន្ទិលអ្នកគាំទ្រ និងពលរដ្ឋខ្មែរ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ត្រូវតែសារភាពឲ្យច្បាស់លាស់ មិនមែនគ្រាន់តែចេញលិខិតដើម្បីបន្លំភ្នែកដូចពេលនេះទេ។

គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បានចេញលិខិតមួយដោយបដិសេធទាំងស្រុងនូវពាក្យចចាមអារ៉ាមកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខ្លះបានពាក់ព័ន្ធនឹងគណបក្សនយោបាយថ្មីខ្លះនាពេលកន្លងមក។ ការចេញលិខិតបដិសេធនេះ ធ្វើឡើងបន្ទាប់ពីប្រធានសាខាគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក (CNRP-A) លោក ឡោ ឡៃសូ បានចេញលិខិតជូនដំណឹងដល់ប្រធានសាខាប្រចាំសហរដ្ឋអាមេរិកទាំងអស់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ថា អគ្គលេខាធិការ CNRP-A លោក ជា គឹមលី កំពុងធ្វើសកម្មភាពបំបែកបំបាក់កម្លាំងសង្គ្រោះជាតិ ឲ្យទៅគាំទ្របក្សថ្មីដែលទើបបានបង្កើតដោយលោក អេង ឆៃអ៊ាង។
ជុំវិញបញ្ហានេះ អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក អ៊ាប គឹមសេង បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ថា លិខិតបដិសេធរបស់មន្ត្រីទាំងនោះមិនមែនបង្ហាញខ្លឹមសារបដិសេធថាមិនពាក់ព័ន្ធគណបក្សថ្មីៗទេ ប៉ុន្តែជាការសារភាពថា ពួកគេនៅពីក្រោយការបង្កើតបក្សថ្មីទៅវិញ ជាពិសេសគណបក្សបេះដូងជាតិតែម្តង។
លោកលើកឡើងថា បើចង់ឲ្យមហាជនអស់ចម្ងល់ថាពួកគេមិនបានក្បត់គណបក្សសង្គ្រោះជាតិ ដោយលួចទៅបង្កើតគណបក្សបេះដូងជាតិ នោះ មន្ត្រីទាំងនោះគ្រាន់តែសរសេរឲ្យចំៗ និងងាយយល់ថា លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្សសង្គ្រោះជាតិ មិនពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មីៗ រួមទាំងគណបក្សបេះដូងជាតិឡើយ។ លោកថា ការសរសេរបែបនេះទើបអាចបញ្ជាក់ពីខ្លឹមសារច្បាស់លាស់ពីការមិនជាប់ពាក់ព័ន្ធរបស់ពួកគេចំពោះគណបក្សថ្មីទាំងនោះ។
កាលពីចុងឆ្នាំ២០២០ លោក សម រង្ស៊ី ធ្លាប់បានអះអាងថា មន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាការចាញ់បោក និងលក់ខ្លួនឲ្យលោក ហ៊ុន សែន តែប៉ុណ្ណោះ។ យ៉ាងនេះក្តី នៅពេលនេះត្រូវគេមើលឃើញថា លោក សម រង្ស៊ី កំពុងតែនៅពីក្រោយគណបក្សនយោបាយថ្មីមួយក្រៅពីគណបក្សសង្គ្រោះជាតិទៅវិញ៕